Sponsored · Pregnacare
2017-06-09 · 4,550 views
ហេតុអ្វីអ្នកគួរទំពាស្ករកៅស៊ូ ក្រោយពេលសម្រាលកូនដោយវះកាត់?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.


ការសិក្សាថ្មីមួយបានណែនាំថា ការទំពាស្ករកៅស៊ូឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗ ៣០ នាទី អាចជួយឲ្យក្រពះពោះវៀនរបស់ស្រ្តីឆាប់ត្រឡប់មក ធម្មតាវិញ ក្រោយពេលសម្រាលកូនដោយវះកាត់រួច។ ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ អាចនឹងជួបប្រទះបញ្ហាស្ទះពោះវៀន បន្ទាប់ពីសម្រាលកូនដោយការវះកាត់ នេះបើយោងតាមការវិភាគមួយនៅក្នុង ព្រឹត្តប័ត្រសុខភាព Maternal-Fetal & Neonatal Medicine ។ លោកវេជ្ជបណ្ឌិត Vincenzo Berghella មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Philadelphia បានមានប្រសាសន៍ថា ការស្ទះពោះវៀន មានន័យថា ចលនាក្រពះពោះវៀនមានការស្ពឹកស្រពន់ ឬត្រូវការពេលវេលាយូរដើម្បីរំកិល ឬរុញច្រានអាហារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយក្នុងករណីខ្លះ គឺលែងកម្រើកតែម្តង។ ចលនាក្រពះពោះវៀនយឺតបែបនេះ អាចបង្កជាផលវិបាកមួយចំនួនដូចជា ចង្អោរ ឈឺពោះ និងហើមពោះជាដើម។ ជាធម្មតា បញ្ហាស្ទះក្រពោះវៀនក្រោយពេលសម្រាលកូនរួច នឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលបីបួនថ្ងៃ ប៉ុន្តែស្រ្តីភាគច្រើនចង់ឲ្យវាបាត់លឿន ជាងនេះ ពីព្រោះ វាពិតជាមិនមានផាសុកភាពនោះឡើយ។ ក្រុមគ្រូពេទ្យក៏បានណែនាំវិធីសាស្រ្តមួយចំនួនផងដែរ ដើម្បីជួយក្រពះពោះវៀនរបស់ស្ត្រីមានដំណើរការធម្មតាវិញ ដោយឲ្យស្រ្តីងើបឡើង ដើរតិចៗ និងញ៉ាំអាហារជាដើម។ ប៉ុន្តែ ដោយសារតែការស្ទះពោះវៀននេះ វាក៏បានធ្វើឲ្យស្រ្តីមិនឃ្លាន ហើយចេះតែមានអារម្មណ៍ថាចង់ក្អួត ទើបការទំពាស្ករកៅស៊ូ ត្រូវបានណែនាំ។ ការទំពាស្ករកៅស៊ូ អាចជួយបំភាន់រាងកាយរបស់យើង ឲ្យគិតថារាងកាយកំពុងតែញ៉ាំអាហារ ហើយចរន្តទឹកមាត់ហូរអាចជួយបញ្ជូន សញ្ញាទៅកាន់ពោះវៀនឲ្យចាប់ផ្តើមធ្វើចលនាសារជាថ្មី។ ការដើរខ្យល់ (ផោម) គឺជាសញ្ញាដំបូងគេដែលអាចបញ្ជាក់ថា ពោះវៀនរបស់អ្នកអាចបំពេញតួនាទី បានតាមធម្មតាវិញហើយ។ វាក៏ជាសញ្ញាបញ្ជាក់ថា គ្មានការរាំងស្ទះណាមួយនៅក្នុងពោះវៀនទៀតទេ។ ការសិក្សាបានបង្ហាញថា អ្នកគួរតែទំពាស្ករកៅស៊ូ បន្ទាប់ពីសម្រាលកូនបានពីរម៉ោង ហើយបន្តទៀត ឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗឲ្យបាន ១៥ ទៅ ៣០ នាទី៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
