2018-10-29 · 8,056 views
ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
និយមន័យ ជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម គឺជាការបង្ករោគតាមផ្លូវប្រព័ន្ធទឹកនោម រួមមានតម្រងនោម បំពង់បង្ហូរនោម ប្លោកនោម បង្ហួរនោម និងក្រពេញប្រូស្តាត(បុរស) ដែលភាគច្រើនកើតក្នុងប្លោកនោមជាសរីរាង្គផ្ទុកទឹកនោម។ វាជាប្រភេទជំងឺឆ្លងកើតច្រើនជាងគេ ជួរទី២ នៃជំងឺឆ្លងផ្សេងទៀត ហើយស្ត្រីមានច្រើនជាងបុរស១០ដងដោយសារតែទម្រង់កាយវិភាគវិទ្យា(Anatomy)។ ដោយឡែក ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ អាចមានហានិភ័យទ្វេដងក្នុងការឆ្លងមេរោគតាមផ្លូវប្រព័ន្ធទឹកនោមនេះ។
មូលហេតុ និងកត្តាប្រឈម • កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនបានគ្រប់គ្រងត្រឹមត្រូវល្អ • ស្ករនៅក្នុងទឹកនោមជួយជំរុញការលូតលាស់របស់បាក់តេរី • ប្លោកនោមមិនបានបញ្ចេញទឹកនោមចោល ទាំងស្រុងដោយសារប្រព័ន្ធសរសៃប្រសាទ ត្រូវបានប៉ះពាល់ • ភាគច្រើនជាស្ត្រី ព្រោះបង្ហួរនោមមានលក្ខណៈកាយវិភាគវិទ្យាត្រង់ និងខ្លីដែលជាកត្តាបង្កើនការចម្លងមេរោគ ឬបាក់តេរី • មានជំងឺទឹកនោមផ្អែមលើសពី១០ឆ្នាំ • មានផលវិបាកជំងឺទឹកនោមផ្អែមរួចជាស្រេចដែលប៉ះពាល់តម្រងនោម ឬសរសៃឈាម • អ្នកជំងឺធ្លាប់មានការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមក្នុងឆ្នាំមុន ហើយវាក៏មានហានិភ័យខ្ពស់នៃការកើតឡើងម្តងទៀត។
តើពេលណាលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត? ដើម្បីចៀសវាងការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានរោគសញ្ញាមួយ ឬច្រើនកើតឡើងដូចខាងក្រោម៖ • ក្ដៅខ្លួន ឬញាក់ • នោមញឹកញាប់ • នោមរអាក់រអួល • នោមមានអាការៈក្រហាយ ឬឈឺ • ទឹកនោមមានកករ ពណ៌ស្រអាប់ ឬមានឈាម • ទឹកនោមមានក្លិនមិនល្អ • ឈឺពោះនៅពេលនោម ជាពិសេសនៅលើថ្ងាស (ផ្នែកខាងក្រោមនៃពោះ) ឬឈឺចង្កេះ។
ការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតនឹងធ្វើការស្នើសុំធ្វើតេស្តទឹកនោមរបស់លោកអ្នកដើម្បីស្វែងរកមេរោគប្រភេទបាក់តេរី។ តេស្តផ្សេងទៀតអាចប្រើផងដែរដូចជា អេកូពោះ MRI និង ស៊ីធីស្កែន (CT scan) ជាពិសេសប្រសិនបើលោកអ្នកនៅតែមានការរលាកផ្លូវប្រព័ន្ធទឹកនោម។
ការព្យាបាល ប្រសិនបើតេស្តទឹកនោមមានសញ្ញាឆ្លងប្រភេទបាក់តេរី នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិច ដែលជាធម្មតាសម្រាប់ញ៉ាំពី ៥ ទៅ ៧ ថ្ងៃ (ប៉ុន្តែវាអាចប្រើរយៈពេលវែង បើជំងឺឆ្លងនេះមានសភាពធ្ងន់ធ្ងរ)។ ជាមួយគ្នានេះ ប្រភេទថ្នាំដែលជួយបន្ថយភាពឈឺចាប់ និងក្រហាយត្រូវបានគេប្រើប្រាស់ផងដែរ។ វិធីការពារ • ព្យាយាមគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អនៅក្នុងកម្រិតគោលដៅ • រក្សាអនាម័យផ្ទាល់ខ្លួនដោយលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ • លាង ឬជូតសម្អាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោបង់ • កុំដំអក់យូរ បើឈឺនោម • ផឹកទឹកឲ្យបានគ្រប់គ្រាន់ • បត់ជើងតូចបនា្ទប់ពីមានការរួមភេទដើម្បីបញ្ចេញចោលមេរោគ • បញ្ឈប់ការជក់បារី។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃ មន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ