CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-09-03 · 5,674 views

ចេះតែគេចពីក្រសែភ្នែកគេក៏ជាជំងឺផ្លូវចិត្តដែរ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ធ្លាប់មានបទពិសោធន៍ពេលជួបមនុស្សមិនធ្លាប់ស្គាល់ស្រាប់តែនិយាយអីក៏លែងចេញ ឬបែកញើសបាតដៃជោគពេលត្រៀមធ្វើបទបង្ហាញធំៗម្តងៗដែរទេ? នេះគេហៅថាជំងឺចាញ់ច្រាបគេ។ អ្នកអាចនឹងព្យាយាមចៀសវាងនូវទំនាក់ទំនងសង្គមទាំងអស់សូម្បីតែការជជែកគ្នាតិចតួច ឬគេចពីក្រសែភ្នែកអ្នកដទៃ ព្រោះរឿងដែលអ្នកដទៃយល់ថាធម្មតា អ្នកបែរជាមានអារម្មណ៍ថាមិនស្រណុកខ្លួនទៅវិញ។

ជំងឺចាញ់ច្រាបគេ ច្រើនកើតឡើងក្នុងអំឡុងពេលអ្នកមានអាយុ ១៣ឆ្នាំ។ វាអាចជាប់ទាក់ទងទៅនឹងប្រវត្តិអ្នកជំងឺដែលធ្លាប់ត្រូវគេធ្វើបាបសម្លុត ឬចំអន់ជាដើម។ កូនក្មេងដែលមានការអៀនខ្មាសច្រើនមានទំនោរក្នុងការវិវឌ្ឍទៅជាជំងឺចាញ់ច្រាបគេនៅពេលដែលពួកគេធំឡើង ដោយសារតែការគ្រប់គ្រងលើសកម្រិតរបស់ឪពុកម្តាយ។

អ្នកដែលចាញ់ច្រាបគេ ភាគច្រើនលេចចេញសញ្ញានៅពេលពួកគេស្ថិតក្នុងស្ថានភាពដូចជា៖ • ត្រូវជួបជាមួយមនុស្សប្លែកមុខ • ត្រូវនិយាយជាសាធារណៈ • ត្រូវសម្តែងនៅលើឆាក • ត្រូវបានគេមើលពេលកំពុងធ្វើអ្វីមួយ • ត្រូវគ្រូហៅនៅក្នុងថ្នាក់ • ត្រូវនិយាយក្នុងកិច្ចប្រជុំ។

នៅពេលស្ថិតក្នុងស្ថានភាពបែបនោះ ពួកគេនឹងលេចចេញនូវសញ្ញាដូចជា៖ • អារម្មណ៍ - មានការបារម្ភច្រើនហួសលើស្ថានភាពសង្គម - បារម្ភរាប់ថ្ងៃ រាប់ខែនៅពេលមានកម្មវិធីអ្វីម្តងៗ - ភ័យខ្លាចជ្រុលថាមានគេវាយតម្លៃមិនល្អមកលើខ្លួន ជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់ - ខ្លាចសកម្មភាពរបស់ខ្លួនធ្វើទៅខ្មាសគេ - ខ្លាចគេមើលដឹងថាខ្លួនឯងកំពុងតែភ័យ។ • រាងកាយ - មុខឡើងក្រហម - ពិបាកដកដង្ហើម - ឈឺពោះ ចង្អោរ - ញ័រ ដល់ថ្នាក់សំឡេងក៏ញ័រ - បេះដូងលោតញាប់ តឹងទ្រូង - បែកញើស - វិលមុខ ឬអស់កម្លាំង។ បើទោះអ្នកអាចគេចពីស្ថានភាពសង្គមទាំងនេះក៏ពិតមែន តែជំងឺនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកផងដែរព្រោះអ្នកនឹងបាត់បង់នូវការគោរពចំពោះខ្លួនឯង មានគំនិតអវិជ្ជមាន បាក់ទឹកចិត្ត ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។

អ្នកដែលមានបញ្ហាចាញ់ច្រាបគេ មិនមែនថាមិនអាចងើបមុខរួចនោះទេ អ្នកអាចព្យាយាមជាមួយនឹងវិធីសាស្រ្តខាងក្រោមនេះដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានពន្លឺឡើងវិញ៖ • ទៅឲ្យបានមុនគេ៖ ការទៅធ្វើការមុនគេ ឬចូលរួមកម្មវិធីមុនគេ ជាវិធីសាស្ត្រប្រាប់ខួរក្បាលអ្នកថា អ្នកមិនមានភាពភ័យខ្លាចនោះទេ ហើយអ្នកក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាងដែលនៅចំពោះមុខ។ • សាកល្បងអ្វីថ្មី៖ អ្នកអាចសាកល្បងទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ ឬចូលរៀនថ្នាក់សិល្បៈ។ ការធ្វើបែបនេះ អាចឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងផ្សងព្រេងហើយអារម្មណ៍ភ័យខ្លាចរបស់អ្នកក៏លែងតាមបន្លាចអ្នកពីក្រោយទៀតដែរ។ • ផ្តល់ការគោរពដល់ខ្លួនឯង៖ និយាយពាក្យពិរោះៗមកកាន់ខ្លួនឯង។ អ្នកត្រូវនិយាយពាក្យដែលអ្នកចង់ឲ្យអ្នកដទៃនិយាយមកកាន់អ្នកមកខ្លួនឯងហើយនិយាយពាក្យដែលជួយជ្រោមជ្រែងគេទៅកាន់អ្នកដទៃ។ ការគោរពតាមនូវអ្វីដែលខ្លួនអ្នកបាននិយាយចេញមក នឹងធ្វើឲ្យខួរក្បាលអ្នកមានមហិច្ឆតាជាងមុន។ • កំណត់តម្លៃរបស់ខ្លួនឯង៖ សិក្សាពីខ្លួនឯងឲ្យបានស៊ីជម្រៅ ហើយកំណត់ពីតម្លៃរបស់ខ្លួន រួចជីកកកាយវាចេញមក។ អ្នកគួរធ្វើការជម្នះដើម្បីអ្វីដែលអ្នកជឿជាក់ថាខ្លួនអាចធ្វើបាន។ ការធ្វើតាមតម្លៃខ្លួនឯងនឹងធ្វើឲ្យអ្នកមានក្តីសង្ឃឹម និងជួយអ្នកឲ្យយកឈ្នះនូវការភ័យខ្លាចដែលធ្វើឲ្យអ្នកបាត់តម្លៃនោះ។

មិនមែនមានតែអ្នកម្នាក់ទេ ដែលកើតជំងឺចាញ់ច្រាបគេ មានមនុស្សជាច្រើនដែលមានបញ្ហាមួយនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺមិនត្រូវបោះបង់ខ្លួនឯងចោលនោះទេ ព្យាយាមធ្វើតាមវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ ហើយប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃឡើយ”។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨១

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ