CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-08 · 7,201 views

ជំងឺធ្មេញកុមារ មិនមែនជាបញ្ហាតូចតាចទេ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ជំងឺធ្មេញកុមារដែលមិនគួរមើលរំលងលក្ខណៈទូទៅរបស់ធ្មេញមិនថាកុមារ ឬមនុស្សពេញវ័យ លក្ខណៈជាទូទៅ របស់ធ្មេញចែកចេញជា ៣ ស្រទាប់ដូចជាកាចា(ផ្នែកខាងក្រៅ) ភ្លុក និងបណ្តូលធ្មេញ ដែលជាស្រទាប់ផ្នែកខាងក្នុងរបស់ធ្មេញ ។ បន្ថែមពីនេះធ្មេញមានរួមបញ្ចូលនូវសារធាតុម្យ៉ាងដែលឲ្យឈ្មោះថា Cementum ដែលព័ទ្ធជុំវិញឫសរបស់ធ្មេញ និង Ligament សម្រាប់ភ្ជាប់ពី Cementum ទៅកាន់ឆ្អឹង ដែល វាបង្កឲ្យធ្មេញមានចលនាតិចៗជាធម្មតា។ គប្បីកុំចាត់ទុកសុខភាពមាត់ធ្មេញរបស់កុមារជាបញ្ហាតូចតាច ផ្ទុយទៅវិញ វាជាប្រភពមេរោគ និងជាកត្តាបង្កជំងឺជាច្រើនដែលបង្អាក់ការលូតលាស់របស់កុមារ និងប្រឈមទៅនឹងសុខភាពទូទៅដូចជាក្តៅខ្លួន រាកជាដើម។

ដំណាក់កាលវិវឌ្ឍនៃធ្មេញកុមារជាទូទៅ កុមារមានធ្មេញទាំងអស់ចំនួន២០ ដែលផ្នែកខាងលើមានចំនួន១០ បូករួមជាមួយផ្នែក ខាងក្រោម ចំនួន១០បន្ថែមទៀត។ ចំពោះដំណុះធ្មេញព្រៃចាប់ផ្តើមក្នុងអាយុ ៦ខែ រហូតដល់៣ឆ្នាំ ហើយធ្មេញនឹងមានការផ្លាស់ប្តូរពីធ្មេញព្រៃទៅធ្មេញស្រុកចាប់ពីអាយុ ៦ឆ្នាំ និងចប់សព្វគ្រប់ក្នុង កំឡុងអាយុ១៣ឆ្នាំ។ យ៉ាងណាមិញ ធ្មេញព្រៃរបស់កុមារមានលក្ខណៈខុសគ្នាពីមនុស្សពេញវ័យ ផ្អែកលើសភាព ២យ៉ាង៖ • មានពណ៌សល្អក់ដូចទៅនឹងពណ៌របស់ ទឹកដោះ ដែលខុសពីធ្មេញរបស់មនុស្សពេញវ័យដែលមានពណ៌ស។ • វាមានក្បាលធ្មេញតូច និងឫសខ្លី ដែលផ្ទុយ ពីមនុស្សពេញវ័យ។ កត្តាប្រឈម និងការប៉ះពាល់កុមារដែលស្ថិតក្នុងអាយុចាប់ពី ២ឆ្នាំ ទៅ ៧ឆ្នាំជាវ័យដែលងាយទទួលរងបញ្ហាសុខភាពមាត់ធ្មេញច្រើនជាងគេ ដោយពួកគេមិនទាន់ចេះថែរក្សាការពារធ្មេញដោយខ្លួនឯង។ កត្តាដែលប៉ះពាល់ និងបង្ករោគ មានដូចជាការផ្តល់របបអាហារដែល មិនអំណោយផល និង ការលើសឬខ្វះនូវសារធាតុរ៉ែមួយចំនួន។នៅពេលដែលធ្មេញទទួលរងនូវជាតិស្ករច្រើនពីចំណីអាហារ វាត្រូវបានបំលែង ឲ្យទៅជាជាតិអាស៊ីត ដែលបណ្តាលមកពីពពួកមេរោគមួយចំនួននាំឲ្យខូចខាតសភាពរបស់ធ្មេញក្នុងពេលវេលាគ្រប់គ្រាន់ណាមួយ។

មួយវិញទៀតទម្លាប់នៃការបំបៅទឹកដោះគោ ដែលខុសពីទឹកដោះធម្មជាតិ ក៏អាចនាំឲ្យធ្មេញឈានទៅរកការខូចខាតផងដែរ ដែលបញ្ហាទាំងនោះមានដូចជា៖ • ធ្មេញពុក • ពណ៌របស់ធ្មេញមានសភាពខុសធម្មតា(ខ្មៅ ឬត្នោត) • មានទំហំមិនប្រក្រតី • មិនរឹងមាំ និងស្តើង • ងាយស្រៀវ។

រោគសញ្ញា និងរោគវិនិច្ឆ័យ គន្លឹះមួយចំនួនក្នុងការរករោគសញ្ញានៃជំងឺធ្មេញរបស់កុមារមានដូចជា៖ • ការពិនិត្យមើលការប្រែប្រួលនូវសភាពពណ៌របស់ធ្មេញ • កុមារពិបាកក្នុងការទំពារ • មានចំណីអាហារដែលអាចជាប់នៅតាមចន្លោះធ្មេញ  ដែលបង្កឲ្យមានការឈឺចាប់។ ជាទូទៅ កុមារដែលមានបញ្ហាមាត់ធ្មេញ ទាមទារឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកដែលមានទន្តបណ្ឌិតពោរពេញទៅដោយជំនាញច្បាស់លាស់ទើបអាចធានាបាននូវការធ្វើរោគវិនិច្ឆ័យបាន ត្រឹមត្រូវ និងច្បាស់លាស់។

ការព្យាបាល និងការការពារ ចំពោះការព្យាបាលប្រែប្រួលទៅតាមសភាពធ្មេញតួយ៉ាង៖ • កុមារដែលមានចង្អូរធ្មេញជ្រៅប្រឈមទៅនឹង ការពុកធ្មេញ គឺតម្រូវឲ្យមានការប៉ះបិទជម្រៅនៃ ចង្អូរទាំងនោះដែលឲ្យឈ្មោះថា Fissure Sealant។ • ប្រើប្រាស់សារធាតុភ្លុយអរ (Fluoride) លាបត្រង់កន្លែងធ្មេញដែលមានការខូចខាត អាចការពារការពុកធ្មេញទាន់ពេលវេលា។ • ចំពោះធ្មេញដែលមានដំណាក់កាលធ្ងន់ធ្ងរអាចឈានទៅរកការព្យាបាលដោយជ្រើសរើសនូវការដាក់ធ្មេញប្រភេទ stainless steel crown សម្រាប់កុមារ។ • ធ្វើការដកធ្មេញព្រៃមុនអាយុ ក្នុងករណីដែលមិនអាចរក្សាទុកធ្មេញ ដែលមានបញ្ហានោះតទៅទៀតបាន។

ការការពារទាមទារឲ្យមានការផ្តល់អាហារដែលមានជាតិវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ និងទៀងទាត់តាមពេលវេលាជាពិសេសចំណីអាហារប្រភេទមើមដែលវាសម្បូរ ទៅដោយជាតិ ភ្លុយអរ និងកាល់ស្យូមគួរតែផ្តល់ឲ្យកុមារឲ្យបានច្រើន ដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ចៀសវាងផ្តល់អាហារដែលមានជាតិស្ករច្រើនជាពិសេសផលិតផលស្ករគ្រាប់។ បន្ថែមពីនេះ អាណាព្យាបាលមិនត្រូវបន្តក់ជាតិថ្នាំភ្លុយអរដោយខ្លួនឯងទៅលើធ្មេញក្មេង ដែលមិនបានទទួលវេជ្ជបញ្ជាពីទន្តបណ្ឌិតទេ។ ផលប៉ះពាល់ធ្ងន់ធ្ងរករណីដែលមិនបានទទួលការព្យាបាលទាន់ពេលវេលាអាចបង្កជាបញ្ហា៖ • ធ្មេញព្រៃខូច និងជ្រុះមុនអាយុ • បាត់ចំណង់ចំណីអាហារ ដែលអាចបង្កជាជំងឺទៅថ្ងៃអនាគត • ប៉ះពាល់ដល់ការសិក្សា។ ចំពោះកុមារដែលមានប្រវត្តិធ្លាប់ទទួលរងនូវ

បញ្ហាធ្មេញបានបន្សល់ទុកនូវផលអវិជ្ជមានពេលពេញវ័យដូចជា៖ • បាត់បង់សោភ័ណភាពផ្ទៃមុខ ដោយទម្រង់នៃធ្មេញស្រុកដុះមិនបានល្អ • បញ្ហាលើមុខងារទំពា ងាយបង្កជាជំងឺមាត់ធ្មេញផ្សេងៗ • បាត់បង់ទំនុកចិត្ត។

បកស្រាយដោយ ៖ លោកទន្តបណ្ឌិត អ៊ឹង ប៉ោលាង នៃមន្ទីរព្យាបាលធ្មេញ អេឡេហ្គង់

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។