CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-01-22 · 4,099 views

ត្រឹម៧មុខ​ លែងខ្វល់រឿងសក់ជ្រុះ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សក់ជ្រុះ ហាក់ជាកង្វល់សម្រាប់មនុស្សគ្រប់វ័យ រីឯផលិតផលការពារក៏ដូចជាកាត់បន្ថយបញ្ហានេះ មានរាប់សិបមុខលើទីផ្សារពិបាកក្នុងការជ្រើសរើស តែពេលខ្លះប្រើហើយនៅតែគ្មានប្រសិទ្ធភាព ឬធ្វើការសាកល្បងសឹងតែលែងមានជំនឿចិត្តថាអាចកែប្រែវាបាន។

ប៉ុន្តែ អ្នកអាចនឹងភេ្លចគិតថាមិនមែនត្រឹមតែប្រើផលិតផលទាំងនោះនឹងបំបាត់សក់ជ្រុះ១០០ភាគរយបាននោះទេ សក់របស់អ្នកត្រូវការសារធាតុបំប៉នបន្ថែមពីខាងក្នុងដែលអ្នកអាចនឹងមិនបានគិតដល់។ អត្ថបទនេះ នឹងណែនាំមិត្តអ្នកអាននូវប្រភេទអាហារ៧មុខ ដែលអាចជួយអ្នកបាន៖

១    អាហារសម្បូរវីតាមីនC៖ វីតាមីន C ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម បន្ថយការបំផ្លាញដោយសាររ៉ាឌីកាល់សេរី ដែលអាចធ្វើឲ្យសក់របស់អ្នកផុយស្រួយ និងគ្មានសុខភាពល្អ។ មិនត្រឹមមានអត្ថប្រយោជន៍ចំពោះស្បែក និងភ្នែក ជាក់ស្តែងវាមានលទ្ធភាពពិសេសជួយទ្រទ្រង់ការស្រូបនៃជាតិដែកក្នុងរាងកាយ។ ផ្ទុយមកវិញ កាលណាខ្វះវាក្នុងរបបអាហាររបស់អ្នកអាចឲ្យសក់ជ្រុះខុសធម្មតា។ អ្នកគួរបន្ថែមប្រភេទផ្លែឈើដូចជា ក្រូច ល្ហុង ប្លូបឺររីក្រូចឆ្មារ និងផ្លែវីគីក្នុងរបបអាហារ របស់អ្នក។ ម៉្យាងវិញទៀត វីតាមីនC ក៏ជួយក្នុង ការបង្កើនការផលិតប្រូតេអ៊ីនសំខាន់ៗហៅថា កូឡាជែន ដែលពង្រឹងលំហូរឈាម ទ្រទ្រង់ដល់សុខភាពសក់។

២    អេពីណា៖ ប្រភេទស្ពៃម៉្យាងជាប្រភពនៃជាតិដែកវីតាមីនA វីតាមីនC និងប្រូតេអ៊ីនដ៏អស្ចារ្យ។ កង្វះជាតិដែក គឺជាមូលហេតុចម្បងនៃសក់ជ្រុះ ម៉្យាងអេពីណាមិនត្រឹមសម្បូរដោយជាតិដែកប៉ុណ្ណោះទេវាមានរួមទាំងជាតិប្រេង (Sebum) ដែល​ដើរតួនាទីជាក្រែមបន្ទន់សក់ធម្មជាតិ។​ វាក៏ផ្តល់នូវអាស៊ីតអូមេហ្គា៣ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាសុខភាពស្បែកក្បាល និងធ្វើឲ្យសក់ស្រស់ស្អាត។​ ការសិក្សាមួយរកឃើញថា ស្ត្រីដែលមានបញ្ហាជ្រុះសក់តែងមានការថយចុះនូវកម្រិតជាតិដែក និងវីតាមីន D2មិនអាចគ្រប់គ្រងបាន។

៣    ការ៉ុត និងដំឡូងបារាំង៖ ដាក់បញ្ចូលការ៉ុត ឬទឹកការ៉ុតក្នុងរបបអាហារសម្រន់របស់អ្នក ដោយសារវីតាមីន A ដ៏ច្រើនលើសលប់ និងប្រសិទ្ធភាពមិនត្រឹមតែល្អសម្រាប់ភ្នែកទេ វាក៏ជួយបង្កើនការលូតលាស់នៃសក់។ រីឯដំឡូងបារាំងមាននូវ បេតាការ៉ូតែន ចូលរួមយ៉ាងសកម្មក្នុងការបំប្លែងទៅជាវីតាមីនA ក្នុងសារពាង្គកាយ។ ការទទួលទានវីតាមីនA មិនគ្រប់គ្រាន់ នឹងធ្វើឲ្យស្បែកក្បាលអ្នកមានទំនោរទៅជាស្ងួត និងរមាស់ ដែលជាមូលហេតុមួយធ្វើឲ្យសក់ងាយនឹងជ្រុះជាងធម្មតា។

៤    ត្រីសាល់ម៉ុង៖ សក់ក៏ត្រូវការប្រភេទប្រូតេអ៊ីនសរសៃ​(Fiber) ដូចនឹងក្រចករបស់អ្នកផងដែរ មានន័យថាអ្នកត្រូវការញ៉ាំប្រូតេអ៊ីនបន្ថែម។​ ​ប្រូតេអ៊ីនក៏ទាមទារនូវការផលិតកេរ៉ាទីន ដែលជាសមាសធាតុនៃរចនាសម្ព័ន្ធសក់។ ជម្រើសល្អបំផុតគឺ Marinebasedprotein ដូចជាសាល់ម៉ុង ដែលត្រូវបានបង្ហាញថាបង្កើនសុខភាពសក់បានល្អ ពិសេសចំពោះស្ត្រី។

៥    សាច់មាន់៖ គួរបញ្ជាក់ថាសាច់ពពួកបក្សី សម្បូរនូវប្រូតេអ៊ីនកម្រិតខ្ពស់ ពង្រឹងសក់ដែលផុយ ឬសក់ខូច និងការពារកុំឲ្យសក់ឆាប់ជ្រុះ។ ទាំងសក់ ទាំងក្រចក ត្រូវបានរួមផ្សំដោយប្រូតេអ៊ីន ដូច្នេះហើយអ្នកគួរទទួលទានឲ្យបានគ្រប់គ្រាន់។

៦    ស្ត្រូបឺររី៖ ស្ត្រូបឺររីមានកម្រិត Silica ខ្ពស់ ដែលជាប្រភេទរ៉ែធម្មជាតិដ៏សំខាន់សម្រាប់ជួយឲ្យសក់ត្រង់ និងលូតលាស់ល្អ។ ក្រៅពីស្ត្រូបឺររី Silica អាចមានក្នុងស្រូវ ខ្ទឹមបារាំង ខាត់ណា និងត្រសក់ជាដើម។

៧    យ៉ាអួរ៖ វីតាមីន B5 និងវីតាមីន D ដែលជាសារធាតុផ្សំនៅក្នុងយ៉ាអួរ ផ្តល់ឲ្យគល់សក់មានសុខភាពល្អ។ អ្វីដែលពិសេសនោះគឺ អ្នកក៏អាចប្រើយ៉ាអួរ ធ្វើជាម៉ាសសក់ យូរៗម្តងបានផងដែរ។

ញ៉ាំដោយភាពឆ្លាតវៃ ជាអ្វីដែលគ្រប់គ្នាត្រូវគិតដល់ ដូច្នេះ ជឿជាក់ថាអាហារខាងលើនឹងផ្តល់លទ្ធផលឲ្យអ្នកដូចដែលបានរំពឹងទុក។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ