CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2019-10-09 · 4,446 views

ខ្ញុំមានអាការៈ ក្អក

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ការក្អក គឺជាសកម្មភាពរ៉េផ្លិកដើម្បីបញ្ចេញស្លេស្មឬវត្ថុអ្វីមួយចេញពីបំពង់ក ដូចជាធូលី ឬផ្សែងផ្សេងៗ។ អាការៈក្អក មាន២ប្រភេទគឺក្អកស្រួចស្រាវ និងក្អករ៉ាំរ៉ៃ។ ក្អកស្រួចស្រាវ ជាការក្អកកើតឡើងភ្លាមៗ ហើយជាទូទៅកើតមានក្នុងរយៈពេល ២ ទៅ៣សប្តាហ៍ ឯក្អករ៉ាំរ៉ៃ ជាការក្អករយៈពេលយូរអាចលើសពី ៣សប្តាហ៍។

តើអាការៈក្អកអាចបណ្តាលមកពីអ្វីខ្លះ? ១. ករណីក្អកស្រួចស្រាវ មូលហេតុអាចបង្កមកពី៖ • ការបង្ករោគ ដូចជា៖ - រលាកបំពង់ក (Pharyngite, Laryngite) - រលាកត្រចៀក - រលាកប្រហោងឆ្អឹង - រលាកទងសួត - រលាកសួត - រលាកស្រោមសួត • បញ្ហាអាល្លែកហ្ស៊ី អាចជា ជំងឺហឺត (ក្អកញាប់ហើយភាគច្រើននៅពេលយប់) • ជំងឺបេះដូងខាងឆ្វេង ទាក់ទងនឹងជំងឺហើមសួត • ការស្រូបចូលនៃធូលីដីឬផ្សែងមិនល្អ។

មូលហេតុទាំងនេះ តែងកើតមានញឹកញាប់ និងងាយក្នុងការធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែបើបញ្ហាក្អករបស់អ្នក មិនអាចធ្វើរោគវិនិច្ឆ័យបានតាមរោគសញ្ញាទេ គ្រូពេទ្យនឹងធ្វើការថតសួតដើម្បីរកមើលថាតើមានបញ្ហាបង្ករោគនៅនឹងទងសួតដែលអាចមានវត្តមានដុំសាច់ មានស្ទះរបស់ពីខាងក្រៅ ឬជាវិបត្តិដំណកដង្ហើម ឬការបង្ករោគនៅនឹងសួតអាចជា៖ - ជំងឺរលាកសួត - មហារីកសួត - ឬជំងឺនៅមេយ៉ាស្តាំងដែលអាចមានវត្តមានដុំសាច់សង្កត់ ឬនៅស្រោមសួតប្រសិនបើអ្នកជំងឺក្អកពេលបន្លាស់ប្តូរទីតាំង។

២. ករណីក្អកស្លេស្មរ៉ាំរ៉ៃ ភាគច្រើនទាក់ទងនឹងការរលាកទងសួតរ៉ាំរ៉ៃ ដោយសារតែការជក់បារី។ អ្នកត្រូវប្រុងប្រយ័ត្នចំពោះ៖ • បើការក្អកមានការកើនឡើងខ្លាំងចំពោះអ្នកដែលជក់បារីច្រើន នោះវាអាចជាសញ្ញានៃជំងឺមហារីកទងសួត • ស្លេស្មមានការកើនឡើងខ្លាំង ហើយបូកផ្សំជាមួយនឹងមានការបង្ករោគបន្ថែម (ការរីកធំនៃទងសួត) • ក្អកខ្លាំងនៅពេលបរិភោគអាហារ អាចជាជំងឺទាក់ទងនឹងការលេបដូចជា មហារីកបំពង់ក ការឆ្លងគ្នារវាងបំពង់អាហារនិងបំពង់ខ្យល់ (Fustule oeso-trachéale) ក្លនលូនក្រពះ (Hernie hiatale)។

៣. ករណីក្អកស្ងួតរ៉ាំរ៉ៃ មូលហេតុអាចទាក់ទងនឹង • ជំងឺនៅបំពង់ក រលាកត្រចៀករ៉ាំរ៉ៃ ឬ រលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ • ជំងឺមហារីកទងសួត • ជំងឺនៅកូនថង់សួត (Pathologie interstitielle pulmonaire) • ជំងឺក្រិនសួត ឬ ជំងឺ Granulomatoses pulmonaires • ជំងឺហើមសួតនិងបេះដូងខ្លាំង • ជំងឺមហារីក ឬ ជំងឺរបេង ដែលសាយភាយខ្លាំង • ជំងឺរលាកស្រោមសួតរ៉ាំរ៉ៃ • សារធាតុដែលស្រូបចូលក៏អាចជាមូលហេតុដែរអាចជាការរលាកដោយផ្ទាល់នៅកន្លែងដែលប៉ះនឹងសារធាតុនោះ ឬអាចជា ការអាល្លែកហ្ស៊ី (ហឺត) ឬអាល្លែកហ្ស៊ីនៅកូនថង់សួត • ជំងឺទាក់ទងនឹងសរសៃប្រសាទ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ