2017-03-15 · 5,370 views
រឿងងាយៗ៤យ៉ាងឲ្យអ្នកផ្តាច់និស្ស័យនឹងមុន
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការឡើងមុនជារឿងទូទៅរបស់យុវវ័យ តែពេលឡើងមុនម្ដងៗវាឈឺហើយខ្មាស់គេទៀត ក៏ព្រោះតែមើលទៅមិនស្អាតផូរផង់ដូចគេ។ ទាំងនេះជាកង្វល់របស់អ្នកមែនទេ? បើអញ្ជឹងចង់ដឹងពីរបៀបងាយៗដែលអាចជួយបំបាត់មុន ឬការពារមិនឲ្យឡើងមុនដែរឬអត់? តោះ! មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា ហេលស៍ថាម មានអាថ៌កំបាំងខ្លះចង់ចែករំលែក...
អាថ៌កំបាំងទី១៖ លំហាត់ប្រាណ មានដឹងឬអត់ថាការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយកាត់បន្ថយការកើតមុនបានណា ព្រោះថានៅពេលដែលហាត់ប្រាណវានាំឲ្យមានការបញ្ចេញនូវសារធាតុម្យ៉ាងដែលអាចជួយកាត់បន្ថយស្រេ្តស ក៏ដូចជាជួយកាត់បន្ថយការបញ្ចេញខ្លាញ់ទៅលើស្បែក មិនតែប៉ុណ្ណោះនៅពេលដែលបែកញើសវាក៏ដូចជាធ្វើការលាងសម្អាតនូវកោសិកាស្បែកដែលងាប់ផងដែរ។ គួរព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដើម្បីបំបាត់មុនដែលមិនត្រឹមតែលើមុខទេនៅលើទ្រូងនិងខ្នងក៏បាត់ដែរ។
អាថ៌កំបាំងទី២៖ សម្អាតទូរស័ព្ទដៃ ទូរស័ព្ទទំនើបៗរបស់អ្នកក៏មានជាប់នូវសារធាតុកខ្វក់មួយចំនួនដែលយើងមើលមិនឃើញ ហើយវាក៏អាចធ្វើឲ្យយើងកើតមុនបានផងដែរនៅពេលដែលយកវាមកប្រើប្រាស់ដូច្នេះគួរធ្វើការជូតសម្អាតវាជាប្រចាំដើម្បីជម្រះនូវញើស ម្សៅ ឬធូលីដែលស្អិតជាប់ទៅនឹងទូរស័ព្ទដែលអាចបង្កជាមេរោគ។
អាថ៌កំបាំងទី៣៖ ផ្លាស់ប្ដូរស្រោមខ្នើយ ការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ វាមិនត្រឹមតែជាការថែរក្សាអនាម័យទូទៅនោះទេ តែវាក៏អាចជួយកាត់បន្ថយមុនដែរ។ ជាធម្មតាមនុស្សត្រូវការគេង៧ទៅ៨ម៉ោង នេះជាពេលវេលាមុខរបស់អ្នកត្រូវប៉ះនឹងខ្នើយហើយមិនត្រឹមតែមុខទេ សក់និងស្បែកក៏ប៉ះដូចគ្នាដែរ ដែលធ្វើឲ្យមានជាប់ញើស ឬផលិតផលបំប៉នសក់ផ្សេងៗទៅនឹងខ្នើយហើយក្លាយជាមេរោគ ដូចនេះយើងត្រូវធ្វើការផ្លាស់ប្ដូរវា២ទៅ៣ថ្ងៃម្ដងដើម្បីកុំឲ្យកើតមុន។
អាថ៌កំបាំងទី៤៖ ទឹកកក សម្រាប់មុនណាដែលមិនទាន់ក្លាយជាខ្ទុះនៅលើស្បែក ការស្អំទឹកកកអាចនឹងជួយកាត់បន្ថយការហើម និងជួយផ្ចិតក្រពេញខ្លាញ់ឲ្យរួមតូចតាមរយៈបន្ថយនូវការបញ្ចេញជាតិខ្លាញ់លើផ្ទៃមុខ និងការយាយីពីបាក់តេរី។ យើងត្រូវយកក្រណាត់មករុំដុំទឹកកករួចយកវាដាក់ទៅដាក់លើកន្លែងដែលមានមុន២ទៅ៣វិនាទី ហើយធ្វើបែបនេះរាល់២ទៅ៣នាទីម្ដង អ្នកនឹងឃើញប្រសិទ្ធភាពក្នុងថ្ងៃទី១ឬទី២បន្ទាប់។