CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-02-18 · 5,028 views

ល្មមចូលសារមន្ទីរហើយ!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ហួសពីថ្ងៃ១៤កុម្ភៈនេះ បើមើលទៅនៅតែរកពន្លឺអីមិនឃើញទៀត  (អត់មានអ្នកសារភាពឬក៏គេបដិសេដអីហ្នឹង)   គ្នាយើងខ្លះគួរតែទៅលេងសារមន្ទីរម្តងហើយ ទៅរកកន្លែងសមរម្យទុកឲ្យហើយនោះអី!    និយាយលេងទេ… តែក៏ដូចមែនដែរ  ព្រោះថាអ្នកខ្លះនៅភ្នំពេញយូរហើយ  តែមិនដឹងសារមន្ទីរជាតិបែរមុខទៅខាងណាផង។

ឥឡូវ ចុងសប្តាហ៍ហ្នឹង ទំនេរៗកុំយកពេលគិតច្រើននាំតែសៅហ្មងចិត្ត  ទៅទស្សនាសារមន្ទីរជាតិកម្ពុជាម្តងទៅ  យ៉ាងហោចណាស់អ្នកនឹងអាចចាស់ចិត្ត ចាស់គំនិតខ្លះ ហើយក៏អាចមានអារម្មណ៍ប្លែកៗដែលមិនធ្លាប់មានផងដែរ។  ជឿចុះវាមិនត្រឹមផ្តល់ចំណេះដឹងដល់អ្នកហើយអ្នកក៏នឹងមិនធុញទ្រាន់ឡើយ  ដោយសារអ្វីៗនៅទីនោះ ក៏ដូចជាសកម្មភាពជាច្រើនទៀត អាចនឹងធ្វើឲ្យអ្នកពេញចិត្តនឹងចំណាយពេលពេញមួយថ្ងៃនៅទីនោះតែម្តង។   ស្រួលមិនស្រួលអាចនឹងជួបអ្នក single អាជីពដូចគ្នានៅទីនោះផងមិនដឹង…

•ទីតាំង៖ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំព្រះបរមរាជវាំងដែលមានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ១៧៨ ខាងត្បូងជាប់ទៅនឹងផ្លូវ ១៨៤ និងខាងកើតជាប់នឹងផ្លូវ ១៣ •កាលវិភាគបើកបិទ៖ មានបើកឲ្យចូលទស្សនាពីម៉ោង ៨ព្រឹកដល់ម៉ោង  ៥ល្ងាចជារៀងរាល់ថ្ងៃរួមទាំងចុងសប្តាហ៍ផងដែរ •លក្ខខណ្ឌក្នុងការចូលទស្សនា ៖ សម្រាប់ភ្ញៀវខ្មែរ ត្រូវចំណាយត្រឹមតែ៥០០រៀលប៉ុណ្ណោះ និងមិនមានបង់ថ្លៃចំពោះកូនក្មេង និងសិស្សសាលា ខណៈពេលភ្ញៀវបរទេសត្រូវចំណាយ   ៥ដុល្លាក្នុងម្នាក់។ •មានសេវាកម្មមគ្គទេសក៍ផ្ទាល់ខ្លួន ឬជាក្រុមផងដែរ។

ហេតុអ្វីបានជាយើងគួរតែទៅទស្សនាសារមន្ទីរជាតិ? ជាមួយនឹងអាយុកាលជិតមួយសតវត្ស(សាងសង់ឡើងនៅកំឡុងឆ្នាំ១៩១៧ដល់១៩២៤)   និងរចនាបថដ៏បុរាណ ព្រមទាំងជាកន្លែងដ៏សំខាន់ជាងគេក្នុងការតម្កល់នូវវត្ថុមានតម្លៃ   និងវត្ថុប្រវត្តិសាស្ត្រជាច្រើន សារមន្ទីរជាតិអាចចាត់ទុកជាកន្លែងដ៏ទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍សម្រាប់ទេសចរ។

ម្យ៉ាងទៀត ការពិតទៅ វប្បធម៌នៃការចូលទស្សនាសារមន្ទីរ ពិតជាពេញនិយមខ្លាំងណាស់នៅបរទេស ហើយយើងក៏បានឃើញដែរថា មានជនបរទេសជាច្រើនបានចូលទស្សនាសារមន្ទីរជាតិរបស់ខ្មែរ អញ្ចឹងហេតុអ្វីបានជាវាមិនមែនជាអ្វីដែលយើងគួរធ្វើ បើសិនជាវាផ្តល់នូវការយល់ដឹង  ក៏ដូចជាជួយលើកស្ទួយវប្បធម៌ជាតិ និងជាការបង្ហាញអំពីមោទនភាពមួយរបស់យើងផងនោះ?

ដោយឡែក  សម្រាប់អ្នកចូលចិត្តទៅទស្សនាសារមន្ទីរទើបដឹងថាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអាចទទួលបានដូចជា ការទទួលបានផ្នត់គំនិតថ្មីៗ ច្នៃពីស្នាដៃចាស់ ជាពិសេសបើអ្នកជាមនុស្សមានគំនិតបែបសិល្បៈ  និងការពង្រីកចំណេះដឹងទូទៅឲ្យបានទូលំទូលាយ ក៏ដូចជាយល់ពីវប្បធម៌នៃការរស់នៅរបស់មនុស្សនាសម័យមុន  តាមរយៈឯកសារជាច្រើនដែលតម្កល់ទុកនៅទីនោះ ព្រមទាំងការទទួលបានឱកាសក្នុងការចូលរួមក្នុងសកម្មភាព និងកម្មវិធីផ្សេងៗដូចជាការតាំងពិព័រណ៍ជាដើម   (ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកអាចចូលគេហទំព័ររបស់សារមន្ទីរផ្ទាល់)។

ក្រៅពីនោះ អ្នកអាចស្គាល់មនុស្សថ្មីៗដែលមានផ្នត់គំនិតចាស់ទុំ ចូលចិត្តស្វែងយល់ និងឲ្យតម្លៃស្នាដៃដូនតា ក៏ដូចជាអាចអនុវត្តចំណេះដឹងទូទៅ    ព្រមទាំងភាសាទំនាក់ទំនងរបស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរផងដែរ។

មិនខ្វះអី្វធ្វើទេនៅសារមន្ទីរ ប៉ុន្តែដែលសំខាន់ៗមិនគួររំលងនោះគឺ… •ដើរមើលវត្ថុបុរាណដើម្បីទទួលបានចំណេះដឹង​ និងកុំភ្លេចកត់ទុក ក៏ដូចជាសួរនាំបន្ថែមនូវព័ត៌មានសំខាន់ៗ (កុំឲ្យថាមកវិញដៃទទេ) •រួចសម្រាកនៅមាត់ស្រះស្រូបខ្យល់បរិសុទ្ធបន្តិចសិន ឬក៏និយាយលេងជាមួយមិត្តភក្តិ •ពេលថ្ងៃត្រង់ និងរសៀល អាចចូលអង្គុយផឹកភេសជ្ជៈ និងញ៉ាំអាហារសិននៅហាងកាហ្វេក្នុងបរិវេណសារមន្ទីរ •ល្ងាចត្រជាក់បន្តិច អ្នកគួរថតរូបលេងនៅតាមបរិវេណជុំវិញកុំឲ្យខកខានឲ្យសោះ ព្រោះទេសភាពនៅសារមន្ទីរជាតិពិតជាអស្ចារ្យ (ប្រយ័ត្នត្រង់បរិវេណហាមមិនឲ្យថតរូប) ជាពិសេសនៅពេលថ្ងៃរាបលិច ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យជាមួយនឹងអគារពណ៌ឈាមជ្រូករបស់សារមន្ទីរពិតជាផ្តល់ឲ្យអ្នកនូវរូបភាពដ៏ល្អឥតខ្ចោះ  ហើយធានាថាអ៊ែម! •អាចចូលមើល   ឬជាវវត្ថុអនុស្សាវរីយ៍ដូចជាចម្លាក់  ផសកាត  ឬសៀវភៅជាដើមដែលមានលក់នៅបរិវេណសារមន្ទីរជាតិ •ពេលល្ងាចចេញមកវិញ   មានអារម្មណ៍ថាអស់កម្លាំងបន្តិច តែអ្នកអាចឆ្លៀតដើរកម្សាន្តនៅជិតៗនោះ ដូចជាតាមមាត់ទន្លេ ឬបរមរាជវាំង ស្រូបខ្យល់បរិសុទ្ធ រកអីញ៉ាំ និងលំហែកាយតែម្តង។

គន្លឹះខ្លះៗសម្រាប់អ្នកចូលទស្សនាសារមន្ទីរកុំឲ្យឆ្គង •អានការណែនាំ និងបម្រាមមុនចូល •មើលស្លាកសញ្ញាណែនាំ (ដូចជាការហាមថតរូប) និងផែនទីនៅក្នុងសារមន្ទីរជាតិ(យ៉ាងហោចណាស់ដឹងថាបន្ទប់ទឹកនៅត្រង់ណាដែរ) •អ្នកគួរមានអាកប្បកិរិយាសមរម្យ កុំច្រងេងច្រងាង និងឡូឡា ចៀសវាងធ្វើឲ្យខូចខាតវត្ថុដាក់តាំង ឬប៉ះពាល់ដល់អ្នកទស្សនាដទៃ •បើអ្នកចង់ខ្ចីឯកសារសម្រាប់ធ្វើការស្រាវជ្រាវ ឬចង់បានរូបភាពសម្រាប់ចងក្រង អាចអីុម៉ែលទៅកាន់សារមន្ទីរដើម្បីស្នើយកពាក្យបំពេញ ឬទាក់ទងបុគ្គលិកនៅទីនោះផ្ទាល់ •អ្នកក៏អាចចូលរួមបរិច្ចាគតាមលទ្ធភាព  ដែលថវិកានេះនឹងត្រូវប្រើសម្រាប់ដំណើរការសារមន្ទីរ ការបង្កើតជាកម្មវិធីផ្សេងៗដើម្បីរក្សាទុក និងការពារវត្ថុបុរាណ។

និយាយរួម អ្នកគួរតែទៅសារមន្ទីរជាតិឲ្យបានយ៉ាងហោចម្តងទើបសមជាកុលបុត្រកុលធីតាខ្មែ។ ម្យ៉ាង បានដើរលេងហើយ បានស្វែងយល់ទៀត គឺពិតជាល្អណាស់ ដូចនេះបើមានពេលគួរឆ្លៀតទៅផងណា៎…