2017-07-01 · 4,564 views
មុខងារឱសថ Synthetic thyroxine ដែលអ្នកមិនគួររំលង...
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
Synthetic Thyroxine ជាប្រភេទឱសថមួយ ត្រូវបានគេបង្កើតឡើងតាមរយៈការសំយោគ ដែលភាគច្រើននៃថ្នាំសំយោគប្រភេទមួយនេះ មានឈ្មោះថា Levothyroxine ក្រោមទម្រង់ជាថ្នាំគ្រាប់។ បើទោះបីជា វាត្រូវបានបង្កើតឡើងតាមរយៈការសំយោគ តែវាមានមុខងារ និងសកម្មភាព ដូចទៅនឹងអ័រម៉ូន thyroxine (T4) ដែលបញ្ចេញមកពីក្រពេញទីរ៉ូអ៊ីត នៃរាងកាយរបស់មនុស្សម្នាក់ៗ។ Levothyroxine ត្រូវបាន គេចាត់ទុកជាប្រភេទថ្នាំក្នុងការព្យាបាលដ៏មានស្តង់ដារមួយ សម្រាប់អ្នកមានជំងឺ ខ្វះអ័រម៉ូនទីរ៉ូអ៊ីត (Hypothyroidism) ការកើនទំហំខុសប្រក្រតី នៃក្រពេញទីរ៉ូអ៊ីត (Goiter) និងមហារីកនៃក្រពេញទីរ៉ូអ៊ីត។ សកម្មភាពរបស់ឱសថចំពោះអ្នកដែលមានជំងឺទាក់ទិននឹងក្រពេញទីរ៉ូអ៊ីត តែងតែមាន ការថយចុះនូវការធ្វើមេតាប៉ូលីសរាងកាយ នាំឲ្យមានរោគសញ្ញាមួយចំនួនដូចជា ការកើនទម្ងន់ អស់កម្លាំង និងការថយចុះសីតុណ្ហភាពរាងកាយ ដូច្នេះ ការបំពេញបន្ថែមនៃអ័រម៉ូនទីរ៉ូអ៊ីត តាមរយៈការប្រើប្រាស់ Synthetic Thyroxine ធ្វើឲ្យដំណើរការនៃការធ្វើមេតាប៉ូលីសក្នុងរាងកាយ មានភាពប្រក្រតី និងបំពេញមុខងារបានល្អ ដែលជួយឲ្យការដុតកាឡូរីក្នុងខ្លួនមានប្រសិទ្ធភាព ក៏ដូចជាធ្វើឲ្យរាងកាយមានការរីកលូតលាស់ ក្នុងសភាពធម្មតា ឡើងវិញ។ សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetics) Synthetic Thyroxine (Levothyroxine) ជាឱសថមានប្រសិទ្ធភាពយូរ ដែលត្រូវបានស្រូបនៅត្រង់ពោះវៀន និងមានការបំលែង ជាចម្បងនៅត្រង់ថ្លើម ហើយចំពោះកម្រិតនៃការស្រូប និងការបំលែង គឺប្រែប្រួលទៅតាមចំណីអាហារដែលបានបរិភោគ ជាពិសេសចំពោះអាហារប្រភេទសរសៃ។ ចំណែកការបញ្ចេញចោលពាក់កណ្តាលនៃឱសថ (Haft-life elimination) មានរយៈពេល ៩-១០ថ្ងៃ បន្ទាប់ពីលេប ចំពោះអ្នកជំងឺ Hypothyroidism ដែលការបញ្ចេញចោលគឺតាមរយៈទឹកនោម និងលាមក។ កម្រិតប្រើប្រាស់ (Dosage) ចំពោះកម្រិតប្រើប្រាស់នៃឱសថ Synthetic Thyroxine មានការប្រែប្រួលទៅតាមអាយុ និងទម្ងន់របស់អ្នកជំងឺម្នាក់ៗ៖ • មនុស្សពេញវ័យ៖ កម្រិត ១.៧ mcg/Kg ក្នុងមួយថ្ងៃ • មនុស្សចាស់៖ ត្រូវប្រើប្រាស់កម្រិតតិចជាង ១ mcg/Kg ក្នុងមួយថ្ងៃ • អ្នកមានជំងឺ Hypothyroidism ធ្ងន់ធ្ងរ៖ កម្រិតប្រើប្រាស់អាចពី ១២.៥ ទៅ ៥០mcg ក្នុងមួយថ្ងៃ។ ផលរំខានរបស់ឱសថ • ចង្វាក់បេះដូងលឿន និងមិនទៀងទាត់ • គ្រុនក្តៅ និងបែកញើស • ពិបាកគេង • ក្អួត រាក និងប្រែប្រួលទម្ងន់។