2017-06-02 · 9,199 views
ហេតុអ្វីបានជាសក់ស្កូវមុនអាយុ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
អ្នកជំនាញខាងសើស្បែកបានមានប្រសាសន៍ថា ប្រភេទសក់ស្កូវមានពីរប្រភេទគឺ ស្កូវតាមធម្មជាតិ ពោលគឺតាមវ័យ និងសក់ស្កូវមុនអាយុ។ ចំពោះសក់ស្កូវទៅតាមវ័យ ជាទូទៅសម្រាប់ជនជាតិអាស៊ីគឺកើតមានចាប់ពីអាយុ 30 ឆ្នាំឡើងទៅ ដោយឡែកចំពោះសក់ស្កូវមុនអាយុគឺកើតមានចំពោះ យុវវ័យ និងកុមារ។
អ្នកជំនាញដដែលក៏បានពន្យល់ពីមូលហេតុដែលនាំឲ្យកើតសក់ស្កូវមុនអាយុថា «សក់ស្កូវមុនអាយុ គឺជាសញ្ញាណប្រាប់ថា យើងអាច មានជំងឺមួយចំនួនដូចជា ជំងឺពកក កង្វះវីតាមីន B 12 និងការងាប់កោសិកាចិញ្ចឹមគល់សក់ដែលបណ្តាលមកពី ការជក់បារី បញ្ហាស្មុគស្មាញ និងដោយសារតំណពូជ»។ អ្នកដែលមានសក់ស្កូវមុនអាយុអាចនឹងព្យាបាលជាក៏ប៉ុន្តែការព្យាបាលត្រូវយោងតាមបញ្ហាជំងឺដែលពាក់ព័ន្ធ។
ទង្វើដែលអ្នកគួរអនុវត្ត ដើម្បីបង្ការបញ្ហាស្កូវមុនអាយុរួមមានដូចជា ៖ 1. កាត់បន្ថយសម្ពាធការងាររបស់អ្នកមានន័យថាអ្នកត្រូវតែចេះសម្រាក ឬបន្ធូរអារម្មណ៍ ធ្វើឲ្យខ្លួនឯងសប្បាយចិត្តទើបមិនងាយដុះសក់ស្កូវ 2. បញ្ឈប់ការជក់បារី 3.រក្សាជាតិទឹកក្នុងខ្លួនជានិច្ច ដោយត្រូវផឹកទឹកឲ្យបានច្រើនហើយមិនត្រូវបរិភោគចំណីដែលមានជាតិហឹរ ឬប្រភេទអាហារបំពងច្រើនពេកនោះទេ 4. បរិភោគចំណីអាហារដែលមានផ្ទុកនូវវីតាមីន B12 ឲ្យបានច្រើនរួមមានដូចជា ពងមាន់ សាច់គោ ចេក ឬត្រីជាដើម 5. គេងឲ្យគ្រប់គ្រាន់ (មួយថ្ងៃ 8 ម៉ោងទើបជាការប្រសើរ)
យ៉ាងណាមិញ ដោយសារតែបញ្ហាសក់ស្កូវមុនអាយុអាចបណ្តាលមកពីមូលហេតុផ្សេងៗពីគ្នា ហេតុនេះហើយការព្យាបាល គឺចាំបាច់ទាមទារនូវការវិភាគ និងការព្យាបាលយូរ ព្រមទាំងចំណាយអស់ថវិកាច្រើន។ នេះជាហេតុនាំឲ្យយុវវ័យខ្លះមិនបានដឹងពីមូលហេតុនោះទេ ហើយពួកគេបែរជានាំគ្នាជ្រើសរើស យកការលាបពណ៌សក់មកបិទបាំងទៅវិញ។ ចំពោះការធ្វើបែបនេះ ក្រុមគ្រូពេទ្យសើស្បែកបានបកស្រាយថាការប្រើប្រាស់ ឬលាបមិនបានត្រឹមត្រូវតាម បទដ្ឋាន ហើយបើក្នុងករណីថ្នាំពណ៌នោះគ្មានគុណភាពទៀតនោះ វាអាចនឹងប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់ហើយក៏អាចបណ្តាលឲ្យកើតមាន បញ្ហារលាក ឬរោគផ្សិតស្បែកក្បាល និងមានអង្គែថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេជ្រើសរើសយកការព្យាបាលដោយឆ្លងកាត់ការវិភាគ ពីគ្រូពេទ្យជំនាញឯកទេសបានត្រឹមត្រូវនោះអ្នកជំនាញ នឹងពិចារណា ផ្តល់ការព្យាបាលដោយលាបពណ៌សក់ដែលអាចលុបបំបាត់សក់ស្កូវបានជាប់រហូតដល់រយៈពេល 6 ខែ។