2017-04-27 · 6,884 views
គួរលាងភ្នែកដោយរបៀបណា?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មិនចាំបាច់ទាល់តែមានការប៉ះទង្គិចភ្នែក ទើបបណ្តាលឲ្យមានបញ្ហារមាស់ ឬរលាកភ្នែកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃក៏អាចឲ្យអ្នកមានអារម្មណ៍រមាស់ ឬឈឺភ្នែកដែរ។ ជាក់ស្តែង បញ្ហាទាំងនេះអាចបង្កមកពីធូលី ដី និងភាគល្អិតដែលមាននៅក្នុងបរិយាកាស ឬមកពីការអង្គុយសម្លឹងមើលសៀវភៅ ឬកំព្យូទ័រក្នុងរយៈពេលយូរ។ ដោយសារភ្នែកជាសរីរាង្គដ៏សំខាន់មួយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សា។បើនិយាយពីវិធីសាស្រ្តថែរក្សាវិញ ការលាងភ្នែកជាអ្វីដែលបុគ្គលគ្រប់រូបគិតដល់មុនគេ ដើម្បីបំបាត់នូវអាការៈរមាស់ភ្នែកទាំងនោះ។ យ៉ាងណាមិញតើអ្នកច្បាស់ទេថា ការលាងភ្នែករបស់អ្នកត្រឹមត្រូវ និងមានសុវត្ថិភាព? បើមិនទាន់ច្បាស់ទេ លោកអ្នកអាចស្វែងយល់ពីគន្លឹះខាងក្រោមពីវិធីសាស្រ្តក្នុងការលាងភ្នែកឲ្យបានត្រឹមត្រូវ…
មានទឹកលាងភ្នែក៖ គួរតែមានផលិតផលទឹកលាងភ្នែកនៅក្នុងផ្ទះ ជាពិសេសចំពោះគ្រួសារដែលមានកុមារតូចៗ ដែលអ្នកអាចរកទិញបាននៅតាមឱសថស្ថាននានា ដោយត្រូវប្រាកដថាទឹកលាងភ្នែកនោះមាន pH កម្រិតណឺត (pH ៧.០)។
ប្រើទឹកស្អាត៖ ប្រសិនបើមិនមានទឹកលាងភ្នែក អាចប្រើទឹកស្អាតជំនួសបាន ប៉ុន្តែទឹកដែលចេញពីក្បាលរ៉ូប៊ីណេអាចមានវត្តមានមេរោគដែលអាចប៉ះពាល់ដល់ភ្នែក។ ដូចនេះអ្នកគួរប្រើទឹកដែលបានធ្វើការច្រោះយកមេរោគចេញ ឬប្រើទឹកសុទ្ធក៏បាន។
រយៈពេលលាងភ្នែក៖ វាមានការប្រែប្រួលទៅតាមកម្រិតនៃការឆ្លងមេរោគក្នុងភ្នែករបស់អ្នកតួយ៉ាង៖ • ត្រូវការតែ ៥ នាទីសម្រាប់លាង ប្រសិនបើភ្នែកអ្នកត្រូវបានប៉ះពាល់ដោយសារធាតុដូចជាសាប៊ូ។ • ការប៉ះពាល់លក្ខណៈមធ្យម ដូចជាម្ទេស ឬសារធាតុអាស៊ីត អាចធ្វើការលាងពី ២០ នាទី ឬលើសពីនេះ។
សីតុណ្ហភាពទឹក ៖ ពេលប្រើទឹកសុទ្ធក្នុងការលាងភ្នែកអ្នកមិនត្រូវយកវាចេញភ្លាមៗពីទូទឹកកកសម្រាប់ប្រើនោះទេ។ ទឹកដែលស័ក្តិសមសម្រាប់លាងភ្នែកគួរតែមានសីតុណ្ហភាពពី១៥.៦ ទៅ៣៧.៨ អង្សាសេ។ ធ្វើការលាងភ្លាមៗ ៖ លាងសម្អាតភ្នែករបស់អ្នកបានកាន់តែឆាប់កាន់តែល្អ រាល់ពេលដែលមានអាការៈផ្សេងៗ ព្រោះក្នុងករណីការលាងមិនបានទាន់ពេលវេលា អាចបង្កឲ្យមានការខូចខាតច្រើនទៅកាន់សរីរាង្គភ្នែករបស់អ្នក។យ៉ាងណាមិញ ប្រសិនមិនបានធូរស្រាល ឬមានរោគសញ្ញាសង្ស័យកើតឡើង គួរធ្វើការស្វែងរកការព្យាបាលពីអ្នកឯកទេស។