2017-08-02 · 16,610 ដងមើល
ស្វែងយល់ ជំងឺធ្លាក់ទឹកចិត្ត
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
អ្វីជាជំងឺធ្លាក់ទឹកចិត្ត? - បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រត្តិកម្មធម្មតា ប៉ុណ្ណោះ។ - ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។ វាមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់ លោកអ្នក។
អ្វីខ្លះជារោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត? អាការ:រាងកាយ - អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា - វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់ - ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ - ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក - រដូវមិនទៀងទាត់។
អាការ:ផ្លូវចិត្ត - មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ - បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ - គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត - ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាត)។
ការគិត - អ្វីៗជាកំហុសខ្ញុំទាំងអស់ - គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ - ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់ - ខ្ញុំមិនចង់រស់។
អាកប្បកិរិយា - គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ - ដកខ្លួនចេញពីគ្រួសារ មិត្តភក្តិ និងសង្គម - ឈានទៅរកការផឹកស្រា សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។
ជំងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ? - ជំងឺធ្លាក់ទឹកចិត្ត គេសង្កេតឃើញស្រ្តីភេទមានពីរដងច្រើនជាងបុរស អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញ វ័យ និងមនុស្សចាស់។ ជំងឺធ្លាក់ទឹកចិត្តមាន បីកម្រិត ៖ ស្រាល មធ្យម និងធ្ងន់ធ្ងរ។
មូលហេតុនាំឲ្យកើតមានជំងឺធ្លាក់ទឹកចិត្ត - បញ្ហាគ្រួសារ សង្គម - ការខកចិត្ត សោកស្តាយ ការបាត់បង់អ្នកជាទីស្រឡាញ់ - បម្រែបម្រួលសារធាតុគីមីខាងក្នុងខ្លួន - ជំងឺផ្លូវកាយមួយចំនួន - ឱសថព្យាបាលមួយចំនួន - ការសេពសុរា គ្រឿងញៀន
ការព្យាបាល - ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងធ្លាក់ទឹកចិត្ត - ការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយា - ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា - លំហាត់ប្រាណ និងសំរាយកាយ ចិត្ត - ការធ្វើរបបអាហារឲ្យមានតុល្យភាព
ការការពារ - ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសម្របទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ - បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន - អនុវត្តតាមវេជ្ជបញ្ជាដោយពិសាថ្នាំឲ្យបានទៀងទាត់ - ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ ក្នុងករណីថ្នាំមានផលវិបាក។