Sponsored · Pregnacare
2019-03-04 · 4,928 views
អាថ៌កំបាំងនៃការឲ្យទារកប៉ះទ្រូងម្តាយភ្លាមក្រោយកើត
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.


ការឲ្យទារកប៉ះស្បែកម្តាយក្រោយពេលកើតភ្លាម ត្រូវបានហៅម៉្យាងទៀតថា “ស្បែកប៉ះស្បែក” ឬ “ការថែរក្សាកូនតាមបែបសត្វកង់ហ្គូរូ”។ វិធីសាស្ត្រនេះត្រូវ បានអនុវត្តទូទាំងពិភពលោក ក្នុងគោលបំណងជួយទារកសម្របខ្លួនទៅនឹងជីវិតនៅខាងក្រៅស្បូន និងជួយម្តាយដើម្បីចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយព្រមទាំងដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងកូន និងម្តាយទៀតផង។ ស្បែកប៉ះស្បែកក៏ជួយដល់ការលូតលាស់ផ្នែករាងកាយ និងចិត្តរបស់កូនផងដែរ។
អ្វីជាស្បែកប៉ះស្បែក? វិធីសាស្ត្រនេះជាទូទៅត្រូវបានសំដៅដល់ការអនុវត្តដែលទារកត្រូវបានជូតឲ្យស្ងួតជាមុន រួចយកទៅដាក់ផ្ទាល់ទៅលើទ្រូងរបស់ម្តាយក្រោយពេលសម្រាលទាំងម្តាយទាំងកូនត្រូវបានគ្របដណ្តប់ដោយភួយដ៏កក់ក្តៅជាមួយគ្នា និងទុកចោលយ៉ាងហោចណាស់មួយម៉ោង ឬរហូតដល់ទារកបានបៅដោះដំបូងរួចរាល់។ គួរបញ្ជាក់ថា ទារកត្រូវស្វែងរកការបៅដោះម្តាយដោយខ្លួនឯង មិនត្រូវមានជំនួយពីម្តាយ ឬក្រុមគ្រូពេទ្យឡើយ។ ការប៉ះស្បែក និងស្បែកក៏អាចកើតមានគ្រប់ពេលដែលទារកត្រូវការការលួងលោម ភាពស្ងប់ស្ងាត់ និងដើម្បីជួយបង្កើនការផ្គត់ផ្គង់ទឹកដោះម្តាយផងដែរ។
ផលប្រយោជន៍ មានភស្តុតាងកាន់តែច្រើនឡើងៗដែលបានអះអាងអំពីសារសំខាន់នៃស្បែកប៉ះស្បែកក្រោយសម្រាលដែលក្នុងនោះមានដូចជា៖ • ជួយដល់ម្តាយ និងទារកអាចសម្រាក សម្រួលអារម្មណ៍ • ជួយគ្រប់គ្រងកម្រិតចង្វាក់បេះដូង និងការដកដង្ហើមរបស់ទារក ហេតុនេះពួកគេអាចសម្របខ្លួនបានល្អជាងមុនពេលនៅខាងក្រៅស្បូន • ជំរុញការរំលាយអាហារ និងបង្កើនចំណង់បៅដោះម្តាយ • ជួយរក្សាសីតុណ្ហភាពរាងកាយបានល្អ • ចម្លងបាក់តេរីល្អដែលមានលើស្បែកម្តាយដល់ទារក ដើម្បីជួយការពារប្រឆាំងនឹងការឆ្លងមេរោគ • ជំរុញការបញ្ចេញអ័រម៉ូនសម្រួលដល់ការបញ្ចេញទឹកដោះ។
ក្រៅពីនេះ ទារកអាចទទួលបានផលប្រយោជន៍ជាច្រើនទៀតដូចជា៖ • ជួយសម្រួលការស្រូបចូលអុកស៊ីសែន • កាត់បន្ថយអ័រម៉ូនស្ត្រេស (cortisol) • លើកទឹកចិត្តដល់ឥរិយាបថមុនពេលបំបៅ • ជួយបង្កើនការលូតលាស់ • កាត់បន្ថយការស្នាក់នៅក្នុងមន្ទីរពេទ្យ • ជួយបង្កើនបរិមាណទឹកដោះ និងបរិមាណអង់ទីករដែលមានក្នុងទឹកដោះដំបូង។
ដើម្បីឲ្យវិធីសាស្ត្រនេះប្រព្រឹត្តដោយភាពជោគជ័យបាន លុះណាតែមានជំនួយពីក្រុមគ្រូពេទ្យ ដោយក្នុងនោះ៖ • ម្តាយទាំងអស់ត្រូវប៉ះស្បែក និងស្បែកជាមួយកូនក្រោយពេលសម្រាល យ៉ាងហោចណាស់រហូតក្រោយការបំបៅដំបូងរួចរាល់ ឬកាន់តែយូរតាមតែទារកចង់បាន • ម្តាយទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យបំបៅដោះដំបូងខណៈពេលនោះ គឺនៅពេលដែលទារកបង្ហាញសញ្ញាត្រៀមខ្លួនដើម្បីបៅ • ម្តាយ និងទារកដែលមិនមានទំនាក់ទំនងជាមួយការប៉ះស្បែកភ្លាមៗក្រោយពេលសម្រាល ត្រូវបានគេលើកទឹកចិត្តឲ្យចាប់ផ្តើមទំនាក់ទំនងនេះឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន មិនថានៅពេលណា ឬកន្លែងណាក៏ដោយ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
