CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2019-09-20 · 12,999 views

ស្វែងយល់ពីជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 2
Sponsored · PregnacarePregnacare

ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ។ ស្រ្តីភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺនេះឡើយទើបធ្វើឲ្យពួកគាត់មានការធ្វេសប្រហែសបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាលនិងមានគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះហើយបានជាអត្រាស្លាប់របស់ស្រ្តីនៅប្រទេសកម្ពុជាដោយសារជំងឺនេះនៅតែឈរនៅលំដាប់ទី ២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ដែលជំងឺនេះយើងអាចទប់ស្កាត់ និងការពារបានពីដំបូង។

និយមន័យ បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលដែលស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្តាហ៍ឡើងទៅដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខនិងចុកចុងដង្ហើមជាដើម...។

មូលហេតុចម្បង និងកត្តាប្រឈម មូលហេតុចម្បងនៃជំងឺនេះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធឈាមរត់នៅក្នុងស្បូននិងសុក និងមានកត្តាប្រឈមសំខាន់ដែលធ្វើឲ្យមានជំងឺនេះកើតឡើងរួមមាន៖ • ស្រ្តីកូនដំបូងវ័យក្មេង • ស្រ្តីមានគភ៌ហើយមានអាយុច្រើន • ស្រ្តីដែលមានផ្ទៃពោះធំពេក (ដូចជាកូនភ្លោះគភ៌ទឹកភ្លោះច្រើន គភ៌ដែលមានកូនថ្លោសពេក) • ស្រ្តីធាត់ពេក • ស្រ្តីដែលធ្លាប់មានជំងឺលើសសម្ពាធឈាម ឬជំងឺតម្រងនោម • ស្រ្តីដែលប្តូរដៃគូរួមភេទច្រើន ចំណែកកត្តាដែលជំរុញឲ្យមានជំងឺបំរុងក្រឡាភ្លើងនេះរួមមាន៖ • អាកាសធាតុត្រជាក់ពេក • ការហូបអាហារមិនគ្រប់គ្រាន់ • ការបាក់កម្លាំងកាយ និងកម្លាំងចិត្ត...។ រោគសញ្ញា ដំបូងស្រ្តីតែងតែមានអារម្មណ៍មិនសុខស្រួលក្នុងខ្លួនដូចជា រសេះរសោះ គេងមិនលក់ ហើមជើង ឈឺក្បាល វិលមុខតិចតួច ដែលធ្វើឲ្យស្រ្តីភាគច្រើនយល់ថាខ្លួនមិនមានបញ្ហាអ្វីទេ ព្រោះការមានផ្ទៃពោះច្រើនជួបបញ្ហាបែបនេះជាពិសេសគឺការហើម (ដែលចាស់ៗតែងនិយាយតៗគ្នាថា ហើម៣ដងកើតហើយ)។ ជាក់ស្តែង រោគសញ្ញាដែលបញ្ជាក់ថាស្រ្តីមានអាការៈមានដូចជា៖ • ហើម • លើសសម្ពាធឈាម (140/90mmHg) • ទឹកនោមប្រៃ • ឈឺក្បាល • វិលមុខ • ស្រវាំងភ្នែក  ឬងងឹតភ្នែកបណ្តោះអាសន្នក្នុងករណីធ្ងន់ធ្ងរ • ហត់ • ចុកចុងដង្ហើម • Transaminaseកើនឡើង ប្លាកែតកើនឡើង ហេម៉ូក្លូប៊ីនកើនឡើង Uremie កើនឡើង Creatinemie កើនឡើង។

ការព្យាបាល ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលត្រូវមាន៣ដំណាក់កាល៖ • ការថែទាំ • ការប្រើប្រាស់ថ្នាំទប់ស្កាត់ការប្រកាច់(MgSO4) និងថ្នាំបញ្ចុះសម្ពាធឈាម (Hydralazine...) • ចាំបាច់ត្រូវបញ្ចប់គភ៌ដើម្បីបំបាត់មូលហេតុរបស់វា។

ការតាមដាន និងការគិតទុកមុន ជាទូទៅ គ្រប់ស្រ្តីដែលមានបញ្ហាបែបនេះទោះបីធ្ងន់ឬស្រាល ត្រូវតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីថែទាំ និងតាមដានសុខភាពពីសំណាក់បុគ្គលិកពេទ្យដោយគេត្រូវតាមដានសញ្ញាជីវិតជាប្រចាំ ទឹកនោមប្រៃ និងទារកក្នុងផ្ទៃ។ ប្រសិនបើក្នុងករណីបម្រុងក្រឡាភ្លើងស្រ្តីនឹងបានជាសះស្បើយក្រោយពីបញ្ចប់គភ៌ ដោយពុំមានផលវិបាកអ្វីទាំងអស់។ សម្ពាធឈាមអាចចុះមកធម្មតាវិញ ក្រោយរយៈពេល៦សប្តាហ៍ និងទឹកនោមប្រៃអាចបាត់ក្នុងរយៈពេល ៦សប្តាហ៍ផងដែរ។

ផលវិបាក ក្នុងករណីដែលពុំបានដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្រ្តីនឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរដែលមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃនិងម្តាយដូចជា៖ ១. ចំពោះម្តាយ • ដាច់សរសៃឈាមខួរក្បាល • ងងឹតភ្នែក • ហើមសួតស្រួចស្រាវ • HELLP Syndrome (ខាន់លឿង….) ឬបែកថ្លើម • ខ្សោយតម្រងនោមធ្ងន់ធ្ងរ • របេះសុកមុនពេលកំណត់។ ២.ចំពោះទារកក្នុងផ្ទៃ • ទារកលូតលាស់មិនប្រក្រតី • ទម្ងន់តូចជាងអាយុនៃគភ៌ • ខ្សោយប្រាជ្ញាស្មារតី • ស្លាប់ក្នុងពោះ • សម្រាលមិនគ្រប់ខែ។

វិធីសាស្រ្តការពារ ចំពោះស្រ្តីដែលមានប្រវត្តិធ្លាប់ឡើងសម្ពាធឈាមនិងបញ្ហាតម្រងនោម សូមពិសាកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មិល្លីក្រាម ១ថ្ងៃ ១គ្រាប់ចាប់ផ្តើមពីពេលមានគភ៌ភា្លម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងសម្ភព)។ លើសពីនេះ អ្នកអាចអនុវត្តវិធីសាស្រ្តប្រចាំថ្ងៃដោយ៖ • ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន • ហូបចំណីអាហារដែលសម្បូរជីវជាតិល្អ • សម្រាកផ្អៀងមកខាងឆ្វេងឲ្យបានច្រើន • សម្រាកការងារធ្ងន់ៗ និងការងារដែលអាចប៉ះ   ពាល់ដល់អារម្មណ៍ • សម្រាកឲ្យបានគ្រប់គ្រាន់ • ធ្វើលំហាត់ប្រាណជាប្រចាំ • ប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យភ្លាមក្នុងករណីដែលមានភាពមិនប្រក្រតីនៅក្នុងខ្លួន។

គ្រប់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវតែមកពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីតាមដានរករោគសញ្ញាដែលកើតមានដែលពុំមានសញ្ញាប្រមានមុនហើយស្ត្រីមិនបានដឹងខ្លួន។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រូបង្គោល សង្គ្រោះបន្ទាន់ផ្នែកសម្ភពមូលដ្ឋាន

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Sponsored · PregnacarePregnacare