2017-04-26 · 10,356 views
កន្លែងហែលទឹក ៥កន្លែងដែលអ្នកមិនគួររំលង!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការហែលទឹកជាប្រភេទកីឡាដែលមិនបាច់ត្រូវចេញញើស ហើយស្របពេលអាកាសធាតុកំពុងតែក្តៅនេះ វាក៏អាចការពារការបាត់បង់ជាតិទឹក ព្រមទាំងភាពស្អុះស្អាប់នៅពេលហាត់ប្រាណផងដែរ។ ណាមួយការហែលទឹកអាចកាត់បន្ថយស្រេ្តស បង្កើនភាពរហ័សរហួន បង្កើនសម្រស់ ជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំផងដែរ ជា ពិសេសក៏ចៀសវាងពីការកើត និងការរើឡើងនៃជំងឺហឺតបានថែមទៀតផង។ តែបញ្ហាដែលតែងតែជួបប្រទះនៅកន្លែងហែលទឹកខ្លះ នោះគឺនៅត្រង់ថា អនាម័យ ផាសុកភាពមិនសូវល្អ និងភាពអ៊ូអរពេក រកតែកន្លែងបណ្តែតខ្លួនមិនឃើញ។ ហេតុនេះសូមមកមើល ពីការណែនាំពីទីកន្លែងហែលទឹក៥ កន្លែងជាមួយនឹងសេវាកម្ម និងតម្លៃសមរម្យ ដែលអ្នកនឹងមិនបាច់បារម្ភពីបញ្ហាខាងលើទៀតទេ។
1. The Place Fitness Center ជាប្រភេទកន្លែងហាត់ប្រាណមានអាងហែលទឹក ដ៏ស្រស់ស្អាត និងធំទូលាយដែលមានគំនូស បន្ទាត់សម្រាប់ហែលងាយស្រួលដល់អ្នកចង់ហ្វឹក ហាត់ហែលទឹក។ ទីតាំង៖ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ សេវាកម្ម៖ មានជាកញ្ចប់ ១៨០$ក្នុងមួយខែ រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 2. Superfit-Fitness and Health Club ជាកន្លែងហាត់ប្រាណដែលមានអាងហែលទឹក ធំទូលាយ និងបរិយាកាសស្ងប់ស្ងាត់ដែលអ្នក អាចតាំងអារម្មណ៍ហែលទឹក ដោយផ្តោតលើ ដង្ហើម និងធ្វើឲ្យសួតដំណើរការល្អ។ ទីតាំង៖ នៅលើផ្លូវម៉ៅសេទុង ភ្នំពេញ សេវាកម្ម៖ មានជាកញ្ចប់ ១០០$ក្នុងមួយខែ រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 3. Cambodiana Hotel ជាអាងទឹកមានការរចនាជាលក្ខណៈបែបខ្មែរ បុរាណមានកន្លែងអង្គុយ និងគេងសម្រាក បន្ទាប់ពីហែលទឹកហើយ។ ជាមួយខ្យល់អាកាសបែបធម្មជាតិ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងស្ងប់ស្ងាត់។ ទីតាំង៖ ផ្លូវ 313 ព្រះស៊ីសុវត្ថិ ភ្នំពេញ សេវាកម្ម៖ បើកពីថ្ងៃច័ន្ទដល់អាទិត្យ តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 4. Himawari Hotel អាងហែលទឹកដែលស្ថិតក្នុងបរិវេណសណ្ឋាគារ Himawari ទីធ្លាធំទូលាយ ផ្តល់ភាពងាយស្រួល ដល់ការទៅលេងជាក្រុម តែបើម្នាក់ឯងក៏អាចរាប់អានមិត្តថ្មីៗបានច្រើនដែរ។ អាងទឹកមាន ភាពត្រជាក់ និងមានទឹកថ្លា បើទៅលក្ខណៈជាគូក៏កាន់តែរ៉ូមែនទិក។អារម្មណ៍ស្រស់ស្រាយ ហើយបានសុខភាពល្អទៀត។ ទីតាំង៖ ផ្លូវ 313 ព្រះស៊ីសុវតិ្ថ ភ្នំពេញ សេវាកម្ម៖ ថ្ងៃច័ន្ទ-សុក្រ តម្លៃ៧$ និងសៅរ៍-អាទិត្យ តម្លៃ៨$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ 5. Aquarious Hotel & Urban Resort អាងទឹកស្ថិតលើកំពូលអគារ មានខ្យល់អាកាស បរិសុទ្ធ ដែលធ្វើឲ្យអ្នកដកដង្ហើមស្រួល និងអាចគេងសម្រាកមើលទេសភាពទីក្រុងបាន។ ការហែលទឹកក្នុងអាងទឹកប្រៃបែបនេះគឺអាចធ្វើឲ្យ ស្បែកអាចជម្រុះកោសិកាចាស់ៗបាន និងមានភាពទន់រលោង។ ទីតាំង៖ ផ្លូវ ២៤០ ខណ្ឌដូនពេញ ភ្នំពេញ សេវាកម្ម៖ បើកពីថ្ងៃច័ន្ទដល់អាទិត្យ តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។ អ្នកប្រហែលជាធ្លាប់ទៅកន្លែងហែលទឹកផ្សេងៗពីមុនមកហើយ តែចង់ដឹងថាកន្លែងពីមុនខុសពីកន្លែងដែលបានណែនាំទាំង៥ខាងលើ នេះយ៉ាងណានោះចុងសប្តាហ៍នេះជាឱកាសដែលអ្នកអាចសាកល្បង មើលបាន។