2019-10-17 · 10,499 views
ពងទឹកថ្លាតូចៗលើខ្នងដៃប្រែក្លាយជាដំបៅរឹងអាចជាបញ្ហាអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ស្បែកជាផ្នែកមួយប៉ះផ្ទាល់ជាមួយបរិយាកាសខាងក្រៅ និងងាយទទួលរងប្រតិកម្មជាងផ្នែកផ្សេងទៀតនៃរាងកាយ។ អាការៈមួយចំនួនអាចមានភាពសាមញ្ញនិងអាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅពេលរោគសញ្ញាកាន់តែមានភាពប្រែប្រួល នោះដល់ពេលដែលអ្នកត្រូវស្វែងរកការប្រឹក្សាដើម្បីប្រាកដថាវាបណ្ដាលមកពីមូលហេតុជាក់លាក់ណាមួយ។
សំណួរ៖ នាងខ្ញុំ អាយុ ២៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ មុខរបរជានិស្សិត។ ខ្ញុំមានបញ្ហារោគសើស្បែកនៅលើខ្នងដៃ ដោយដំបូងមានរោគសញ្ញាចេញជាពងទឹកតូចៗ ថ្លា ពណ៌ស ហើយពេលខ្លះរមាស់ ដល់ពេលក្លាយជាដំបៅ វាមានលក្ខណៈរឹង លាបថ្នាំអ្វីក៏មិនបាត់ដែរ ហើយថែមទាំងរាលទៅកន្លែងផ្សេងទៀត។ តើអាការៈនេះបង្កឲ្យមានបញ្ហាអ្វីធ្ងន់ធ្ងរដែរទេ? ហើយអាចព្យាបាលឲ្យជាសះស្បើយបានដែរឬទេ?
ចម្លើយ៖ តាមរោគសញ្ញាដែលប្អូនបានរៀបរាប់នេះពុំអាចវិនិច្ឆ័យថាជាជំងឺណាមួយបាននោះទេ ព្រោះនៅមានសំណួរជាច្រើនទៀតដែលនឹងត្រូវសួរបន្ថែមរួមជាមួយការត្រួតពិនិត្យទីតាំងផ្សេងទៀតផងដែរ។ ករណីនេះ ប្រហែលប្អូនអាចមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃ ដែលវាអាចពាក់ព័ន្ធនឹងជំងឺឬបញ្ហាធំៗមួយចំនួន ដូចជា៖ • ជំងឺ Lupus ប្រភេទនៃជំងឺរ៉ាំរ៉ៃមួយ • ការប្រើប្រាស់ផលិតផលមួយចំនួនដែលអាចឲ្យស្បែកចាប់ពន្លឺថ្ងៃ ហើយវាបានបំប្លែងរូបភាពឲ្យទៅជាការស្រូបពន្លឺថ្ងៃបណ្តាលឲ្យស្បែកលេចចេញនូវពងបែក របក រមាស់។ • អាចបណ្តាលមកពីមេរោគ ដូចជាបាក់តេរី ឬក៏ផ្សិត។
ទោះវាបណ្តាលមកពីអ្វីក៏ដោយ ក៏អាចព្យាបាលបានដែរ ប៉ុន្តែចំពោះការព្យាបាលនឹងទទួលបានលទ្ធផលខុសៗគ្នា។ ប្រសិនវាបណ្តាលមកពីការប្រើផលិតផលណាមួយ ហើយបន្ថែមជាមួយការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ នោះអ្នកជំងឺនឹងអាចជាសះស្បើយ១០០%។ តែបើករណីនេះកើតឡើងដោយសារជំងឺ Lupus ពីក្នុងខ្លួនប្អូនដែលជាជំងឺរ៉ាំរ៉ៃប្រចាំកាយ ទោះបីព្យាបាលជាហើយ ក៏អាចកើតមានឡើងវិញដែរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសជំងឺសើស្បែក និងកាមរោគ ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤