CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-05-10 · 6,505 views

ជំនាញ​ 8​យ៉ាង​ទាក់​ទាញ​ស្ត្រី​

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

បំណិន​ ឬ​ជំនាញ​ជីវិត​ គឺ​ជា​អ្វី​មួយ​ដ៏​ចាំ​បាច់​បំផុត​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែឈោង​ចាប់​យក​ ជាពិសេស​បណ្តា​បុរសៗ​ដែល​នៅ​លីវ​មិន​ទាន់​មាន​​ភរិយា​ ដ្បិត​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​ពីក្រុមអ្នក​ជំនាញ​បញ្ហា​ជីវិត​បាន​បង្ហាញ​ថា​ ស្ត្រី​ភាគ​ច្រើន​បំផុត​ពេញ​ចិត្ត​បុរស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ណា​មួយ​ បើ​ទោះជំនាញ​មួយ​ចំនួន​នោះ​ហាក់​មិន​ចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស​ក្តី។​ តើ​ស្ត្រី​ចូល​ចិត្ត​បុរស​មាន​ជំនាញ​អ្វី​ខ្លះ ?​

១-ចេះ​និយាយ​ភាសា​បរទេស​ណា​មួយ៖ ​ ពិតប្រាកដ​ណាស់​ នេះ​ជា​ជំនាញ​មួយ​ដែល​មនុស្ស​ពេញ​វ័យ​ពិបាក​នឹង​ចាប់​យក។ នេះជាមូលហេតុដែលជម្រុញឲ្យស្ត្រី​ឲ្យ​តម្លៃ និង​ចាប់​អារម្មណ៍​លើ​បុរស​ដែល​ចេះ​ភាសា​បរទេស​ ដ្បិត​ពួកគេ​យល់​ថា​ បុរស​ដែល​ចេះ​អាន សរសេរ​ និង​និយាយ​ភាសា​ជាតិ​សាសន៍​ដទៃ​បាន​ ប្រហែល​ជា​មាន​ការ​យល់​ដឹង​ខ្ពស់ និង​ទូលំទូលាយ​ពី​ស្ថាន​ការណ៍​ជុំវិញ​ពិភព​លោក​ផង​ដែរ​ ។​

២-​ចេះ​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​៖ ​ សម្រាប់​បុរស​ដែលទើប​ស្គាល់​គ្នា​ជា​មួយ​ស្ត្រី​ណា​ម្នាក់​ជា​លើក​ដំបូង​ ការ​ចេះ​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាងពិរោះ​ គឺ​ជា​សមត្ថ​ភាព​មួយ​ដែល​អាច​ទាក់​ទាញ​នាងបាន។​ លើសពី​នេះ​ វា​ក៏​អាច​បង្ហាញ​ឲ្យឃើញ​នូវ​ចរិត​ឫកពាររបស់​អ្នក​ឲ្យ​បុរស និង​ស្ត្រី​ដទៃ​ទៀតបានឃើញ​ផង​ដែរ។​ បុរស​ដទៃ​អាច​នឹង​កោត​សរសើរ​ ព្រម​ទាំង​គោរព​ទទួល​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែលអាច​ធ្វើ​រឿង​រ៉ាវ​មួយ​ដែល​បណ្តា​មនុស្ស​ភាគច្រើន​ធ្វើ​មិន​កើត​។​

៣-មានសមត្ថ​ភាព​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ (រថយន្ត​, ម៉ូតូ)៖​ ការរៀន​ពី​បច្ចេក​ទេស​ជួស​ជុល​ម៉ាស៊ីន​រថយន្ត​ ឬ​ម៉ូតូ​ មើលទៅ​ហាក់ដូចជា​សមត្ថ​ភាព​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ពិបាក។​ ប៉ុន្តែ​ដោយ​សំណាង​ល្អ​ អ្នក​មិន​ចាំបាច់​ចេះ​ច្រើន​នោះ​ទេ​ បើសិនគ្រាន់តែក្នុង​គោល​បំណង​ទាក់​ទាញ​ចិត្ត​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​នោះ។​ ចំណុច​សំខាន់ ​គឺ​អ្នក​ត្រឹម​តែ​អាច​យល់​ដឹង​ថា រថយន្ត ​ឬ​ម៉ូតូ​ខូច​អ្វី​ ពោល​គឺ​ប្រសើរ​ជាង​ចេះ​ត្រឹម​តែ​បើក​គម្រប​ម៉ាស៊ីន​ ហើយ​គ្រវី​ក្បាល​។ នេះ​ពិត​ជា​សំខាន់​ណាស់​ ជាពិសេស​ក្នុង​ខណៈ​អ្នក​កំពុង​ជូន​ស្ត្រី​ណា​ម្នាក់​ដើរ​កម្សាន្ត។​ មួយ​វិញ​ទៀត​ ការ​យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​របស់​ម៉ាស៊ីន​រថយន្ត​ឬ​ម៉ូតូ​ វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្លាយ​ជា​មនុស្ស​ចាញ់​បោក​ជាង​ជួស​ជុល​ដែល​មិន​ស្មោះត្រង់​នោះ​ទេ ។​

៤-​ចេះ​រាំ និង​ច្រៀង​កម្សាន្ត៖ ​ បុរស​មិន​ចេះ​រាំ​ហាក់​ដូច​ជា​បាត់​បង់​សិល្បៈ​មួយ​ក្នុង​ការ​ទាក់​ទាញ​ស្ត្រី​ ដ្បិត​ក្នុង​ពេល​ចូល​រួម​ពិធី​ផ្សេងៗ​ ស្ត្រី​រមែង​ចង់​ឡើង​រាំ​ ជាពិសេស​ជាមួយ​ដៃគូ​បុរស​ណា​ម្នាក់​ដែល​នាង​ដឹង​ថា​កំពុង​តាម​ស្រឡាញ់​ និង​ចែចង់​នាង ។​ បុរស​មិន​គួរ​បញ្ចេញ​ភាព​ខ្មាស​អៀន​ញើត​ញើម​ក្នុងការ​បបួល​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ឲ្យ​ឡើង​រាំ​នោះ​ទេ ។​

៥-​ចេះ​ចម្អិន​អាហារ​៖ ​ អ្នក​មិនចាំបាច់​ត្រូវ​ទៅ​រក​គ្រូ​បង្ហាត់​ដាំ​ស្ល ឬ​ទៅ​ទិញ​គ្រឿង​ផ្ទះ​បាយ​ដើម្បី​មក​រៀន​ធ្វើ​ម្ហូប​នោះ​ទេ។​ ចូរ​ចាប់​ផ្តើមជា​លក្ខណៈ​តូច​តាច​បានហើយ។​ ស្ត្រី​ជា​មិត្ត​ភក្តិ​របស់​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា​អ្នក​ចេះ​ធ្វើ​ម្ហូប​ ហើយ​នាង​អាច​នឹង​ចង់ដឹងថាអ្នកចេះ​ធ្វើ​ម្ហូប​អ្វី​ទៀត​ផង ។​

៦-​មាន​សុខភាព​មាំ​មួន​ដូច​ជា​អត្ត​ពលិក៖ ​ ក្រៅ​ពី​សមត្ថ​ភាព​ដាំ​ស្ល​  ស្ត្រី​ក៏​ចាប់​អារម្មណ៍​ខ្លាំងណាស់​ដែរ​លើ​បុរស​ដែលមាន​រាង​កាយ​មាំ​មួន ។​ ពួក​នាង​ពិតជាចង់​ឲ្យ​អ្នក​ក្លាយ​ជា​បុរស​ម្នាក់​ដែល​មាន​កម្លាំង​ខ្លាំង​ដូច​ជា​អ្នក​លេង​កីឡា​ ពោល​គឺ​ឲ្យ​សម​ជា​កូន​ប្រុស​ដើម​ទ្រូង​៥​ហត្ថ  រឹង​មាំ​មិន​ទន់​ជ្រាយ​ដូចជាស្ត្រី​ភេទ ។​

៧-រចនា​បថ និង​ការ​តុប​តែង​ខ្លួន៖ ​ ការតុប​តែង​ខ្លួ​នរបស់​បុរស ក៏​ជា​ចំណុច​មួយ​អាច​ទាក់​ទាញ​ស្ត្រី​បាន​ផង​ដែរ។​ ស្ត្រី​ភាគ​ច្រើន​មិន​ចូល​ចិត្ត​បុរស​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​នោះ​ទេ​ ។ ដូច្នេះ​ការ​កាត់​សក់​ខ្លី​ កោរ​ពុក​មាត់​ ស្លៀក​ពាក់​ស្អាត​បាត​ សុទ្ធ​តែ​ជា​ចំណុច​ដែល​ទាក់​ទាញ​ភ្នែក​ស្ត្រី ​។​ បណ្តា​ស្ត្រី​តែងតែ​រអ៊ូ​ថា បុរសៗ​កម្រ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​រូប​រាង​របស់​ខ្លួន​ខ្លាំង​ណាស់ ។

៨-​ការ​និយាយ​ស្តី៖ ​ ថ្វី​មាត់​ក្នុង​ការ​និយាយ​ស្តី​ ក៏​ជាចំណុច​មួយ​ដែល​ស្ត្រីដាក់​ពិន្ទុ​ឲ្យ​បុរស​ផង​ដែរ។​ ការ​និយាយ​ស្តី​នៅ​ទី​នេះ​ គឺ​ចង់សំដៅ​ទៅលើ​ពាក្យ​ពេចន៍​ដែល​បុរស​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​ខ្លួន​ចាប់​អារម្មណ៍ ឬ​ស្ត្រី​ដែល​ខ្លួន​មិន​ដែល​ស្គាល់។​ ទាំង​អស់​នេះ​គឺទាម​ទារឲ្យ​មាន​ជំនាញ។​ ទន្ទឹម​នឹង​ការ​និយាយ​ស្តី​ បុរស​ក៏​ត្រូវ​មាន​ជំនាញ​ក្នុងការ​ស្តាប់​យោបល់​របស់​គូសន្ទនា​ផងដែរ​ ។ ស្ត្រី​ពិតជា​គិត​ថាសំខាន់​ចំពោះ​តុល្យ​ភាព​នៃ​ពាក្យ​ពេចន៍​សន្ទនា​។​

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។