CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-05-11 · 8,893 views

សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

កុមារ គឺជាវ័យមួយដែលកំពុងតែមានការរីកលូតលាស់ ហើយក៏ជាវ័យដែលមាតាបិតាត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិមាណនៃសារធាតុចិញ្ចឹម ដែលបុត្រធីតាតូចៗរបស់ពួកគាត់ត្រូវការផងដែរ។  មិនត្រឹមតែក្នុងបរិមាណដែលគ្រប់គ្រាន់ប៉ុណ្ណោះទេ គឺ ចាំបាច់ត្រូវតែជា សារធាតុចិញ្ចឹមដែលត្រឹមត្រូវ ដើម្បីឲ្យសារពាង្គកាយរបស់ពួកគេមានការរីកធំធាត់បានល្អ។ ហេតុដូច្នេះហើយ របបអាហារដែលកុមារបរិភោគប្រចាំថ្ងៃ ពិតជាមានសារសំខាន់ណាស់ និងជាអ្វីដែលមាតាបិតាមិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមចម្បង ៣យ៉ាង ដែលកុមារត្រូវការជាចាំបាច់ប្រចាំថ្ងៃ៖

ជាតិដែក ជាតិដែក​ មាននាទីចូលរួមយ៉ាងសកម្មក្នុងការបង្កើតគោលិកាឈាមក្រហមដែលមានសុខភាពល្អ អាចដឹកនាំអុកស៊ីសែនទៅកាន់កោសិកានៅទូទាំងរាងកាយ។ វាពិតជាមានសារសំខាន់ក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាជាតិពណ៌ក្រហមនៅក្នុងឈាម និងមានតួនាទីក្នុងការដឹកនាំអុកស៊ីសែន ព្រមទាំងចូលរួម​ ក្នុងការវិវឌ្ឍរបស់ខួរក្បាលផងដែរ។ ដូចនេះហើយ បញ្ហាកង្វះជាតិដែកនឹងបណ្តាលឲ្យកើតជំងឺខ្វះឈាម  ប្រឈមនឹងអាការៈអស់កម្លាំង និងខ្សោយបញ្ញាទៀតផង។ គួរបញ្ជាក់ផងដែរថា សារធាតុចិញ្ចឹមដ៏សំខាន់មួយនេះសម្បូរនៅក្នុងសាច់ក្រហម និងថ្លើម  ដែលជាទូទៅបរិមាណដែលត្រូវការ គឺពី៧ទៅ១០មីលីក្រាមក្នុងមួយថ្ងៃ។

ជាតិស័ង្កសី ជាតិស័ង្កសីរួមចំណែកក្នុងការលូតលាស់ជាទូទៅ និងការវិវឌ្ឍនៃសរីរាង្គបន្តពូជ ការវិវឌ្ឍនៃប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រសិនបើ កុមារទទួលទានវាក្នុងបរិមាណមិនគ្រប់គ្រាន់ទេនោះ គឺអាចប្រឈមនឹងភាពខ្សោយការចងចាំ  សមត្ថភាពក្នុងការរៀន និងសមត្ថភាពក្នុងការប្រមូលអារម្មណ៍។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយក្នុងការលូតលាស់មិនពេញលេញ(ក្រិន) និងបញ្ហារាករូសធ្ងន់ធ្ងរនៃកុមារ ព្រមទាំងប្រឆាំងនឹងជំងឺដែលងាយកើតមានដូចជា ក្អក ផ្តាសាយ ជំងឺឆ្លងមេរោគត្រចៀក និងជំងឺដែលបង្កដោយប៉ារាសិត ដូចជាជំងឺគ្រុនចាញ់ផងដែរ។ វាក៏ដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺផ្សេងទៀត ដូចជា អាការៈគ្រប់គ្រងស្ថានភាពខ្លួនឯងមិនបាន ហ៊ឹងត្រចៀក ជំងឺភ្នែក អេដស៍ ជំងឺហឺត ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់។ល។ សារធាតុចិញ្ចឹមមួយនេះ មាននៅក្នុងអាហារច្រើនប្រភេទ រួមមាន ៖ សាច់ក្រហម ពពួកសត្វខ្ចៅខ្យង ដំឡូង (ទុកទាំងសំបក) ពពួកសណ្តែក ពពួកសណ្តែកដី ផ្សិត គ្រាប់ធញ្ញជាតិ និង មួយចំណែកទៀតនៅក្នុងទឹកដោះ។

វីតាមីនចម្រុះ វីតាមីនមានច្រើនប្រភេទ​ ហើយមាននាទីខុសៗគ្នា ដែលចាំបាច់សម្រាប់រាងកាយ៖

• វីតាមីន A ៖ ជួយឲ្យភ្នែកកុមារភ្លឺច្បាស់ ស្បែកមានសុខភាពល្អ និងការពារពីការបង្ករោគផ្សេងៗ ដែលវាសម្បូរនៅក្នុងបន្លែដូចជា ការ៉ុត ស៊ុតពណ៌លឿង និង ប្រេងត្រីជាដើម។ • វីតាមីន B ៖ មានច្រើនប្រភេទដែលមានប្រភពពីអាហារខុសៗគ្នា ហើយវាជួយក្នុងការផលិត RNA និង DNA​ ផលិតគ្រាប់ឈាម ចូលរួមក្នុង មេតាបូលីសផ្សេងៗ ព្រមទាំងចូលរួមក្នុងការផលិតគ្រាប់ឈាមថែមទៀតផង។ • វីតាមីន C ៖ មានសារប្រយោជន៍ក្នុងការប្រឆាំងទៅនឹងជំងឺផ្ដាសាយ ដោយធ្វើឲ្យកោសិការបស់សរសៃឈាមរឹងមាំ ជួយឲ្យដំបៅឆាប់ជា ព្រមទាំង ធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ វាសម្បូរនៅក្នុងផ្លែឈើដូចជា ប៉េងប៉ោះ ក្រូច និង ស្វាយជាដើម។ • វីតាមីន D ៖  ជួយឲ្យរាងកាយស្រូបជាតិរ៉ែដូចជា កាល់ស្យូមសម្រាប់ទ្រទ្រង់ឲ្យឆ្អឹង និងធ្មេញរឹងមាំ និងមានមុខងារ  ដូចជាអ័រម៉ូនដែលជួយសម្រួល ប្រព័ន្ធភាពស៊ាំរាងកាយ ការផលិតអ័រម៉ូនអាំងស៊ុយលីន និងការលូតលាស់របស់កោសិកា។ ជាទូទៅ រាងកាយអាចផលិតវាបាននៅពេលដែលស្បែកត្រូវពន្លឺថ្ងៃ។ • វីតាមីន E ៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ  និងជួយឲ្យរាងកាយប្រឆាំងទប់ទល់ទៅនឹងមេរោគ។ វារក្សាការបើកធំរបស់សរសៃឈាម ដែលជួយឲ្យឈាមមានលំហូរងាយស្រួល។

យ៉ាងណាមិញ ក្នុងករណីដែលបុត្រធីតារបស់លោកអ្នកមានបញ្ហាលំបាកក្នុងការទទួលទាន នូវប្រភេទអាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមចម្បង ៣ខាងលើ លោកអ្នកក៏អាចផ្តល់ឲ្យពួកគេនូវអាហារបំប៉នដែលមានផ្ទុកនូវអាហារូបត្ថម្ភទាំងនោះផងដែរ។ ហេតុនេះ បញ្ហារើសអាហាររបស់កូន នឹងលែងជាកង្វល់ របស់មាតាបិតាទៀតហើយ។ ដើម្បីរក្សាការរីកលូតលាស់នៃរាងកាយរបស់កូនអ្នក សូមធ្វើការជ្រើសរើសប្រភេទអាហារបំប៉នដែលស័ក្តិសម និងមានគុណប្រយោជន៍ សម្រាប់ពួកគេបំផុត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។