2017-04-03 · 5,725 views
៩ចំណុចដែលត្រូវពិចារណាពេលរើសក្លិបហាត់ប្រាណ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ប្រជាជនកម្ពុជាហាក់យល់ដឹងច្រើនពីបញ្ហាសុខភាព ទើបយើងសង្កេតឃើញថាប្រជាជនទាំងក្មេង ទាំងចាស់ ហាក់ងាកទៅរកការហាត់ប្រាណជាប្រចាំនៅតាមទីសាធារណៈ និងក្លិបហាត់ប្រាណឯកជន។ ហេលស៍ថាម សូមលើកយក ៩ចំណុចដែលអ្នកគួរពិចារណាក្នុងការរើសក្លិបហាត់ប្រាណ៖
1. តម្លៃ ទោះអ្នកមានជីវភាពណាក៏ដោយ ការសន្សំសំចៃនៅតែជារឿងល្អមួយ។ •ការបញ្ចុះតម្លៃពិសេស៖ អ្នកមិនគួរឲ្យរំលងនូវឱកាសបុណ្យនានាឡើយព្រោះក្លិបហាត់ប្រាណ នីមួយៗ តែងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យទាំងនោះ ។ •ការចុះជាសមាជិករយៈពេលវែង៖ សម្រាប់អ្នកទើបតែចូល អ្នកមិនគួរចុះជាសមាជិករយៈពេលវែងដូចជា ១ឆ្នាំ ២ឆ្នាំ ភ្លាមៗនោះទេ។ អ្នកគួរសាកល្បងហាត់នៅក្លិបនោះឲ្យបានមួយរយៈសិន ដើម្បីដឹងថាអ្នកពិតជា ពេញចិត្តនឹងក្លិបនោះពិតប្រាកដមែន។ 2. ប្រភេទអ្នកចូលចិត្តទៅក្លិប ក្លិបនីមួយៗតែងមានប្រភេទអ្នកទៅផ្សេងៗគ្នាដូចជាក្លិបខ្លះ សម្បូរដោយ ប្រុសៗ ខ្លះដោយស្រីៗ ជាដើម។ •ប្រសិនបើអ្នកជាស្រី ៖ អ្នកប្រហែលមិនចង់ឲ្យប្រុសៗជាច្រើនសម្លឹងមើលអ្នកពេលអ្នកកំពុងហាត់ប្រាណនោះទេ ដែលធ្វើឲ្យអ្នកអៀន ឬមិនហ៊ានសាកល្បងហាត់ឧបករណ៍ថ្មីៗជាដើម។ •ចំនួនអ្នកទៅក្លិបនោះ ៖ អ្នកក៏គួរតែសង្កេតមើលថាក្លិបនោះមានអ្នកហាត់ប៉ុន្មាននាក់ដែរជាពិសេសពេលល្ងាច និងថ្ងៃចុងសប្តាហ៍ព្រោះ អ្នកប្រហែលជាមិនចង់អង្គុយរង់ចាំឧបករណ៍ ហាត់ប្រាណដែលអ្នកចង់ប្រើនោះទេ។
3. ឧបករណ៍ហាត់ប្រាណ ពេលរើសកន្លែងហាត់ប្រាណ អ្នកគួរដើរមើលមួយជុំក្លិបនោះ តើក្លិបនោះមានឧបករណ៍ហាត់ប្រាណ គ្រប់គ្រាន់ដែរឬទេ ជាពិសេសឧបករណ៍ដែល អ្នកចូលចិត្តហាត់។
4. សេវាកម្មបន្ថែម ក្លិបហាត់ប្រាណមួយចំនួនមានការផ្តល់ជូនសេវាកម្មបន្ថែមដូចជាកន្លែងក្មេងលេង ការម៉ាស្សា ធ្វើសរសៃ ឬសាឡនផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសាកសួរថាក្លិបនោះមានអ្នកប្រឹក្សាយោបល់ពីចំណីអាហារផ្សេងៗដែរឬទេជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានសាច់ដុំ ៦កង់ជាដើម។
5.ទីតាំង អ្នកគួរជ្រើសរើសយកក្លិបហាត់ប្រាណណាដែលនៅក្បែរផ្ទះ សាលា ឬកន្លែងធ្វើការរបស់អ្នក បើមិនដូច្នោះទេ អ្នកទំនងជាមិនអាចទៅហាត់ប្រាណបានទៀងទាត់ទេ ឬខ្ជិលទៅហាត់ប្រាណតែម្តង ជាពិសេសក្នុងក្រុងភ្នំពេញដែលមានការកកស្ទះចរាចរណ៍ច្រើនផងដែរ។
6. ភាពស្អាត និងអនាម័យ ក្លិបហាត់ប្រាណក៏ជាកន្លែងដែលអ្នកសម្រាកអារម្មណ៍ពីការងារ និងបញ្ចេញស្រេ្តសផងដែរ ដូច្នេះហើយក្លិបហាត់ប្រាណត្រូវជាកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ អ្វីដែលអ្នកគួរសង្កេតមានដូចជា ឧបករណ៍ហាត់ប្រាណរប៉ាត់រប៉ាយឬទេ ឧបករណ៍ដែលខូចមានអ្នកធ្វើឬទេ ក្លិបនោះមានធុំក្លិនអាក្រក់ឬទេ កន្សែងបោកបានស្អាតឬទេ ឬសំរាមទុកដាក់មានរបៀបជាដើម។
7. ម៉ោងដែលបំរើការ អ្នកខ្លះចូលចិត្តហាត់ពេលព្រឹក ខ្លះក៏ចូលចិត្តហាត់ពេលល្ងាច ដូច្នេះអ្នកត្រូវពិនិត្យឲ្យច្បាស់ថាក្លិបនោះបើកពីពេលណាដល់ពេលណា។ ដោយឡែក អ្នកក៏គួរសួរពីកាលវិភាគបិទក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ព្រោះជួនកាលបើថ្ងៃបុណ្យផ្សេងៗ យើងក៏អាចទៅហាត់ប្រាណលេងផងដែរ។
8. គ្រូបង្ហាត់ គ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណក៏ជាកត្តាសំខាន់មួយផងដែរ ព្រោះបើមានគ្រូត្រឹមត្រូវ នោះយើងនឹងហាត់បានត្រូវតាមការណែនាំ និងឆាប់ទទួលបានលទ្ធផលផងដែរ។
9. ការផ្តល់ជូនពិសេសៗសម្រាប់សមាជិក ក្លិបហាត់ប្រាណមួយចំនួនមានការសហការណ៍ជាមួយហាងផ្សេង ដូច្នេះប័ណ្ណសមាជិកដែលអ្នកកាន់អាចនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗ ឬទទួលបានសេវាកម្មមួយចំនួនដោយឥតគិតថ្លៃផងដែរ។