2017-07-14 · 5,807 views
ថ្នាំផ្សះថ្មី ជាមួយប្រសិទ្ធភាព១០០០ដង ប្រឆាំងទៅនឹងភាពស៊ាំនៃជំងឺ!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការកើនឡើងនៃភាពស៊ាំរបស់ថ្នាំផ្សះ បានធ្វើឲ្យមនុស្សប្រមាណ ៥០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នេះបើតាមការសិក្សាស្រាវជ្រាវពីប្រទេសអាមេរិក និងអឺរ៉ុប ដែលជាហេតុធ្វើឲ្យមានការព្រមានពីអង្គការសុខភាពពិភពលោកពីការថយចុះនៃប្រសិទ្ធភាពរបស់ថ្នាំផ្សះសម្រាប់ការព្យាបាលជំងឺផ្សេងៗ ហើយវាត្រូវបានចាត់ទុកថាជាហា-និភ័យដែលគួរតែមានការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់សុខភាពជាអន្តរជាតិទាំងមូល និងកំពុងនាំឲ្យ មានការសិក្សាកែប្រែប្រសិទ្ធភាពឱសថ ដែលនឹងអាចប្រឆាំងភាពស៊ាំទាំងនោះ។ ឱសថអង់ទីប៊ូទិក ឬថ្នាំផ្សះប្រភេទ Vancomycin ដែលត្រូវបាន ដាក់ឲ្យប្រើប្រាស់ជាង ៦០ឆ្នាំមកហើយ កំពុងត្រូវបានធ្វើការកែប្រែមុខមាត់ថ្មី ដែលនឹងបង្កើនប្រសិទ្ធភាពដល់ទៅ ១០០០ ដងប្រឆាំងទៅនឹង ភាពស៊ាំនៃជំងឺ។ អ្នកវិទ្យាសាស្រ្តប្រចាំ The Scripps research Institute (TSRI) ក្នុងប្រទេសអាមេរិក បានបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Vancomycin ដល់ទៅ ១០០០ដង ខ្លាំងជាងប្រសិទ្ធភាពនៃឱសថដែលបានប្រើប្រាស់កន្លងមក។ ការកែប្រែនោះ បានធ្វើឲ្យឱសថមានសមត្ថភាព ប្រឆាំងទៅនឹងពពួកមេរោគតាមរយៈ បីជម្រើសខុសៗគ្នាដែលជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើឲ្យមានភាពស៊ាំកើតឡើង។ ការសិក្សាពីសំណាក់ អ្នកស្រាវជ្រាវកន្លងមក បានបង្ហាញរួចមកហើយ ពីការបន្ថែមនូវមុខងារ ២ទៅលើឱសថ Vancomycine ដែលជាលទ្ធផលវាអាចបង្កើននូវឥទ្ធិពល ប្រឆាំងទៅនឹងការចម្លងរោគ ដើម្បីឲ្យមានឥទ្ធិពលកាន់តែខ្លាំងក្លា និងអាចកាត់បន្ថយការប្រើប្រាស់ឱសថផ្សេងទៀតបញ្ចូលគ្នាដែលមានសកម្មភាព តែមួយ ចំណែកការកែប្រែថ្មីនេះ អ្នកវិទ្យាសាស្រ្តនឹងបញ្ចូលបន្ថែមនូវសកម្មភាពថ្មីមួយផ្សេងទៀត ដែលមានឥទ្ធិពលទៅលើជញ្ជាំងកោសិការបស់ពពួក បាក់តេរី។ ការបន្ថែមមុខងារថ្មីនេះ ជាការកែប្រែដ៏ល្អប្រសើរ ផ្តល់ឲ្យឱសថនូវប្រសិទ្ធភាពកើនដល់ ១០០០ ដងហើយការកែប្រែនេះទៀតសោត នឹងត្រូវ បានបញ្ចប់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។