2019-12-13 · 7,610 views
ស្វែងយល់ពីមូលហេតុជាច្រើននៃជំងឺសើស្បែក Impetigo
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បើយោងតាមស្ថិតិរបស់ជំងឺ Impetigo មានបម្រែបម្រួលប្រហែល ៥%នៃអ្នកជំងឺសើស្បែកទាំងអស់ដែលមកទទួលសេវាព្យាបាល។ ក្នុងករណីនេះភាគច្រើនតែងកើតឡើងចំពោះកុមារមានអាយុពី ២ ទៅ៥ឆ្នាំ និងកុមារក្នុងវ័យសិក្សាដែលមានអាយុពី ៧ ទៅ១០ឆ្នាំផងដែរ។ និយមន័យ ជំងឺ Impetigo គឺជាជំងឺសើស្បែកមួយប្រភេទដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបុគ្គលដែលកើតជំងឺនេះអាចរីករាលដាលទៅកន្លែងស្បែកផ្សេងទៀតដោយចាប់ផ្តើមពីចំណុចតូចទៅធំ និងស៊ីជ្រៅចូលទៅក្នុងស្បែក។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើៗនៃស្បែកដូចជា លើច្រមុះ មាត់ ភ្លៅ ចង្កេះ និងគូទជាដើម។ ជំងឺនេះបណ្តាលមកពីពពួកបាក់តេរីម៉្យាងឈ្មោះ Staphylococcus aureus។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖ • ការដាច់រហែកស្បែកដែលងាយឲ្យមេរោគឆ្លងចូល • ការមុតវត្ថុស្រួចៗ • ការប្រើប្រាស់កម្រាលពូក ខ្នើយ និងកន្សែងរួមគ្នា • សត្វល្អិត ឬមូសខាំដែលធ្វើឲ្យមេរោគបាក់តេរីងាយជ្រៀតចូល • ការរស់នៅប្រចាំថ្ងៃខ្វះអនាម័យ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖ • អ្នកកើតជំងឺតាអក និងអ្នកជំងឺសើស្បែកផ្សេងៗទៀត • បុគ្គលដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ • អ្នកជំងឺអេដស៍ • អ្នកជំងឺទឹកនោមផ្អែម • បុគ្គលដែលលាងឈាម និងមានបញ្ហាប្រព័ន្ធតម្រងនោមចុះខ្សោយជាដើម។ រោគសញ្ញា ជាទូទៅ ជំងឺនេះស្តែងចេញជារោគសញ្ញាដូចជា ក្រមរពណ៌លឿង ឬពណ៌មាសមានទឹករងៃសើមៗ រមាស់បន្តិចបន្តួច គ្មានការឈឺចាប់ និងក្តៅខ្លួននោះទេនៅដំណាក់កាលដំបូង។ ការធ្វើរោគវិនិច្ឆ័យ រោគសញ្ញារបស់ជំងឺនេះងាយនឹងឲ្យគ្រូពេទ្យសើស្បែកធ្វើរោគវិនិច្ឆ័យដោយភ្នែកផ្ទាល់រហូតដល់ពី ៩០ ទៅ៩៥% ឯណោះ។ ម៉្យាងវិញទៀត យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការយកទឹករងៃដែលមាននៅលើដំបៅយកទៅបណ្តុះមេរោគនៅមន្ទីរពិសោធន៍ស្វែងរកភាពសុំារបស់មេរោគទៅនឹង អង់ទីប៊ីយោទិចដើម្បីកំណត់ការព្យាបាល។ វិធីសាស្រ្តព្យាបាល ប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺ Impetigo នោះការព្យាបាលនឹងធ្វើឡើងតាមដំណាក់កាលរបស់ជំងឺ និងតាមវិធីសាស្រ្តផ្សេង២ដូចជា៖ • ប្រសិនបើជំងឺនេះស្ថិតនៅដំណាក់កាលដំបូងគឺគ្រូពេទ្យគ្រាន់តែធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំសម្រាប់លាប ដូចជាពពួកអង់ទីប៊ីយោទិចប្រភេទក្រែមប៉ុណ្ណោះ។ • ប៉ុន្តែក្នុងករណីដែលជំងឺនេះរីករាលដាលទៅកន្លែងផ្សេង និងស៊ីកាន់តែជ្រៅនោះ គ្រូពេទ្យធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំគ្រាប់ បូករួមជាមួយការប្រើប្រាស់ក្រែម សម្រាប់លាបដូចជា Mupirocin និង Fusidic acid ជាដើម។ លើសពីនេះ ត្រូវធ្វើការណែនាំឲ្យអ្នកជំងឺធ្វើអនាម័យលាងសម្អាតដៃ ដើម្បីការពារកុំឲ្យមេរោគឆ្លងទៅកន្លែងផ្សេងទៀត ពិសេសឆ្លងទៅអ្នកដទៃ។ ជាទូទៅ ការព្យាបាលជំងឺសើស្បែកនេះ គឺរយៈពេល៧ ទៅ១០ថ្ងៃនឹងអាចជាសះស្បើយ។ ដោយឡែក ជំងឺនេះមិនអាចបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗទៀតនោះទេ ប៉ុន្តែវាអាចធ្វើឲ្យជំងឺនេះវិវឌ្ឍទៅជាធ្ងន់ធ្ងរ ប្រសិនបើការព្យាបាលមិនទាន់ពេលវេលា និងមិនបានត្រឹមត្រូវនោះ។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នោះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖ • ប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណ • ចំពោះកុមារ អាណាព្យាបាលត្រូវកាត់ក្រចកឲ្យបានខ្លី • ប្រសិនបើមានជំងឺសើស្បែកមិនថាតិច ឬច្រើនត្រូវទៅព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេល។ ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានោះ លោកអ្នកនឹងឆាប់ជាសះស្បើយ និងចំណាយថវិកាតិច។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជំងឺសើស្បែក និងកាមរោគ និងជាប្រធានផ្នែកជំងឺសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យព្រះអង្គឌួង
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥