2017-06-22 · 5,095 views
ហេតុអ្វីមនុស្សចាស់ ច្រើនដួលសន្លប់ ឬស្លាប់នៅបន្ទប់ទឹក?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បន្ទប់ទឹក គឺជាកន្លែងបន្ធូរអារម្មណ៍ បំបាត់ភាពតានតឹង និងបញ្ចេញកាកសំណល់ចេញពីក្នុងរាងកាយរបស់អ្នក ប៉ុន្តែពេលខ្លះ វាបែរក្លាយទៅជាកន្លែងដ៏មានគ្រោះថ្នាក់ទៅវិញ ជាពិសេសប្រសិនបើវាខុសស្តង់ដារ ងាយរអិល និងមានបញ្ហាផ្សេងៗទៀត។ បន្ទប់ទឹកសើម និងរអិល អាចឆក់យកជីវិតរបស់អ្នកដោយមិនដឹងខ្លួន ជាពិសេសចំពោះមនុស្សចាស់ និងកូនក្មេងតូចៗ។ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន និងត្រូវប្រាកដថាបន្ទប់ទឹករបស់អ្នកមានសុវត្ថិភាព។ ការពិតមួយចំនួនដែលអ្នកគួរតែដឹង៖
1. ស្ថិតិបានបង្ហាញថា មនុស្សចាស់ជិតមួយភាគបីទំនងជានឹងរអិល ឬដួលនៅក្នុងបន្ទប់ទឹក យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ដូច្នេះ បើអ្នកមានអាយុលើសពី ៦៥ឆ្នាំ ចូរមានការប្រុងប្រយ័ត្ន។
2. ៦៥ ភាគរយនៃការដួលទាំងនោះ ជាទូទៅ គឺមានសភាពស្រាល ដូចជា មានស្នាមជាំ ឬដាច់រលាត់តិចតួច ប៉ុន្តែសល់ពីនេះ គឺគ្រោះថ្នាក់ធ្ងន់ធ្ងរ។
3. ក្នុងករណីធ្ងន់ធ្ងរ វាទាមទារការសង្រ្គោះបន្ទាន់ ពីព្រោះវាអាចឈានដល់ការបាត់បង់អាយុជីវិត។
4 . ការដាច់រលាត់ ការហូរឈាម ការបាក់ឆ្អឹង ការរងរបួសលើឆ្អឹងខ្នង និងការស្លាប់បាត់បង់ជីវិតសុទ្ធតែអាចកើតឡើងចំពោះករណីធ្ងន់ធ្ងរ។
5 . ជាទូទៅ តើគេច្រើនដួលនៅពេលណា? គឺក្រោយពេលចេញពីអាងងូតទឹក អង្គុយលើចានបង្គន់ ឈោងចាប់កន្សែង និងស្រាប់តែរអិលដួលពេលដើរតែម្តង។
6 . សម្រាប់មនុស្សជំទង់មានកម្លាំងខ្លាំង ពេលរអិលដួល គេអាចរហ័សភ្ញាក់ខ្លួន ហើយគេចផុតពីបញ្ហានានា ប៉ុន្តែ សម្រាប់មនុស្សចាស់ដែលគ្មានកម្លាំងកំហែង ពួកគេអាចប្រឈមទៅនឹងការដួល ការបាក់ឆ្អឹង និងឈានទៅរកការស្លាប់បាត់បង់ជីវិតទៀតផង។
7. វិធីការពារ គឺអ្នកត្រូវធ្វើយ៉ាងណានៅក្នុងបន្ទប់ទឹក ត្រូវមានភ្លើងភ្លឺច្បាស់ ដាក់កម្រាល ឬការ៉ូដែលមិនងាយរអិល កុំឲ្យសើមក្នុងបន្ទប់ទឹក និងដាក់កន្លែងមានដៃកាន់ជាដើម៕