Sponsored · Pregnacare
2017-06-22 · 21,484 views
ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.


និយមន័យ ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះ ចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម។ ប្រសិនបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យស្ត្រីប្រកាច់ និងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដល់ជីវិត។ ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង។ រោគសញ្ញា ភាគច្រើនស្ត្រីដែលប្រឈមនឹងបញ្ហានេះ ច្រើនបង្ហាញឲ្យឃើញនូវរោគសញ្ញាមួយចំនួនរួមមាន៖ • ហើមជើង ព្រមទាំងហើមពេញខ្លួន • ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក • ក្អួតចង្អោរ និងឈឺចុកក្រោមឆ្អឹងជំនី • កូនមានសភាពតូចជាងអាយុធម្មតា • សម្ពាធឈាមផ្នែកខាងលើ (Systolic Pressure)>140 mmHg • សម្ពាធឈាមផ្នែកខាងក្រោម (Diastolic Pressure)>90 mmHg • ជាតិប្រូតេអុីនក្នុងទឹកនោម > 300 mg/24h។ មូលហេតុជំងឺក្រឡាភ្លើងកើតឡើងពីកំហុសនៃការកាច់សម្បុករបស់គភ៌ ដែលធ្វើឲ្យការផ្តល់ឈាមពីម្តាយទៅកូនតាមរយៈសុក ដំណើរការមិនបានល្អ។ កត្តាប្រឈម ស្ត្រីអាចនឹងមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺក្រឡាភ្លើង ប្រសិនបើពួកគាត់មានកត្តាប្រឈមដូចខាងក្រោម៖ • ស្ត្រីដែលធ្លាប់មានជំងឺនេះពីមុនមក • ស្ត្រីវ័យចំណាស់ដែលមានអាយុលើសពី ៤០ឆ្នាំ • ស្ត្រីដែលមានជំងឺលើសឈាមស្រាប់ និងទឹកនោមផ្អែមស្រាប់ • ស្ត្រីមានកូនលើកដំបូង • ស្ត្រីដែលមានជំងឺទាក់ទងនឹងកំណកឈាម • ស្ត្រីមានបញ្ហាតម្រងនោម • ស្ត្រីមានកូនភ្លោះ និងស្ត្រីដែលមានកូនលើសពីពីរ។
ផលវិបាក ជាទូទៅស្ត្រីដែលមានជំងឺនេះ អាចមានផលវិបាកដូចជា៖ • ប្រកាច់ • មានកំណកឈាមខាងក្រោមសុក • វិវឌ្ឍជា HELLP Syndrome បែកគ្រាប់ឈាម ថយចុះផ្លាកែត និងថយចុះមុខងាររបស់ថ្លើម • Disseminated intravascular coagulation • មានបញ្ហាតម្រងនោមស្រួចស្រាវ • លើសសារធាតុខ្លាញ់ក្នុងកោសិកាថ្លើម(Acute Fatty Liver) • ឈាមទៅចិញ្ចឹមខួរក្បាលមិនដល់ (Cerebral Ischemia) • Retinal Detachment • កូនក្នុងផ្ទៃលូតលាស់យឺត ឬស្លាប់ក្នុងផ្ទៃ។ ការព្យាបាល ចំពោះស្ត្រីដែលមានជំងឺក្រឡាភ្លើង ចាំបាច់ត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមជាមួយនឹងការថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងម្តាយ និងកូនក្នុងផ្ទៃ។ សូមបន្ថែមថា ដើម្បីព្យាបាលស្ត្រីឲ្យជាសះស្បើយ គឺតម្រូវឲ្យកូនសម្រាលតាមបែបធម្មជាតិ ឬតាមវិធីវះកាត់ អាស្រ័យនឹងស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ។ គួរបញ្ជាក់ថា គ្រប់ស្ត្រីទាំងអស់គួរធ្វើការពិនិត្យសុខភាព នៅរាល់ពេលដែលលោកអ្នកបាត់រដូវ ជាមួយគ្រូពេទ្យឯកទេស ដែលនៅជិតអ្នកបំផុត។ ករណីស្ត្រីដែលមានផ្ទៃពោះស្រាប់ សូមធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជារៀងរាល់ខែព្រោះប្រសិនបើមានរោគសញ្ញានានាដូចបានរៀបរាប់ខាងលើនោះ នឹងអាចទទួលបានការព្យាបាលទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុយ សុផា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
