2017-03-09 · 17,436 views
មានស្លេស្មជាប់ ទោះបីមិនក្អក ឬឈឺបំពង់ក?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងបញ្ហាបំពង់ក គឺថាតែងតែមានស្លេស្មនៅជាប់បំពង់កជានិច្ច ទោះបីខ្ញុំមិនមានអាការៈក្អក ឬឈឺបំពង់កក៏ដោយ ហើយពេលខ្លះមានស្លេស្មច្រើនទៀតផង បន្ទាប់ពីខ្ញុំបានញុំាអាហារមានរសជាតិផ្អែមៗរួច។ តើនេះបណ្តាលមកពីបញ្ហាអ្វី?
ចម្លើយ៖ ជាទូទៅ វាច្រើនទាក់ទងនឹងការអាលែ្លកហ្ស៊ីទៅនឹងអាហារដែលយើងបរិភោគដូចជាអាហារផ្អែម ហិរ ប្រៃ ផ្អាប់ ទឹកកកជាដើម។ ជាក់ស្តែង ករណីរបស់ប្អូនគឺទាក់ទងទៅនឹងការអាល្លែកហ្ស៊ីនឹងអាហារផ្អែម ដែលនាំឲ្យមានការបញ្ចេញស្លេស្ម (mucus) ចេញមកច្រើន ដោយស្រទាប់ជាលិកាសើម(mucusa layer) របស់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះប្អូនគ្រាន់តែចៀសវាងនូវអាហាររសជាតិផ្អែម ឬសារធាតុដែលជាមូលហេតុនៃអាល្លែកហ្ស៊ីនោះតែម្តង។ ម្យ៉ាងទៀត ការអាល្លែកហ្ស៊ី ក៏អាចបណ្តាលឲ្យមានការកកើតនូវគ្រាប់សាច់លើជញ្ជាំងបំពង់ក ដែលហៅថា Pharyngranulation ដែលជាមូលហេតុនៃការបញ្ចេញស្លេស្មប្រចាំ ស្ងួតបំពង់ក និងក្អកផងដែរ ដែលក្នុងករណីនេះទាមទារឲ្យមកជួបវេជ្ជបណ្ឌិតផ្នែក ENT ដើម្បីធ្វើការបំបែកគ្រាប់សាច់នោះចេញ(Cauterisation)។ សូមជម្រាបផងថា ករណីប្រើប្រាស់ថ្នាំដើម្បីការពារអាលែ្លកហ្ស៊ីទុកជាមុន ពពួកantihistamine អាចធ្វើទៅបាន ប៉ុន្តែមិនអាចការពារបាន100%នោះទេ ដូចនេះបើដឹងថាមានអាល្លែកហ្ស៊ីជាមួយរបស់ណាមួយនោះយើងត្រូវឈប់បរិភោគឬ ក៏ឈប់ប្រើប្រាស់របស់ទាំងនោះ យើងអាចចៀសផុតពីជំងឺទាំងនោះបាន។
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត