2017-05-17 · 15,505 views
របៀបញ៉ាំ ៨យ៉ាងដុតបំផ្លាញកាឡូរីកាន់តែច្រើន
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការដុតបំផ្លាញកាឡូរីបានល្អ មិនត្រឹមជួយអ្នកឲ្យស្រកទម្ងន់ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកគេងលក់ស្រួល ចៀសពីជំងឺមួយចំនួននិងមានកម្លាំងរឹងមាំទៀតផង។ ប៉ុន្តែ កាឡូរីដ៏លើសលប់របស់អ្នករឹងរូសហួសពីការគិត ដែលការហាត់ប្រាណតែម្យ៉ាងមិនអាចជួយអ្វីបានច្រើនទេបើមិនធ្វើរួមជាមួយរបៀបនៃការញ៉ាំដ៏ត្រឹមត្រូវនោះ។
1. ចាប់ផ្តើមតាំងពីព្រឹក រីករាយដុតបំផ្លាញកាឡូរីតាំងពីពេលចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកតាមរយៈការញ៉ាំអាហារពេលព្រឹក ដើម្បីដាស់មេតាបូលីសរបស់អ្នកនិងធ្វើឲ្យវាដំណើរការបានពេញមួយថ្ងៃ។ កុំភ្លេចរបបអាហារសមរម្យដែលល្អគ្រប់គ្រាន់សម្រាប់អាហារពេលព្រឹកដូចជា ទឹកដោះគោជូរ និងផ្លែឈើ ឬនំបុ័ង គ្រាប់ធញ្ញជាតិ។
2. ញ៉ាំឲ្យគ្រប់គ្រាន់ និងច្រើនពេល ការបរិភោគតិចជាងតម្រូវការរបស់រាងកាយ នោះរាងកាយរបស់អ្នកនឹងបញ្ឈប់ដំណើរការមេតាបូលីសរបស់អ្នកដូចគ្នា ដែលចុងក្រោយអ្នកមិនត្រឹមតែអស់កម្លាំងនោះទេ ថែមទាំងសល់កាឡូរីលើសដើម។ ដូចនេះ ក្រៅពីអាហារចម្បង ៣ពេលសមរម្យអ្នកក៏អាចបន្ថែមអាហារសម្រន់សុខភាពនៅចន្លោះអាហារនីមួយៗផងដែរ ដើម្បីឲ្យមេតាបូលីសអាចដំណើរការបានធម្មតា និងដុតកាឡូរីរបស់អ្នកមិនឈប់ឈរ។
3. ទឹកត្រជាក់ ការបរិភោគទឹកត្រជាក់មួយថ្ងៃ ៦កែវយ៉ាងតិច ត្រូវបានបង្ហាញថាបង្កើនការដុតបំផ្លាញកាឡូរីដោយមេតាបូលីស ដល់ទៅ ៥០កាឡូរីក្នុងមួយថ្ងៃ ដែលការកើនឡើងនេះបានពីការប្រើប្រាស់ថាមពលដើម្បីសម្របសម្រួលសីតុណ្ហភាពរបស់ទឹកទៅនឹងសីតុណ្ហភាពរបស់រាងកាយ។
4. បញ្ចូលគ្រឿងហឹរទៅក្នុងអាហារ អាហារហឹរមានសារធាតុធម្មជាតិ ដែលអាចជំរុញមេតាបូលីសរបស់អ្នកឲ្យកាន់តែស្វាហាប់។ ទោះបីជាឥទ្ធិពលនេះនឹងកើតមានជាបណ្តោះអាសន្ន ប៉ុន្តែការចម្អិនអាហារដោយបន្ថែមម្ទេសក្រហម ឬបៃតង ម្រេច ខ្ញី ខ្ទឹមសជាដើមឲ្យបានញឹកញាប់ពិតជាអាចធ្វើឲ្យអត្ថប្រយោជន៍កើនឡើងជាលំដាប់។
5. ជ្រើសរើសអាហារសរីរាង្គ សារធាតុពុលដែលចេញពីថ្នាំសម្លាប់សត្វល្អិត អាចរារាំងដំណើរការមេតាបូលីស ដែលជាលទ្ធផលធ្វើឲ្យការដុតកាឡូរីត្រូវបានកាត់បន្ថយ។ ដូចនេះ អ្នកគួរតែជ្រើសរើសបន្លែ ផ្លែឈើសរីរាង្គសម្រាប់បរិភោគជានិច្ច។
6. អាហារទំពាច្រើន ជ្រើសរើសប្រភេទអាហារដែលទាមទារឲ្យអ្នកទំពាច្រើន ដូចជាសាច់សុទ្ធ គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬបន្លែទាំងមូល ជាជាងអាហារដែលត្រូវបានចិញ្ច្រាំ ចិតជាចំណិតតូចៗ ឬធ្វើឲ្យល្អិតហើយស្រេច ដើម្បីភ្ញោចដល់មេតាបូលីស។
7. ប្តូរមកជាតែ និងកាហ្វេ បើអ្នកជ្រើសរើសកាហ្វេសម្រាប់បង្កើនថាមពល និងធ្វើឲ្យអ្នកមានស្មារតីល្អនោះអ្នកនឹងរីករាយជាមួយនឹងការបង្កើនអត្រានៃការធ្វើមេតាបូលីសផងដែរ ប្រសិនបរិភោគក្នុងកម្រិតល្មម។ រីឯឥទ្ធិពលរួមគ្នានៃ Caffeine និង Catechins របស់តែបៃតង ឬតែអូឡុងអាចបង្កើនមេតាបូលីសបានដល់ ២ទៅ ៣ម៉ោង។
8. បំបែកខ្លាញ់ដោយជាតិកាកសរសៃ ការស្រាវជ្រាវបង្ហាញថា ជាតិកាកសរសៃអាចបង្កើនការដុតកាឡូរីបានដល់ទៅជាង ៣០% ដែលជាលទ្ធផលធ្វើមានការស្រកទម្ងន់យ៉ាងរហ័ស។ អាហារសម្បូរដោយកាកសរសៃមាននៅក្នុងបន្លែ ផ្លែឈើ និងធញ្ញជាតិ។
រួមផ្សំជាមួយរបៀបក្នុងការបរិភោគអាហារខាងលើ របបអាហារសុខភាពប្រចាំថ្ងៃរបស់អ្នកក៏ចាំបាច់បំផុតផងដែរ ជាពិសេសគឺកុំភ្លេចនូវអាហារដែលមានប្រូតេអ៊ីន ខ្លាញ់ អូមេហ្គា៣ វីតាមីន និងជាតិរ៉ែផ្សេងៗ ដែលសុទ្ធសឹងអាចជំរុញការដុតបំផ្លាញកាឡូរីប្រកបដោយប្រសិទ្ធភាព។ អ្នកក៏គ្មានផ្លូវជួបកាឡូរីដ៏លើសលប់នោះទៀតទេ បើអ្នករក្សាការធ្វើលំហាត់ប្រាណទៀតទាត់ និងប្រកាន់យករបៀបរស់នៅដ៏ល្អ (ភាពសកម្ម ការគេង សម្រាក…)។