2017-07-25 · 19,304 views
១៥ចំណុចដែលអ្នកនឹងយល់ ប្រសិនបើអ្នកជានិស្សិតពេទ្យ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
១. ការអនុវត្ត OSCE លើគ្នាទៅវិញទៅមក៖ «សួស្ដី ខ្ញុំឈ្មោះ......ហើយខ្ញុំគឺជានិស្សិតពេទ្យចុះកម្មសិក្សាឆ្នាំទី៦។ លោកគ្រូពេទ្យ បានប្រាប់ឲ្យខ្ញុំមកធ្វើការពិនិត្យបេះដូងជូនបងប្រុស។ តើបងប្រុសអនុញ្ញាតឲ្យខ្ញុំធ្វើការពិនិត្យជូនទេ?....» ២. អង្គុយចាំមើលមិត្តរបស់អ្នកបញ្ចប់ការសិក្សា ទទួលបានការងារធ្វើ រៀបការមានគ្រួសារ ហើយអ្នកវិញគឺនៅរៀនពេទ្យមិនទាន់ចប់នៅឡើយ... និយាយឲ្យស្រួលស្ដាប់ទៅ ពេលខ្លះមិត្តភក្តិមួយចំនួនគេមានកូន២ទៀតទៅហើយ ឯគ្នាយើងវិញមិនទាន់រៀនចប់ផង។ ៣. ដើរតាមគ្រូពេទ្យ ពេលពិនិត្យជំងឺ ហើយអ្នកធ្វើជាស្រមោល ( Shadowing ) របស់គ្រូពេទ្យ៖ ពេលខ្លះបន់ឲ្យតែគ្រូប្រើទេ ព្រោះថាចង់ចេះ និងចង់ធ្វើ ប៉ុន្តែ ពេលខ្លះក៏ភ័យដែរ ពេលគ្រូហៅសួរសំណួរ ខ្លាចអត់ចេះ។ ៤. យាមយប់/On-Calls (មានន័យថាអ្នកត្រូវត្រៀមខ្លួនជានិច្ច នៅពេលដែលមន្ទីរពេទ្យខលហៅអ្នក)៖ អ្នកមិនដែលបានគេងលក់ស្រួលម្ដងណាទេ ពេលយាមម្ដងៗ ពេលខ្លះអាចនៅទល់ភ្លឺ ព្រោះថាមានអ្នកជំងឺចូលថ្មី ឬអ្នកជំងឺធ្វើទុក្ខជាដើម។ ៥. ពេលនៅមន្ទីរពេទ្យតែងតែអប់រំឲ្យអ្នកជំងឺ គេងឲ្យបានគ្រប់គ្រាន់៖ មួយថ្ងៃៗខំពន្យល់អ្នកជំងឺពីសារសំខាន់នៃការគេង តែខ្លួនឯងវិញ ធ្វើមិនដែលបានទេ។ ៦. Medical Student Syndrome ( ជំងឺនិស្សិតពេទ្យ )៖ អារម្មណ៍មួយដែលធ្វើឲ្យអ្នកយល់ថា អ្នកមានជំងឺនោះ បន្ទាប់ពីបានសិក្សាពីជំងឺនោះ។ «ខ្ញុំឈឺក្បាល ហើយខ្ញុំតែងតែហត់អស់កម្លាំង....អូ! ខ្ញុំប្រាកដជាមានជំងឺ Kawasaki ហើយ។» ៧. Gunners (សំដៅលើអ្នកដែលពូកែយកមុខយកមាត់)៖ អ្នកខ្លះចូលចិត្តអែបអបគ្រូពេទ្យ ហើយស្ម័គ្រចិត្តនៅជួយធ្វើការក្នុងពេទ្យ នៅពេលដែលអ្នក ចង់ទៅផ្ទះយ៉ាងខ្លាំង។ ហើយពួកគេគួរតែនៅមន្ទីរពេទ្យយូរជាងនេះ ឬយូរអស់មួយជីវិត...នៅក្នុងផ្នែកព្យាបាលអ្នកជំងឺវិកលចរិក។ ៨. ទាមទារឲ្យរៀននូវភាសាថ្មីមួយទៀតដែលជាភាសាពេទ្យ៖ «ភាសាពេទ្យមិនដឹងថាលាយប៉ុន្មានភាសាទេ មើលទៅដូចភាសាក្រិចបន្តិច អេស្ប៉ាញបន្តិច បារាំងបន្តិច អង់គ្លេសបន្តិច ម៉េចទេ!....» ៩. Hepaticocholangiocholecystenterostomies ៖ «ទាល់តែនិស្សិតពេទ្យទើបធ្លាប់ជួបពាក្យដែលវែងយ៉ាងនេះ តែពេលខ្លះ ក៏មិនដឹងថាវាន័យយ៉ាងម៉េចដែរ» ១០. ពេលប្រលងចេញម្ដងៗ មានទាំងសំណួរសរសេរ ហើយត្រូវទៅប្រលងផ្ទាល់មាត់ម្ដងទៀត៖ បើនិយាយពីសំណួរត្រៀមប្រលង ពេលប្រលងយកឯកទេសវិញ មិនតិចជាង៥០០០សំណួរទេ!!! ១១. ពេលមើលរឿងអ្វីមួយ និស្សិតពេទ្យចូលចិត្តវិភាគ៖ ជាពិសេសរឿងប្រភេទ action movies ក្នុងឈុតវាយតប់ជាដើម គ្នាយើងចូលចិត្តវិភាគ តាមបែបវេជ្ជសាស្ត្រ ។ ១២. អ្នកនឹងមានរឿងជាច្រើនជជែកគ្នាជាមួយនឹងមិត្តភក្តិដែលរៀនពេទ្យដូចគ្នា តែចំពោះមិត្តភក្តិដែលមិនរៀនពេទ្យវិញគឺ...៖ គេអាចនិយាយថា «ប្រសិនបើអ្នកមិនប្រកាន់ទេ ខ្ញុំអាចមិនស្ដាប់អ្នកនិយាយបានទេ?» សំខាន់គេស្ដាប់យើងអត់សូវយល់ ។ ១៣. នៅមិនទាន់មានចម្លើយចំពោះសំណួរដ៏គួរឲ្យខ្លាចមួយ៖ « ហេតុអ្វីបានជាអ្នកចង់ក្លាយជាពេទ្យ? » ១៤. អ្នកនឹងចំណាយពេល និងការខិតខំជាច្រើនក្នុងការប្រលងឲ្យជាប់បានចូលរៀនពេទ្យ ហើយនៅពេលដែលអ្នកប្រលងជាប់... អ្នកមានអារម្មណ៍ថា អ្នកបានធ្វើការសម្រេចចិត្តខុសហើយ។ ១៥. ពេលខ្លះគេងភ័យម្នាក់ឯង៖ វាជារឿងធម្មតាទេ មន្ទីរពេទ្យគឺជាកន្លែងដែលព្យាបាលជំងឺផ្សេងៗ ប៉ុន្តែមន្ទីរពេទ្យក៏ជាកន្លែងដែលពោរពេញទៅដោយជំងឺដែរ។ ពេលខ្លះ ទោះបីជាយើងខំប្រុងប្រយ័ត្នយ៉ាងណា ក៏នៅតែមានរឿងមួយចំនួនដែលកើតឡើងដោយមិនដឹងខ្លួន ហើយរឿងទាំងនោះមានដូចជាការប៉ះឈាមអ្នកជំងឺ ការមុតដៃ និងពេលខ្លះមានអ្នកជំងឺឆ្លងចូលមកជាដើម។ បើមានរឿងដូច្នេះកើតមានមែននោះ និស្សិតពេទ្យយើងសុទ្ធមានបទពិសោធន៍មួយចំនួន ដូចជា ការទៅធ្វើតេស្តឈាម ឬលេបថ្នាំការពារជាដើម។ បន្ទាប់មកគេងភ័យម្នាក់ឯង។