2019-02-20 · 19,075 views
ពងបែកតូចៗនៅចន្លោះម្រាមដៃអាចជាអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពងបែក ឬភាសាបច្ចេកទេសហៅថា Vesicle គឺជាការពកឡើងនៃស្បែកដែលមានផ្ទុកសារធាតុរាវនៅខាងក្នុង។ មូលហេតុទូទៅដែលបណ្តាលឲ្យកើតមានពងបែកនេះ គឺមកពីការកកិតរវាងស្បែក និងស្បែកបណ្តាលឲ្យស្រទាប់ស្បែកដាច់ចេញពីគ្នា ហើយបង្កជាទឹកដែលជាញឹកញាប់ផ្តល់ជាផលរំខានការឈឺចាប់ ឬមានអារម្មណ៍មិនស្រួលជាដើម។
សំណួរ៖ នាងខ្ញុំអាយុ ២៩ ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៥ ទម្ងន់ ៥៨ គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំតែងតែមានឡើងពងបែកតូចៗ ដែលមានទឹកនៅចន្លោះម្រាមដៃនីមួយៗ មិនឈឺ ឬរមាស់ឡើយ ហើយវាកើតមានជាញឹកញាប់ ប៉ុន្តែច្រើនតែបាត់ទៅវិញនៅរយៈពេលប៉ុន្មានថ្ងៃក្រោយដោយខ្លួនឯង។ តើនេះជាជំងឺអ្វី?តើគួរព្យាបាល និងការពារកុំឲ្យកើតឡើងវិញយ៉ាងដូចម្តេច?
ចម្លើយ៖ បើតាមបច្ចេកទេស បញ្ហាពងទឹកនៅចន្លោះម្រាមដៃអាចជារោគសញ្ញាដែលទាក់ទងនឹងជំងឺជាច្រើន ដោយក្នុងនោះរួមមានផងដែរនូវជំងឺហឺបភីស (Herpes) ឬជំងឺពងបែក ឬអាចជាការរោលអាល្លែកហ្ស៊ី។ដោយឡែក បញ្ហាអាល្លែកហ្ស៊ីច្រើននាំមកជាមួយនឹងការរមាស់ហេតុនេះក្នុងករណីដែលពុំមានការរមាស់ ហើយបញ្ហាកន្ទួលពងទឹកនេះតែងកើតឡើងម្តងហើយម្តងទៀតជាញឹកញាប់ វាអាចទាក់ទងនឹងជំងឺហឺបភីស ដែលអាចបង្ហាញជារោគសញ្ញាឡើងបាន ដោយមិនចាំបាច់ប៉ះពាល់នឹងអ្វីមួយជាក់លាក់ឡើយ ពីព្រោះវាពាក់ព័ន្ធនឹងភាពខ្សោយនៃប្រព័ន្ធភាពស៊ាំ។ ជំងឺកញ្ចុំពងទឹកនេះផងដែរមិនបង្ហាញជាការរមាស់ឡើយលុះត្រាតែវាលេចចេញនៅទីតាំងផ្សេងទៀតនៃរាងកាយក្រៅពីម្រាមដៃ ពីព្រោះស្បែកនៅដៃមានលក្ខណៈក្រាស់ ដែលអាចបណ្តាលឲ្យមានអាការៈសង្កៀរ ក្រហាយ ឬការឈឺចាប់នៅតំបន់នោះ។ ប្រសិនបើរោគសញ្ញានេះ ពិតជាជំងឺកញ្ចុំពងទឹក ឬហឺបភីសមែននោះ ការព្យាបាលគឺត្រូវធ្វើឡើងដោយប្រើប្រាស់ឱសថប្រឆាំងនឹងវីរុសរយៈពេលពី ៥ថ្ងៃទៅ ១សប្តាហ៍ ដែលការព្យាបាលនេះនឹងត្រូវបានផ្តល់ជូនក្រោយពីអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតសើស្បែកដើម្បីធ្វើការពិនិត្យបានច្បាស់លាស់ជាមុនសិន។ ទាក់ទងនឹងករណីជំងឺនេះដែរអ្នកជំងឺនឹងត្រូវបានណែនាំឲ្យរក្សាប្រព័ន្ធភាពស៊ាំរបស់ខ្លួនឲ្យបានមាំទាំដើម្បីបង្ការការកើតឡើងវិញ។ ម្យ៉ាងទៀត ប្រសិនជំងឺនេះកើតឡើងដដែលៗលើសពី ៥ដងក្នុងមួយឆ្នាំ នោះវីធីបង្ការនឹងតម្រូវឲ្យមានការផ្តល់ថ្នាំបង្ការពីវេជ្ជបណ្ឌិតជំនាញ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្ រ ឯកទេសសើស្បែក និងឡេសឺ អនុប្រធាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រធានសមាគមគ្រូពេទ្យសើស្បែក កម្ពុជា