CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-06 · 6,277 views

បង្កើនមន្តស្នេហ៍បុរសជាមួយសកម្មភាពឃូលៗ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា តែចំណង់ចំណូលចិត្តរបស់មនុស្សប្រុសមួយចំនួន បង្ហាញតាមរយៈសកម្មភាពដែលមើលទៅឡូយហើយក៏គួរឲ្យចូលចិត្តជាពិសេសបានទាក់ទាញក្តីស្រឡាញ់ពីមនុស្សស្រីភាគច្រើនទៀតផង។ អញ្ចឹងបានថា បុរសៗខ្លះបានក្លាយទៅជា អាយដលរបស់មនុស្សជុំវិញដោយមិនដឹងខ្លួន។ ត៎ោះ នារីៗមើលថា ត្រូវចិត្តចំណុចណាមួយ? ហើយបុរសៗវិញក៏មើលដែរថា មានសកម្មភាពឃូលណាត្រូវនឹងខ្លួនឯងអត់?

ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សានិងការងារឲ្យមានប្រយោជន៍ ប្រុសៗបានយកការអានដើម្បីកែអផ្សុក។ សៀវភៅដែលពួកគេអាន អាចជាសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ។  ពួកគេចូលចិត្តអាននៅបណ្ណាល័យ  ឬហាងកាហ្វេជាដើម ដែលជាទីចាប់អារម្មណ៍នៃមនុស្សស្រីទាំងឡាយ។

ការសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានអនុញ្ញាតឲ្យមនុស្សទូទៅអាចបង្ហាញពីអារម្មណ៍ ទស្សនវិស័យ ឬភាពជោគជ័យនានា។ ក្នុងនោះដែរ ការដែលបុរសបានសរសេរពីរឿងរ៉ាវផ្សេងៗ ហើយចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បានធ្វើឲ្យស្រីៗភាគច្រើន ស្គាល់ យល់ពីអារម្មណ៍ និងស្រឡាញ់ពីទឹកដៃសរសេររបស់ពួកគេ។

ការលេងកីឡា ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ។

ការលេងឧបករណ៍ភ្លេង និងចេះច្រៀង ការលេងហ្គីតា ព្យាណូ ឬឧបករណ៍ភ្លេងផ្សេងទៀតមិនត្រឹមកំសាន្តអារម្មណ៍ និងបន្ថយភាពតានតឹង ប៉ុន្តែភ្ជាប់ជាមួយគ្នាដែរ ពួកគេក៏មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចផ្តល់នូវអារម្មណ៍ល្អៗដល់អ្នកជុំវិញតាមរយៈបទភ្លេង និងសំនៀងរបស់ពួកគេផងដែរ។

ការចេះបង្កើតថ្មី មនុស្សមានភាពប៉ិនប្រសព្វផ្សេងៗគ្នា ពួកគេបានប្រើប្រាស់ខួរក្បាលរបស់គេយ៉ាងល្អ។ ការដែលបុរសមានសមត្ថភាព អាចបង្កើតរបស់ថ្មីបាន និងច្នៃរបស់ចាស់ៗដើម្បីប្រើឡើងវិញបាន ដែលជាអត្ថប្រយោជន៍រួមបង្ហាញពីភាពឈ្លាសវៃ ដែលជាភាពទាក់ទាញមួយកម្រនឹងឃើញ។

ការចូលរួមការងារសង្គម បុរសមើលទៅកាន់តែឃូល នៅពេលដែលពួកគេបានចំណាយពេលវេលារបស់គេ ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ជួយអ្នកដទៃក៏ដូចជាចូលរួមរំលែកការងារក្នុងសង្គម។ ការងារស្ម័គ្រចិត្តធ្វើឲ្យពួកគេស្គាល់មនុស្សជាច្រើន និងបានចែក រំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដទៃ។  មិនត្រឹមជួយសង្គម បង្ហាញភាពមានទឹកចិត្ត និងការងាយចុះសម្រុង តែក៏ធ្វើឲ្យគេទទួលបានប្រជាប្រិយភាពជាងមុនទៀតផង។

ការចូលចិត្តធ្វើម្ហូប ភាពសង្ហារបស់មនុស្សប្រុស អាស្រ័យលើភាពប៉ិនប្រសព្វ កិច្ចការងារផ្ទះ និងមិនមើលបំណាំមនុស្សស្រី។ ការអាចយល់    និងដឹងពីរសជាតិនៃម្ហូបអាហារបានបង្ហាញពីភាពយកចិត្តទុកដាក់ លើការងាររបស់ពួកគេ។ លេងសើចមិនបានទេ មេចុងភៅល្បីជាច្រើន ក៏ជាបុរសដែរណា៎...

ការចូលចិត្តថតរូប ប្រណីតភាពនៃជីវិត បានបង្ហាញតាមរយៈរូបថត ដែលបានផ្តិតយកជាមួយនឹងទឹកដៃដែលល្អឥតខ្ចោះ។ មនុស្សចូលចិត្តថតរូប ជាប្រភេទមនុស្សដែលចូលចិត្តរក្សាការចងចាំល្អៗ និងផ្តល់ភាពរីករាយដល់អ្នកដទៃ។ ពួកគេក៏ជាមនុស្សដែលអាចមើលឃើញពីជ្រុងមួយដែលស្រស់ស្អាតពីគ្រប់វត្ថុទាំងអស់ដែលអ្នកធម្មតាមិនអាចមើលឃើញ។ នេះហើយជាលក្ខណៈពិសេសរបស់ពួកគេ។

ចូលចិត្តមើលក្មេង ក្មេងៗពិតជាគួរឲ្យស្រឡាញ់ តែក៏ពេលខ្លះពិបាកនឹងចូលទៅជិត សូម្បីតែនារីខ្លះក៏មិនអាចស៊ូមើលថែក្មេងបានដែរ មនុស្សប្រុសភាគច្រើនមិនចេះមើលក្មេងទេ ដូចនេះទើបធ្វើឲ្យបុរសដែលអាចមើលថែក្មេងបានមើលទៅពិសេស បំផុត។ ជាទូទៅ បុរសបែបនេះតែងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានចិត្តអំណត់ វៃឆ្លាត និងមានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ។

សកម្មភាព ជាចំណែកមួយនៃភាពទាក់ទាញរបស់បុរស ប៉ុន្តែអត្តចរិត សមត្ថភាព និងកត្តាជាច្រើនទៀតជាអ្វីដែលអ្នកគ្រប់គ្នាសម្លឹងមកដូចគ្នាដូចនេះសកម្មភាពដែលអ្នកគិតថាអ្នកអាចធ្វើបាន គួរតែសាកល្បងដែរ តែបើអ្នកមិនចូលចិត្តមិនចាំបាច់ព្យាយាម ដើម្បីការចូលចិត្តរបស់អ្នកដទៃឡើយ គ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អទៅ គឺគ្រប់គ្រាន់ហើយ។