2017-05-02 · 6,037 views
សញ្ញាណ 8យ៉ាងបង្ហាញពីបញ្ហាមិនប្រក្រតីនៃភ្នែករបស់កុមារ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជាឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖
· អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។
· ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។
· ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។
· ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។
· បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀង ពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។
· ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។
· ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល បណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។
· ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។