2019-01-14 · 4,875 views
ពីថូនឺរ ដែលអ្នកត្រូវដឹង
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ថូនឺរ (Toner) ជាសារធាតុរាវផ្សំពីធាតុសកម្មជាក់លាក់ រួមជាមួយនឹងសមាសធាតុចម្រាញ់ពីធម្មជាតិ និងប្រភេទប្រេងចាំបាច់សម្រាប់សម្របសម្រួលមុខងារស្បែកមុខ។ ជាក់ស្តែងវាអាចជួយសម្អាតស្បែកមុខពីធូលីដីកម្ចាត់សារធាតុពុល និងភាពកខ្វក់នៅសល់បន្ទាប់ពីលាងសម្អាតដោយហ្វូម។
ហេតុអ្វីអ្នកគួរប្រើប្រាស់ថូនឺរ? ក្រៅពីជួយសម្អាតស្បែកមុខផ្នែកខាងលើ ថូនឺរផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនរួមមាន៖ • បង្រួមរន្ធញើសធ្វើឲ្យស្បែកមុខម៉ត់ • រក្សាតុល្យភាពpHនៃស្បែក (ចន្លោះ ៥ ទៅ ៦) • បន្ថែមស្រទាប់ការពារស្បែកមុខ • ផ្តល់សំណើមដល់ស្បែក • ធ្វើឲ្យស្បែកមុខភ្លឺរលោង។
តើគួរជ្រើសរើសថូនឺរដោយរបៀបណា? ការជ្រើសរើសថូនឺរគួរត្រូវបានធ្វើឡើងតាមប្រភេទនៃស្បែកមុខរបស់អ្នក៖ • ស្បែកមុខធម្មតា ចំពោះលោកអ្នកដែលមានស្បែកមុខធម្មតា មិនស្ងួតហើយមិនខ្លាញ់ពេកគឺជាសំណាងមួយ ហើយអ្នក អាចនឹងមានជម្រើសច្រើនជាងអ្នកផ្សេងក្នុងការជ្រើសរើសថូនឺរ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើស ល្អបំផុតរបស់អ្នក គឺប្រភេទថូនឺរកម្រិតមធ្យម មានសារធាតុផ្សំចម្បងជាទឹក រួមជាមួយសមាសធាតុដែលធ្វើឲ្យមានភាពសើមសមល្មម និងអាចមានអាល់កុលក្រោម២០ដឺក្រេ។ • ស្បែកមុខស្ងួត ករណីស្បែកមុខរបស់អ្នកមានទំនោរស្ងួតជាធម្មតាទាមទារឲ្យមានការជ្រើសរើសដោយប្រុងប្រយ័ត្ន។ អ្នកចាំបាច់គួរជ្រើសរើសថូនឺរ ដែលមានកម្រិតខ្សោយជាងគេ ផ្សំពីទឹកភាគច្រើន និងសារធាតុរាវជួយរក្សាសំណើមដូចជា គ្លីសេរីន(Glycerin) និងគ្មានឬមានបរិមាណអាល់កុលតិចបំផុត (០ ទៅ១០ដឺក្រេ) ជាដើម។ ក្រៅពីល្អសម្រាប់ស្បែកមុខស្ងួត វាក៏ស័ក្តិសមសម្រាប់ស្បែកងាយប្រែប្រួល ឬប្រតិកម្មផងដែរ។ • ស្បែកមុខខ្លាញ់ ស្បែកមុខខ្លាញ់ ឬប្រេងច្រើន ហាក់ទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ពិសេសការជ្រើសរើសផលិតផលប្រើប្រាស់ផ្សេងៗ។ ដូចគ្នាផងដែរ ថូនឺរដែលល្អសម្រាប់អ្នកគួរមាន ទឹក សារធាតុផ្តល់សំណើមកម្រិតស្រាល និងអាល់កុលចន្លោះ ២០ទៅ៦០ដឺក្រេ ជួយកាត់បន្ថយការផលិតប្រេងលើសលប់ និងអាចសម្លាប់បាក់តេរីបានខ្ពស់។ ប៉ុន្តែលោកអ្នកក៏មិនត្រូវប្រើញឹកញាប់ពេកដែរ ព្រោះអាចឲ្យស្បែកស្ងួតខ្លាំង និងក្លាយជារលាក។
ប្រើប្រាស់ថូនឺរបែបណាទើបមានប្រសិទ្ធភាព? បន្ទាប់ពីលាងមុខជាមួយសាប៊ូ ឬហ្វូមលាងមុខរួច ជូតមុខឲ្យស្ងួតដោយសំទ្បីទន់ៗ បន្ទាប់មកប្រើថូនឺរជូតឲ្យសព្វពេញផ្ទៃមុខ ក នៅពេលយប់ និងពេលព្រឹក មុនប្រើផលិតផលផ្តល់សំណើម ឬការពារកម្តៅថ្ងៃផ្សេងទៀត។ ម៉្យាង អ្នកក៏អាចប្រើប្រាស់ដើម្បីជូតសម្អាតគ្រឿងសម្អាងបានផងដែរ។