2017-04-11 · 4,014 views
ក្លាយជាឱសថការីដោយសុវត្ថិភាព!!!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
"Official pharmacist! ជយោ! ក្លាយជាឱសថការីជាផ្លូវការហើយ"
មិត្តខ្ញុំជាច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលផុស status បែបនេះនៅថ្ងៃចេញលទ្ធផលប្រលងថ្នាក់ជាតិ។ និយាយពីថាពេលកំពុងរៀនមានអារម្មណ៍ថាយូរណាស់ បន់ឲ្យតែចប់ឆាប់ៗ ប៉ុន្តែដល់ពេលរៀនចប់ហើយបែរជាមានអារម្មណ៍ថា ប្រាំឆ្នាំហាក់ដូចជាលឿនដល់ហើយ ទើបតែចូលរៀនម្ងៃនោះសោះ។ អរក៏អរ សប្បាយក៏សប្បាយ... តែក្នុងពេលជាមួយគ្នាក៏ភ័យបុកពោះតិចៗដែរ ពីព្រោះថារៀនចប់ហើយ ប្រលងចេញក៏ចប់ដែរ ពួកម៉ាករួមជំនាន់មួយភាគធំក៏មានការងារធ្វើអស់ហើយ អ្នកខ្លះក៏មានគ្រួសារ នៅឡើយតែខ្ញុំ អត់ដឹងកោះត្រើយនៅទីណាទេ។ ហ៊ើយ! T.T
និយាយតាមត្រង់ ការបញ្ចប់ការសិក្សានេះចំពោះខ្ញុំ គឺជាការបញ្ចប់នូវជំពូកមួយក្នុងជីវិតហើយក៏ជាពេលដែលត្រូវចាប់ផ្ដើមជំពូកថ្មីមួយទៀត និងត្រូវបន្តដំណើរទៅមុខមួយជំហានទៀតដែរ។ បទពិសោធន៍របស់ខ្ញុំដែលកន្លងទៅថ្មីៗក្នុងនាមជានិសិត្សឱសថសាស្រ្ត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អាចចាត់ទុកបានថាជាផ្នែកមួយនៃជីវិតរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន។ ទោះបីជារយៈពេល៥ឆ្នាំកន្លងមកនេះ មាននូវការលំបាកនិងឧបសគ្គជាច្រើនក្តី ជួនកាលពេលខ្លះសឹងតែយកសៀវភៅទៅស្ងោរដាំទឹកផឹក ពេលខ្លះវិញឃើញតែមេរៀនត្រូវមើលពេលប្រលងចង់ដាច់ផ្ងារ ថ្ងៃខ្លះដាច់យប់ផងក៏មាន លេបថ្មលេបគ្រោះ ក៏ខ្ញុំនៅតែខំប្រឹងប្រែងតស៊ូទាំងត្រដាបត្រដួស រហូតទទួលបានជោគជ័យនិងលទ្ធផលល្អ។
ម៉្យាងទៀតគិតសព្វៗទៅ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបមនុស្សល្អជាច្រើននៅក្នុងដំណើរជីវិតនេះ។ ការរៀននៅសាលាបានផ្ដល់នូវចំណេះដឹង និងជំនាញដែលអាចឲ្យខ្ញុំប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែបើគិតឲ្យដល់ទៅ របស់សំខាន់ដែលខ្ញុំបានពាំនាំមកជាមួយបន្ទាប់ពីបញ្ចប់កាសិក្សានោះគឺមិត្តភាព។ ថ្ងៃក្រោយខ្ញុំសង្ឃឹមថាមិត្តភាពមួយនេះនឹងនៅស្ថិតស្ថេរយូរអង្វែងជារៀងរហូត។
មកដល់ថ្ងៃនេះមានមនុស្សជាច្រើនដែលខ្ញុំចង់និយាយប្រាប់ថាអរគុណ។ ជាដំបូងសូមអរគុណម៉ាក់ នឹងប៉ាបងស្រី បងប្រុសជាទីស្រលាញ់របស់ខ្ញុំ ដែលបានចិញ្ចឹមបីបាច់នឹងតែងតែលើកទឹកចិត្ត។ ជាពិសេសគុណបំណាច់ដែលមិនអាចបំភ្លេចបានគឺ សូមអរគុណទៅកាន់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងផ្តល់ជាដំបូន្មានទាក់ទងទៅនឹងវិជ្ជាជីវៈ ក៏ដូចជាបទពិសោធន៍ជីវិតផ្សេងៗ។
មួយវិញទៀតសូមអរគុណដល់សិស្សច្បង និងអ្នកដែលស្គាល់ទាំងអស់ដែលបានជួយប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។ ក្នុងនោះដែរក៏សូមអរគុណទៅកាន់ពួកម៉ាកមហាមិត្តទាំងអស់ដែលតែងតែចែករំលែក ផ្តល់អនុស្សាវរីយ៍ ការចងចាំល្អៗ ញ៉ាំត្រាវ និងរួមសុខទុក្ខជាមួយគ្នាកន្លងមក។ ជាចុងក្រោយចង់និយាយថាស្រលាញ់មិត្តភក្តិទាំងអស់គ្នា។ :-D