CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-17 · 5,629 views

ចំណេះដឹងទូទៅពីការឆ្លុះមើលពោះវៀនធំ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

១. តើការឆ្លុះមើលពោះវៀនធំគឺជាអ្វី? (Colonoscopy) ការឆ្លុះមើលពោះវៀនធំ គឺជាការធ្វើតេស្តមួយដែលអាចអោយយើងមើលនៅផ្ទៃខាងក្នុងនៃពោះវៀនធំរបស់មនុស្ស។ ជាញឹកញាប់ វេជ្ជបណ្ឌិតធ្វើការឆ្លុះមើលពោះវៀនធំដើម្បីពិនិត្យរកមើលការដុះសាច់ (polyps) ឬសម្រាប់ធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកពោះវៀនធំ (colorectal cancer)។ ការដុះសាច់ (polyps) ជាការលូតលាស់មិនប្រក្រតីនៃផ្ទៃខាងក្នុងនៃពោះវៀនធំ ដែលអាចវិវត្តទៅជាមហារីកពោះវៀនធំបាន។ ប្រសិនបើអ្នកមានការដុះសាច់ វេជ្ជបណ្ឌិតអាចនឹងយកពួកវាចេញក្នុងពេលឆ្លុះមើលពោះវៀនធំនោះតែម្តង។ ការកាត់សាច់ដុះ (polypectomy) ជួយបន្ថយឱកាសនៃការកើតជំងឺមហារីកពោះវៀនធំបាន។

ការធ្វើតេស្តពិនិត្យរកមហារីក (cancer screening) គឺជាការធ្វើតេស្តដែលត្រូវបានធ្វើឡើង ដើម្បីព្យាយាមរកអោយឃើញជំងឺមហារីកមុនពេលដែលមនុស្សម្នាក់មានរោគសញ្ញា។ មហារីកដែលត្រូវបានរកឃើញនៅដំណាក់កាលដំបូងជាទូទៅមានទំហំតូច និងអាចត្រូវបានព្យាបាលយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ ការធ្វើតេស្តរកជំងឺមហារីកពោះវៀនធំមានច្រើនវិធី ប៉ុន្ដែការឆ្លុះមើលពោះវៀនធំ នៅតែជាតេស្តល្អបំផុតដែល វេជ្ជបណ្ឌិតបានជ្រើសរើសយក។

២.នៅពេលណាដែលខ្ញុំគួរតែមានការតាមដានរកជំងឺមហារីកពោះវៀនធំ? ក្រុមវេជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ថាមនុស្សភាគច្រើន ត្រូវចាប់ផ្តើមតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅអាយុ 50 ។ មនុស្សខ្លះមានការប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកពោះវៀន ដោយសារតែមានប្រវត្តិគ្រួសារមាន ឬមានលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួន។ មនុស្សទាំងនេះ អាចនឹងចាប់ផ្តើមការតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅវ័យក្មេងជាងប្រជាជនទូទៅ។

៣.តើអ្វីទៅជាហេតុផលផ្សេងទៀតដែលគ្រូពេទ្យអាចផ្ដល់យោបល់ឲ្យដើម្បីធ្វើការឆ្លុះមើលពោះវៀនធំ? វេជ្ជបណ្ឌិតអាចផ្តល់យោបល់ឲ្យអ្នកធ្វើការឆ្លុះពោះវៀនធំប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖ - មានឈាមនៅក្នុងលាមក - ការផ្លាស់ប្តូរទម្លាប់ក្នុងការបន្ទោរបង់ដូចជារាគរូសរាំរ៉ៃ - ភាពស្លេកស្លាំង - ឈឹពោះរយៈពេលវែង ឬ ឈឺទ្វារធំ - មានប្រវត្តិជំងឺមហារីកពោះវៀនធំ ឬដុះសាច់ក្នុងពោះវៀនធំ។

៤. តើមានអ្វីដែលខ្ញុំគួរធ្វើមុនពេលការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្ដល់សេចក្ដីណែនាំអំពីអ្វីដែលត្រូវធ្វើមុនពេលការឆ្លុះពោះវៀន។ គាត់នឹងប្រាប់អ្នកពី អាហារដែលអ្នកអាចបរិភោគនិង មិនអាចបរិភោគ។ គាត់នឹងប្រាប់អ្នកថាតើអ្នកត្រូវការបញ្ឈប់ការប្រើថ្នាំណាមួយនៃថ្នាំប្រចាំថ្ងៃរបស់អ្នកជាមុន។ អ្នកអាចនឹងបញ្ឈប់ថ្នាំមួយចំនួនរហូតដល់ទៅមួយសប្តាហ៍មុនពេលការធ្វើតេស្តនេះ។

ពោះវៀនធំត្រូវការបានសម្អាតចេញមុនពេលការឆ្លុះពោះវៀន។ វេជ្ជបណ្ឌិតនឹងផ្ដល់ឱ្យអ្នកនូវទឹកថ្នាំមួយដែលបណ្តាលឱ្យបន្ទោបង់ញឹក។​ វាជាការសំខាន់ ដើម្បីផឹកទាំងអស់របស់វា​ ដើម្បីធ្វើឲ្យប្រាកដថាពោះវៀនធំរបស់អ្នក គឺស្អាត។

៥. តើមានអ្វីកើតឡើង ក្នុងអំឡុងពេលការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្តល់ឲ្យអ្នកនូវថ្នាំ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាបានសម្រាក។ បន្ទាប់មកគាត់នឹងដាក់បំពង់តូចមួយចូលក្នុងទ្វារធំ គាត់នឹងមើលស្រទាប់ខាងក្នុងនៃពោះវៀនធំទាំងមូលក្នុងអំឡុងពេលឆ្លុះពោះវៀន។​ វេជ្ជបណ្ឌិតអាចធ្វើតេស្តមួយដែលហៅថាការធ្វើកោសល្យវិច័យ ដោយការកោសយកផ្នែកតូចមួយនៃជាលិកាពោះវៀនធំ។ បន្ទាប់មកគាត់នឹងយកជាលិកានោះទៅពិនិត្យមើលតាមមីក្រូទស្សន៍ ដើម្បីមើលថាតើវាមានរោគមហារីក រឺក៏អត់។

៥. តើមានអ្វីកើតឡើង បន្ទាប់ពីការឆ្លុះពោះវៀន? វេជ្ជបណ្ឌិតនឹងផ្ដល់ឱ្យអ្នកនូវការណែនាំអំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីការឆ្លុះពោះវៀន។ មនុស្សភាគច្រើនអាចបរិភោគជាធម្មតា។ វេជ្ជបណ្ឌិតនឹងប្រាប់អ្នកពេលដែលត្រូវចាប់ផ្តើមប្រើឡើងវិញ នូវថ្នាំណាមួយដែលអ្នកបានឈប់មុនពេលធ្វើតេស្ត។

៦. នៅពេលដែលខ្ញុំគួរហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិការបស់ខ្ញុំ? ហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតឬគិលានុបដ្ឋាយិការបស់អ្នកភ្លាមប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោមនេះ ៖ - ចុកពោះខ្លាំង - ក្អួត - គ្រុនក្តៅ - ការហូរឈាមច្រើនតាមទ្វារធំ។

ចំណេះដឹងទូទៅខ្លីៗ ១ / ការប្រឈមមុខនឹងជំងឺនេះកើនតាមអាយុ ច្រើនជាង ៩០ % នៃជំងឺមហារីកពោះវៀនធំត្រូវបានរកឃើញនៅអាយុ ៥០ ឆ្នាំឡើងទៅ។ ២ / ការដុះសាច់នៅដំណាក់កាលមុនមហារីក ឬមហារីកនៅដំណាក់កាលដំបូង ជាទូទៅមិនបង្កអោយមានរោគសញ្ញាអ្វីទេ ដូច្នេះការតាមដានស្វែងរកជំងឺនេះមានសារៈសំខាន់ខ្លាំងណាស់។ ៣ / មនុស្សខ្លះមានការប្រឈមមុខខ្ពស់នឹងការកើតជំងឺមហារីកពោះវៀន ដោយសារតែមានប្រវត្តិគ្រួសារមានឬ មានលក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួន។ មនុស្សទាំងនេះអាចនឹងចាប់ផ្តើមការតាមដានរកមើល ជំងឺមហារីកពោះវៀនធំនៅវ័យក្មេងជាងប្រជាជនទូទៅ។ ៤ / ការធ្វើតេស្តរកជំងឺមហារីកពោះវៀនធំមានច្រើនវិធី ប៉ុន្ដែការឆ្លុះមើលពោះវៀនធំ នៅតែជាតេស្តល្អបំផុតដែលវេជ្ជបណ្ឌិតបានជ្រើសរើសយកមកប្រើប្រាស់។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ