ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-30 · 7,709 ដងមើល

ឆ្អឹងស្ពោត សត្រូវ​របស់ស្រ្តីក្រោយអស់រដូវ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3
ក្នុងអត្ថបទនេះនិយមន័យនៃជំងឺស្ពោតឆ្អឹងមូលហេតុនៃជំងឺស្ពោតឆ្អឹងរោគសញ្ញានៃជំងឺការធ្វើរោគវិនិច្ឆ័យការព្យាបាលវិធីសាស្ត្រការពារលោកវេជ្ជបណ្ឌិត ឌុក គុណសេណា "សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំ និងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ"។©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ស្ត្រីវ័យចំណាស់ ឬស្ត្រីដែលស្ថិតក្នុងវ័យក្រោយពេលអស់រដូវ ជាទូទៅត្រូវប្រឈមមុខនឹងជំងឺ ឬក៏ការប្រែប្រួលជាច្រើន ក្នុងនោះបញ្ហាពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលតែងតែកើតមាន ហើយក៏ជាការបារម្ភដ៏ធំមួយរបស់ពួកគាត់ ពីព្រោះវាជាមូលហេតុចម្បងនៃការវិវឌ្ឍទៅកាន់ ភាពទ្រុឌទ្រោម និងបាក់បែកឆ្អឹង។ មានសំណួរជាច្រើនទាក់ទងនឹងជំងឺនេះត្រូវបានលើកឡើង ហើយដើម្បីស្រាយចម្ងល់ទាំងនេះ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា វេជ្ជបណ្ឌិតឯកទេស ខាងឆ្អឹងពីប្រទេសបារាំង បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹងបាក់ និងជាអនុប្រធានក្រុមវប្រឹក្សាភិបាលសម្ពន្ធ គ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា នឹងធ្វើការបកស្រាយជូនដល់ប្រិយមិត្តដើម្បីយល់ដឹង និងអាចការពារខ្លួនពីជំងឺនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានសុខភាពឆ្អឹងល្អរឹងមាំ។

និយមន័យនៃជំងឺស្ពោតឆ្អឹង

ជំងឺស្ពោតឆ្អឹង ជាការថយចុះនៃកំហាប់ជាតិរ៉ែ​របស់ឆ្អឹង ពោលគឺការថយចុះទាំងចំនួន និងបរិមាណនៃសរសៃឆ្អឹង ក៏ដូចជាការថយចុះនៃកម្រាស់សម្បកឆ្អឹង ដែលជាធម្មតាសរសៃឆ្អឹងយើងគឺមានសភាពក្រាស់ មាំ និងហាប់ណែន តែករណីមានជំងឺស្ពោតឆ្អឹង ចំនួនសរសៃឆ្អឹងមិនត្រឹមតែថយចុះទេ តែចំនួនដែល នៅសល់ក៏តូចស្តើងផងដែរ។

មូលហេតុនៃជំងឺស្ពោតឆ្អឹង

មូលហេតុបង្កគឺអាស្រ័យនឹងប្រភេទនៃជំងឺស្ពោតឆ្អឹងផ្ទាល់ ដែលមាន២ប្រភេទធំៗ ៖

• Ostéoporose primaire (ជំងឺស្ពោធឆ្អឹង ប្រភេទទីមួយ)

ប្រភេទទីមួយនេះទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនជាពិសេសចំពោះស្រ្តី និងការថយចុះនៃសារធាតុរ៉ែចាំបាច់របស់ឆ្អឹងដែលមាន៣សំខាន់ៗគឺ កាល់ស្យូម(calcium) ម៉ាញេស្យូម (magnesium) និងវីតាមីនដេ( vitamin D)។ ជំងឺស្ពោតឆ្អឹងប្រភេទនេះកើតលើស្ត្រីប្រហែល ៩៥% និងអាចកើត លើបុរសចំនួន៨០% ផងដែរ ដោយហេតុថាស្ត្រីម្នាក់ៗត្រូវឆ្លងកាត់នូវបម្រែបម្រួលអ័រម៉ូនជាច្រើនដំណាក់កាលចាប់តាំងពី ពេលពេញវ័យ មានគ្រួសារ មានគភ៌ បំបៅដោះកូន និងរហូតឈានដល់វ័យអស់រដូវ រួមផ្សំនឹងការថយចុះនូវសារធាតុរ៉ែចម្បងនៃឆ្អឹងផង ទាំងអស់នេះហើយដែលបង្កឲ្យមានកើត ជាជំងឺស្ពោតឆ្អឹង។

• Ostéoporose Secondaire (ជំងឺស្ពោតឆ្អឹង ប្រភេទទីពីរ)

ប្រភេទទី២នេះមានសភាពធ្ងន់ធ្ងរនិងពិបាកព្យាបាលជាងប្រភេទទីមួយ ដោយសារតែអ្នកជំងឺមិនត្រឹមតែមានមូលហេតុបង្កនៅក្នុងប្រភេទទី១ទេ ថែមទាំងមានកត្តាជំងឺប្រចាំកាយផ្សេងៗ ឧទាហរណ៍ដូចជា ជំងឺមហារីក (myélome mutiple) ជំងឺតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺដែលប្រើប្រាស់ប្រភេទថ្នាំ corticoide ជាប្រចាំ អ្នកពិសាជាតិអាល់កុល ឬស្រា និងជក់បារីជាដើម។

រោគសញ្ញានៃជំងឺ

ពុំមានរោគសញ្ញាច្បាស់លាស់ដែលអាចឲ្យកំណត់បានថាជាជំងឺស្ពោតឆ្អឹងទេ តែជាទូទៅអ្នកជំងឺនេះអាចស្តែងចេញនូវអាការៈឈឺចុកចាប់ រួយតាមឆ្អឹង​ និងសន្លាក់ឆ្អឹងដៃជើងម្តងម្កាល ដែលយើងមិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេ តែវានឹងស្តែងចេញកាន់តែញឹកញាប់នូវអាការៈរបៀប នេះ រហូតដល់កើតមានជាប្រចាំ ដែលជាហេតុធ្វើឲ្យមានការថយចុះនូវសកម្មភាពប្រចាំថ្ងៃគួរឲ្យកត់សម្គាល់ ព្រមទាំងអាចចំណាំបានផងដែរតាម ការសង្កេតឃើញនូវភាពកោងខ្នង និងកម្ពស់ទាបជាងមុនរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺអាចទទួលរងការខូចខាតយ៉ាងងាយដូចជា ប្រេះឬ បាក់ឆ្អឹង ដោយគ្រាន់តែមានការដួលប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺស្ពោតឆ្អឹងអាចផ្អែកលើកត្តាជាច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្តទំនើបឡើង គេច្រើនប្រើម៉ាស៊ីន DXA scan (Dual Xray Absorptiometry) សម្រាប់ធ្វើរោគវិនិច្ឆ័យ ដោយវាអាចបញ្ជាក់យ៉ាងច្បាស់នូវកំហាប់ជាតិរ៉ែក្នុងឆ្អឹងរបស់យើងម្នាក់ៗ ដែលលទ្ធផលត្រូវបាន គិតជាក្រាមក្នុង១សង់ទីម៉ែត្រការេ ។ ចំពោះលទ្ធផលត្រូវបានបង្ហាញចេញជា T-score ដែលក្នុងនោះ

•​ បើ T-score > -1 បញ្ជាក់ថាកំហាប់ជាតិរ៉ែក្នុងឆ្អឹងស្ថិតក្នុងកម្រិតធម្មតា

• បើនៅចន្លោះពី -1 ដល់ -2,5 ( -1≥ T.score > -2.5) មានន័យថា កំហាប់ឆ្អឹងចុះខ្សោយ (osteopenia)

• បើT.score ≤ -2.5 បញ្ជាក់ថាឆ្អឹងស្ពោត ឬពុកហើយ (osteoporosis) ។

ការព្យាបាល

ការព្យាបាល គឺចាំបាច់ត្រូវការកែសម្រួលនិងបំពេញនូវកង្វះខាតជាតិរ៉ែរបស់ឆ្អឹងក្រោយពីបានវាស់ដោយម៉ាស៊ីន DXA scan រួច។ តាមការស្រាវជ្រាវ បច្ចុប្បន្នបានបង្ហាញថា ស្រ្តីដែលមានអាយុក្រោម៥០ឆ្នាំ ត្រូវការសារធាតុកាល់ស្យូម ១០០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣១០ ទៅ ៣២០ ម.ក ក្នុងមួយថ្ងៃ ព្រមទាំងវីតាមីនដេ៣ (D³)ចំនួន ៦០០ IU ក្នុងមួយថ្ងៃ។ ដោយឡែក ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនាំឲ្យមានការកើនឡើងនូវតម្រូវការដោយកាល់ស្យូម កើនឡើងទៅដល់ ១២០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣២០ ម.ក ក្នុងមួយថ្ងៃ និងវីតាមីនដេ៣ ៨០០ IU ក្នុងមួយថ្ងៃ។ គួររំលឹកថា សារធាតុទាំងនេះមាន ទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះមិនអាចឲ្យខ្វះសារធាតុណាមួយបានឡើយ។ លើសពីនេះ យើងអាចប្រើប្រាស់ថ្នាំដែលជំរុញឲ្យមានការស្រូបឡើងវិញ នូវសារធាតុរ៉ែដែលចេញពីឆ្អឹងក្រោយ ពេលអស់រដូវ ឬពេលវ័យចំណាស់ ហៅថាពពួក Antiresorption គឺ bisphosphonate (Alendronate) ផងដែរ ក្នុងគោលបំណងការពារកុំឲ្យមានការពុកឆ្អឹងលឿននិងធ្ងន់ធ្ងរ ដោយប្រើក្នុងកម្រិត ១០ មក្រ ក្នុងមួយថ្ងៃ ឬ ៧០ មក្រ ក្នុងមួយអាទិត្យ ឬក៏អាច ១៥០ មក្រ ក្នុងមួយខែតែម្តង។

វិធីសាស្ត្រការពារ

មានគោលការណ៍៥ចំណុច ដែលគួរអនុវត្តដើម្បីការពារឆ្អឹងពុកដោយមានប្រសិទ្ធភាពគឺ៖

• ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ត្រីសាឌីន សាម៉ុង ទឹកដោះគោ ឬផលិតផលពីទឹកដោះគោ តៅហ៊ូ បន្លែបៃតង • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេដូចជា ត្រីធូណា សាម៉ុង ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ និងទឹកដោះគោឆៅជាដើម • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និងងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង ករណីអ្នកជំងឺមិនអាចបរិភោគអាហារគ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។ ទាក់ទងនឹងឱសថដែលមានជាតិកាល់ស្យូមលើទីផ្សាសព្វថ្ងៃមាន ២ ប្រភេទគឺ calcium carbonate និង calcium citrate​។ ចំពោះcalcium citrate គឺជាម៉ូលេគុលដែល ងាយស្រួលស្រូបតាមប្រព័ន្ធរំលាយអាហារនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែល មានបញ្ហាក្រពះពោះវៀន ឬមានការវះកាត់ក្រពះពោះវៀនជាដើម។

លោកវេជ្ជបណ្ឌិត ឌុក គុណសេណា "សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំ និងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ"។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។