2017-05-29 · 6,933 views
វេជ្ជបណ្ឌិតរោគកុមារ៖ អាយុក្រោម ១ ឆ្នាំ កុំឲ្យកូនក្មេងញ៉ាំទឹកផ្លែឈើ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។ ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភាផ្នែកជំងឺកុមារអាមេរិក។ ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។ យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។ អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕