CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-07 · 11,612 views

ជំងឺកន្ទុយថ្លែន មិនមែនជាជំងឺធ្ងន់តែកកើតច្រើន

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ តែភាគច្រើនប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាជាដើម មានអត្រាការកើតជំងឺកន្ទុយថ្លែនកើនឡើង ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់។

លក្ខណៈជំងឺកន្ទុយថ្លែន វាជាជំងឺមួយដែលស្តែងឡើងដោយមានវត្តមាននូវដុំសាច់ និងសរសៃឈាម ដែលកើតឡើងនៅលើភ្នាសស្តើងនៃភ្នែកទាំងសងខាង ឬតែម្ខាង ហើយជាញឹកញាប់វាតែងកើតឡើងនៅតំបន់ដែលមានអាកាសធាតុក្តៅ ឬតំបន់ត្រូពិច។ ចំណែកលក្ខណៈនៃការដុះកន្ទុយថ្លែននោះគឺបង្កមកពី ការកើនឡើងនូវភាពក្រាស់នៃភ្នាសស្តើងភ្នែក ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្រទាប់ស្បែកខាងក្រៅនៃភ្នែក (Epithelium) និងស្រទាប់កញ្ចក់ភ្នែក រូមនឹងការស្តែងចេញជារោគសញ្ញា ក្រហមភ្នែក ដុះដុំសាច់ មានអាការៈរកាំ រមាស់ ចាញ់ថ្ងៃ និងស្រវាំងភ្នែកជាដើម។

កត្តាប្រឈមនៃការកើតជំងឺកន្ទុយថ្លែន ការកកើតបញ្ហាជំងឺកន្ទុយថ្លែននោះ វាស្ថិតនៅក្រោមឥទ្ធិពលនៃកត្តារួមផ្សំផ្សេងទៀត ដោយ៖ •បុគ្គលអាចរងការប៉ះពាល់លើភ្នែកពីបរិស្ថានខាងក្រៅដូចជា បរិស្ថានមិនស្អាត ប៉ះពាល់ពន្លឺថ្ងៃច្រើន ឬផ្សែង ខ្យល់ ធូលីដីផ្សេងៗ ជាញឹកញាប់ និងយូរឆ្នាំ ការជក់បារី ក៏អាចជាដើមចមនៃជំងឺកន្ទុយថ្លែនដែរ។ •ការថែរក្សាភ្នែកមិនបានល្អ និងការរលាកភ្នែកញឹកញាប់ ក៏ជាកត្តាជំរុញឲ្យមានជំងឺកន្ទុយថ្លែន។ •ការសិក្សាមួយទាក់ទងនឹងកត្តាតំណពូជបានរកឃើញថា អ្នកដែលមានជំងឺកន្ទុយថ្លែនអាចមានការប្រែប្រួលនូវហ្សែន (DNA) មួយចំនួន យ៉ាងណាមិញជំងឺនេះមិនមែនជាជំងឺតពូជទេ។

ផលវិបាក និងការធ្វើរោគវិនិច្ឆ័យ ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖ •ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។ •ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។

ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក។

ការព្យាបាលជំងឺកន្ទុយថ្លែន •ជាទូទៅជំងឺកន្ទុយថ្លែនដែលមានទំហំតូច មិនត្រូវការវះកាត់នោះទេ តែវាទាមទារឲ្យអ្នកជំងឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពភ្នែក តាមវិធីសាស្រ្តផ្សេងៗផ្តល់ដោយអ្នកជំនាញ ដើម្បីចៀសវាងជំងឺអាចមានលទ្ធភាពប្រែប្រួលទៅជាសភាពធ្ងន់ធ្ងរ។ •ចំពោះកន្ទុយថ្លែនស្ថិតក្នុងសភាពធំ  ជាទូទៅមាន រយៈពេលច្រើនឆ្នាំក្នុងការវិវិឌ្ឍខ្លួន គេមិនអាចព្យាបាលតាមរយៈការប្រើប្រាស់ជាថ្នាំបន្តក់ភ្នែកផ្សេងៗឲ្យជាដាច់នោះទេ តែវាជានិន្នាការមួយដែលតម្រូវឲ្យមានការវះកាត់បកកន្ទុយថ្លែននោះចេញ ដោយពឹងផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងអនុវត្តផ្ទាល់ពីសំណាក់អ្នកឯកទេសដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរ។  ករណីដែលអ្នកជំងឺមិនបានទទួលការព្យាបាល ពួកគេអាចប្រឈមមុខនឹងវិបត្តិនៃគំហើញ ឬពិការភ្នែក។

វិធីសាស្រ្តការពារពីជំងឺកន្ទុយថ្លែន អ្វីដែលគួរតែយកចិត្តទុកដាក់បំផុតក្នុងការការពារខ្លួនពីជំងឺកន្ទុយថ្លែននោះ គឺត្រូវស្គាល់ឲ្យបានច្បាស់ពីកត្តាដែលអំណោយផលដល់ការកកើតនៃជំងឺនេះឡើង តួយ៉ាង គួរចៀសវាងប៉ះពាល់ផ្ទាល់នឹងពន្លឺថ្ងែរយៈពេលយូរ ការបន្ថយការប្រឈមទៅនឹងផ្សែង ធូលីដី ឬខ្យល់ មិនគួរជក់បារី និងអនុវត្តអនាម័យស្អាតចំពោះសុខភាពភ្នែក ជាពិសេសគួរទៅធ្វើការពិគ្រោះជាមួយអ្នកឯកទេសផ្នែកចក្ខុរោគ ប្រសិនអ្នកមានបញ្ហាភ្នែកកើតឡើង។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ