2017-06-19 · 8,506 ដងមើល
REGORAFENIB ឱសថថ្មីសម្រាប់មហារីកថ្លើម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
រដ្ឋបាលចំណីអាហារ និងឱសថរបស់អាមេរិក (FDA) បានបន្ថែមឲ្យមានការប្រើប្រាស់ឱសថ Regorafenib សម្រាប់អ្នកជំងឺមហារីកថ្លើម (Hepatocellular carcinoma) ដែលត្រូវបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការបង្កើនឲ្យមានការប្រើប្រាស់ ឱសថ Regorafenib នេះ គឺជាការសម្រេចដំបូងរបស់ FDA សម្រាប់អ្នកជំងឺមហារីកថ្លើម ក្នុងរយៈពេលជិត១០ឆ្នាំនេះ។ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA។ គួរបញ្ជាក់ផងដែរ Regorafenib គឺជាឱសថប្រភេទថ្នាំគ្រាប់ ដែលមានសកម្មភាពរារាំងការរីកលូតលាស់របស់កោសិកាមហារីក ( Antiangiogenic )។ វាត្រូវបានគេប្រើប្រាស់រួចមកហើយ ចំពោះជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ និងដុំសាច់ដែលមានក្នុងក្រពះ ពោះវៀន ដែលជាប្រភេទ មិនអាចធ្វើការវះកាត់យកចេញបាន និងមានភាពស៊ាំទៅនឹងថ្នាំ Imatinib និង Sunitinib ។ ទិន្នន័យការសិក្សាលើជំងឺមហារីកថ្លើម ការយល់ស្របឲ្យមានការប្រើប្រាស់ឱសថនេះសម្រាប់ជំងឺមហារីកថ្លើម គឺពឹងផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវដំណាក់កាលទី៣ ដែលរួមបញ្ចូលចំនួនអ្នកជំងឺ សរុបទាំងអស់ ៥៧៣នាក់ ក្នុងនោះ មានជំងឺមហារីកថ្លើម ហើយបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការរស់រានមានជីវិតជាមធ្យមសរុប គឺ១០.៦ខែ សម្រាប់អ្នកដែលបានព្យាបាលដោយថ្នាំ Regorafenib បើប្រៀបទៅនឹងក្រុមប្រើប្រាស់ថ្នាំ គ្មានសារធាតុសកម្ម ( Placebo ) ដែលសង្កេតឃើញមានតែ ៧.៨ ខែ។ លទ្ធផលខាងលើ បង្ហាញឲ្យឃើញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការស្លាប់។ បន្ថែមពីនេះ ការគ្រប់គ្រងស្ថានភាពជំងឺ គឺកើនឡើងគួរឲ្យកត់សម្គាល់ចំពោះការប្រើប្រាស់ថ្នាំ Regorafenib ក្នុងអត្រា ៦៥.២% ប្រៀបធៀបទៅនឹង ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo)ចំនួន ៣៦.១%។ ក្រៅពីប្រសិទ្ធភាពដូចដែលបានរៀបរាប់ខាងលើ គេក៏សង្កេតឃើញមានផងដែរនូវផលរំខាននានា របស់ឱសថដែលអាចកើតលើអ្នកជំងឺ ក្នុងអត្រា៧៩.៧% ដែលបានប្រើប្រាស់ Regorafenib ប្រៀបទៅនឹងឱសថគ្មានសារធាតុសកម្ម (៥៨.៥%)។ ផលរំខានទាំងនោះមានដូចជា ការឡើងសម្ពាធឈាម (១៥.២% Vs ៤.៧%) ប្រតិកម្មលើស្បែកដៃ និងជើង (១២.៨% Vs ០.៥%) ការអស់កម្លាំង (៩.១% Vs ៤.៧%) និងជំងឺរាក (៣.២% Vs ០.០%)។ ការរុករកសម្រាប់បង្កើនការព្យាបាលលើជំងឺមហារីកថ្លើមនេះ ពិតជាមានអត្ថប្រយោជន៍ អាចជាជំនួយ និងជាកម្លាំងចិត្តឲ្យមានការបង្កើតនូវថ្នាំផ្សេងៗ សម្រាប់ព្យាបាលជំងឺដែលកម្រដទៃទៀត។