2017-07-05 · 5,337 ដងមើល
សកម្មភាព ព្យាបាលរបស់ឱសថប្រឆាំងទីរ៉ូអ៊ីត
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ឱសថប្រឆាំងទីរ៉ូអ៊ីត (Antithyroid Drugs) ដែលជាពពួក Thionamides ត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ព្យាបាលជំងឺប្រភេទ Hyperthyroidism។ សកម្មភាពរបស់ឱសថនេះ គឺទៅរារាំងនូវខ្សែចង្វាក់នៃការផលិតអ័រម៉ូននៅត្រង់ក្រពេញទីរ៉ូអ៊ីតផ្ទាល់ ដែលធ្វើឲ្យមានការថយចុះនូវអ័រម៉ូនពីរប្រភេទគឺ thyroxine (T4) និង triiodothyronine (T3)។ ការប្រើប្រាស់ឱសថនេះត្រូវទាមទាររយៈពេលយ៉ាងតិច ៣សប្តាហ៍ ដើម្បីទទួលបាននូវប្រសិទ្ធភាព ដោយវាទៅរារាំងការផលិតអ័រម៉ូនថ្មីតែពុំបានទៅបំបាត់ចោលនូវអ័រម៉ូនដែលនៅក្នុងឈាមនោះទេ។ ដោយឡែកប្រសិនបើអ្នកមានការធ្វេសប្រហែសពុំបានប្រើប្រាស់ទៀងទាត់ វាអាចបណ្តាលឲ្យការផលិតអ័រម៉ូនវិលទៅរកការផលិតច្រើនខុសធម្មតាវិញ។ កម្រិតប្រើប្រាស់ (Dosage) ឱសថពពួក Thionamides ដែលគេប្រើប្រាស់គួរឲ្យកត់សម្គាល់មានដូចជា Propylthiouracil (PTU) Methimazole (Tapazole) ដែលត្រូវបានគេប្រើប្រាស់តាមកម្រិតផ្សេងគ្នា៖ • Propylthiouracil (PTU)៖ ត្រូវបានគេប្រើប្រាស់ជាចម្បងចំពោះស្រ្តីដែលមានផ្ទៃពោះ ដែលអាចកាត់បន្ថយនូវហានិភ័យដែលអាចឆ្លងដល់ទារក។ កម្រិតប្រើប្រាស់ប្រចាំថ្ងៃអាចប្រែប្រួលពី ១០០ ទៅ ៦០០មីលីក្រាមដែលការលេបត្រូវឃ្លាតពីគ្នាម្តងរយៈពេល ៨ ម៉ោង។ • Methimazole (Tapazole)៖ ឱសថអាចមានកម្រិតពី ៥ ទៅ ១០ មីលីក្រាមក្នុងមួយគ្រាប់ ហើយសម្រាប់ការប្រើប្រាស់អាចឡើងដល់ ៣ ដងក្នុងមួយថ្ងៃទៅតាមកម្រិតថ្នាំដែលអ្នកត្រូវបានផ្តល់ឲ្យប្រើប្រាស់។
ផលវិបាករបស់ឱសថ • ផលពិបាកកម្រិតស្រាល៖ កន្ទួលរមាស់ ឈឺសន្លាក់ និងហើម គ្រុនក្តៅ អាចមានអាការៈចង្អោរ និងក្អួត។ • ផលវិបាកកម្រិតធ្ងន់ដែលអាចកើតឡើងដោយកម្រ៖ - ថយចុះនៃការផលិតគ្រាប់ឈាមស (Agra-nulocytosis) - ខូចមុខងារថ្លើម - ខួរឆ្អឹងបាត់បង់សមត្ថភាពផលិតគ្រាប់ឈាម - រលាកសរសៃឈាម (vasculitis)។