2017-03-25 · 7,603 views
ឧស្សាហ៍ហូរទឹកភ្នែក មកពីមូលហេតុអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ស.ភ អាយុ២៣ឆ្នាំ ទម្ងន់៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៧៥ សព្វថ្ងៃជានិស្សិត។ ខ្ញុំធ្លាប់មានបញ្ហាហូរទឹកភ្នែកហើយក៏ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ ក្នុងគ្រួសារខ្ញុំមិនមានអ្នកមានបញ្ហាភ្នែកទេ។ បច្ចុប្បន្នខ្ញុំមានបញ្ហាស្រវាំង ភ្នែកហើយចេះតែខ្លាំងទៅៗ។ម្យ៉ាងទៀត ភ្នែកឡើងក្តៅហើយឈឺ។ ខ្ញុំចាប់ផ្តើមពិបាកបើកភ្នែកពេលសម្លឹងមើលទូរស័ព្ទឬកុំព្យូទ័របានរយៈពេលមួយម៉ោង។ តើពេលហូរទឹកភ្នែកត្រូវធ្វើដូចម្តេច?ពេលភ្នែកឡើងក្រហម និងស្រវាំងត្រូវធ្វើដូចម្តេច? អាការៈអ្វីខ្លះដែលបញ្ជាក់ថាភ្នែកមានបញ្ហាវិវឌ្ឍទៅរកភាពយ៉ាប់យឺន? តើពេលណាឬក្នុងដំណាក់កាលណាដែលត្រូវប្រើវ៉ែនតា?
ចម្លើយ ៖ ការហូរទឹកភ្នែករបស់ប្អូននេះជារោគសញ្ញាមួយទាក់ទងនឹងបញ្ហារលាកភ្នែក។ ភ្នែកស្ងួតអាចបណ្តាលមកពីការប្រឈមនឹងធូលីដីហុយ ប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរជាដើម។ ចំពោះដំណោះ ស្រាយ ប្អូនគួរប្រើទឹកភ្នែកសិប្បនិម្មិត(Artificial Tear) ប្រភេទដែលល្អព្រោះវាជួយផ្សើមឲ្យមានសំណើមដល់ភ្នែក បើអាចប្រើវ៉ែនតាទៀតនោះកាន់តែល្អវាជួយកាត់បន្ថយនូវអាការៈភ្នែកស្ងួត និងការហូរទឹកភ្នែក ទោះយើងមានម៉្ញូបឬគ្មានក៏ដោយ។ទាក់ទងនឹងភ្នែកស្រវាំងប្អូនត្រូវតែមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីឲ្យដឹងថាប្អូនស្រវាំងកម្រិតណាតិចឬច្រើន ហើយមូលហេតុស្រវាំងបណ្តាលមកពីអ្វី៖ មកពីភ្នែកម៉្ញូបឬក៏មកពីអ្វីផ្សេងទៀត។ រីឯភ្នែកក្រហមរបស់ប្អូនជារោគសញ្ញាមួយដែលជួប ច្រើនក្នុងជំងឺភ្នែកដូចជាការរលាកភ្នែកអាល្លែកហ្ស៊ី ឬភ្នែកស្ងួតខ្លាំង។ ប្រសិនបើអាការៈរបស់ប្អូនកើតរយៈពេលខ្លីហើយបាត់ទៅវិញនោះ មិនមានអ្វីគួរឲ្យបារម្ភទេហើយក៏មិនបាច់ទៅជួបគ្រូពេទ្យក៏បានដែរ គ្រាន់តែយើងចេះថែរក្សាភ្នែកឧស្សាហ៍ លុបលាងមុខកុំឲ្យសូវត្រូវខ្យល់ថ្ងៃ ផ្សែង ដីហុយ និងចេះសម្រាកភ្នែកខ្លះគឺល្អបំផុត។ ប្រសិនបើអាការៈនេះកើតឡើងញឹកញាប់ដោយចេះតែមានក្រហមហៀរទឹកភ្នែក គួរតែទៅជួបគ្រូពេទ្យភ្នែកដើម្បីមើលថាតើភ្នែកប្អូនមានបញ្ហាជំងឺរលាក ឬមានរោមភ្នែកចាក់ភ្នែកឬយ៉ាងណា។ ចំពោះវ៉ែនតាប្អូនគួរប្រើចំពោះពេលប្រើប្រាស់កុំព្យូទ័រច្រើន ឬធ្វើការងារខាងក្រៅច្រើនដែលប្រឈមនឹងធូលីដីផ្សែងជាដើម។
បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត ម៉ារ អមរិន្ទ ជាប្រធានផ្នែកនិងអនុប្រធានការិយាល័យបច្ចេកទេសហើយក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកចក្ខុសាស្ត្រដល់និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ និងនិស្សិតឯកទេសចក្ខុសាស្រ្ត