ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-15 · 7,664 ដងមើល

តើកែវដាក់ក្នុងភ្នែក ឬ contact lenses អាចបង្កគ្រោះថ្នាក់ដល់ភ្នែកឬទេ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

កែវដាក់ក្នុងភ្នែក (contact lenses) អាចជួយដល់មនុស្សមួយចំនួន ដែលមានបញ្ហាភ្នែកមើលជិត ឬឆ្ងាយមិនសូវឃើញ ជាពិសេស អ្នកដែលមាន ភ្នែកម៉្ញូប ហើយមិនចង់ប្រើប្រាស់វ៉ែនតាម្តងម្កាល។ យ៉ាងណាមិញ សព្វថ្ងៃ កែវដាក់ក្នុងភ្នែកនេះ ត្រូវបានមនុស្សភាគច្រើនប្រើប្រាស់ដើម្បី តុបតែងលម្អខ្លួន ធ្វើជាស្តាយ ឬលេងពណ៌ភ្នែកផងដែរ។ ស្របពេលនេះផងដែរ ក៏មានការនិយាយតៗគ្នាផងដែរអំពី ករណីគ្រោះថ្នាក់ដែលបណ្តាលពីការប្រើប្រាស់ កែវដាក់ភ្នែកនេះ។ តើការពាក់បែបនេះ អាចមានផលប៉ះពាល់ចំពោះភ្នែកពិតមែនឬទេ? ខាងក្រោមជាការបកស្រាយរបស់ក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែកចំពោះបញ្ហានេះ៖ ជាការពិត កែវដាក់ភ្នែកសព្វថ្ងៃមានគុណភាពខ្ពស់ ទន់ ហើយងាយស្រួលពាក់។ វាមិនធ្វើឲ្យឈឺភ្នែក រកាំ ឬមានបញ្ហាក្នុងការមើលឡើយ។ ប៉ុន្តែ វាមិនប្រាកដថា មានសុវត្ថិភាពក្នុងការពាក់ ១០០ ភាគរយនោះទេ។ ហេតុអ្វី? ពេលអ្នកពាក់កែវក្នុងភ្នែក ការឆ្លងមេរោគតាមរយៈដៃរបស់អ្នក អាចកើតឡើងគ្រប់ពេលវេលា។ វាក៏អាចមានជាប់ធូលីដី ឬកម្ទេចកម្ទីផ្សេងៗ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នករកាំ ឬឆ្កូតបានដោយងាយ។ ការពាក់កែវក្នុងភ្នែកនេះយូរម៉ោង ក៏មិនល្អ ចំពោះសុខភាពភ្នែកដែរ ជាពិសេស ប្រសិនបើអ្នកភ្លេចដោះវាចេញពេលគេង។ ក្រៅពីនេះ កែវដាក់ក្នុងភ្នែកដែលមានតម្លៃថោក និងគ្មានគុណភាព ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះភ្នែក រហូតអាចធ្វើឲ្យអ្នក បាត់បង់ភ្នែករបស់អ្នកផងក៏ថាបាន។ គ្រូពេទ្យជំនាញបានណែនាំថា កែវដាក់ក្នុងភ្នែក គឺជាឧបករណ៍ពេទ្យ ដើម្បីព្យាបាល ឬដោះស្រាយបញ្ហាភ្នែកប៉ុណ្ណោះ ដូច្នេះ ប្រសិនបើមិនចាំបាច់ទេ ការចៀសវាងប្រើប្រាស់ក្នុងករណីមិនចាំបាច់ គឺជាការល្អបំផុត។ អ្នកត្រូវចងចាំថា ទោះបីជាអ្នកប្រយ័ត្នយ៉ាងណាក៏ដោយ មេរោគ ឬបញ្ហានានា អាចនឹងកើតឡើងបាន នៅពេលអ្នកពាក់ ឬដោះកែវដាក់ក្នុងភ្នែកម្តងៗ។

អ្វីដែលអ្នកគួរធ្វើ ប្រសិនបើអ្នកត្រូវពាក់កែវដាក់ក្នុងភ្នែក ៖ · ជ្រើសរើស ឬពាក់កែវដាក់ក្នុងភ្នែក ដែលគ្រូពេទ្យ ឬអ្នកជំនាញបានណែនាំប៉ុណ្ណោះ · កុំប្រើប្រាស់វាម្តងទៀត​ ប្រសិនបើអ្នកគិតថា វាជ្រុះធ្លាក់ ហួសថ្ងៃកំណត់ ឬសឹកខ្លាំង · លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតបំផុត មុន និងក្រោយពេលពាក់ · ផ្លាស់ប្តូរកែវក្នុងភ្នែកនេះ តាមកាលកំណត់ ទៅតាមផលិតផលដែលអ្នកទិញ · ដកកែវនេះចេញភ្លាម ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល ឬពិបាកមើល ​ · កុំពាក់វា នៅពេលហែលទឹក ឬអំឡុងពេលគេង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។