2017-03-06 · 4,511 ដងមើល
ទល់លាមកច្រើនថ្ងៃ ហើយក៏ប្រែជារាក?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ៖ ខ្ញុំបាទអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១។ ខ្ញុំឧស្សាហ៍ទល់លាមកណាស់។ ពេលខ្លះខ្ញុំមិនអាចបន្ទោរបង់ដល់ទៅ៤ថ្ងៃជាប់គ្នា បន្ទាប់មកទៅជារាកវិញ។ តើនេះជាបញ្ហាអ្វីដែរ? តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច?
ចម្លើយ៖ ករណីនេះ គ្រូពេទ្យត្រូវការដឹងថា បញ្ហារបស់ប្អូនកើតមានពីពេលណា ហើយសភាពលាមករបស់ប្អូនដូចម្តេចដែរ។ តើវារឹង ទន់ មានសំបោរឬឈាមទេ ពេលបន្ទោរបង់មានការឈឺចាប់នៅបាតឬអត់ ព្រោះថាការក្របន្ទោរបង់ អាចបណ្តាលមកពីលាមករឹងពេក ឬមានដំបៅនៅនឹងបាត ឬមានជំងឺផ្សេងៗនៅបាត ឬក៏អាចដោយសារតែប្អូនអង្គុយយូរដោយមិនសូវបានដើរ។ បញ្ហាទល់លាមកនេះ គេចែកជាពីរក្រុម គឺក្រុមមនុស្សចាស់ និងក្មេង។ បញ្ហាដែលចោទឡើងខ្លាំងគឺលើក្រុមមនុស្សចាស់។ តែប្អូនគួរតែមកជួបនឹងគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យអាចរកមើលពីសញ្ញាប្រកាសអាសន្នដូចជា ស្លេកស្លាំង ស្គមខុសប្រក្រតី លាមកមានឈាមឬសំបោរ ឬមានគ្រួសារធ្លាប់សម្រាន្តពេទ្យដោយសារជំងឺមហារីកពោះវៀន និងគ្រូពេទ្យអាចធ្វើការពិនិត្យមើលសភាពបាតរបស់ប្អូនថាតើមានដុំសាច់ឬដំបៅនៅនឹងបាតឬអត់។ មួយវិញទៀត បើជាករណីទល់លាមកដោយសារចំណីអាហារ ខ្ញុំសូមណែនាំឲ្យប្អូនបរិភោគបន្លែឲ្យបានច្រើន ផឹកទឹកច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំគឺការដើរឲ្យបានញាប់ឬរត់។