CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-08-08 · 6,349 views

[ខ្លឹមៗ] មុខខ្ញុំជាំ ចឹងធ្វើម៉េច?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយកើតលើមនុស្សចាប់ពីអាយុ២០ឆ្នាំឡើងទៅ​ តែមូលហេតុរបស់ជាំ​ មិនត្រូវបានបញ្ជាក់ ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសម្គាល់ឃើញថា វាមានទំនាក់ទំនង និងបម្រែបម្រួលរបស់អ័រម៉ូន និងកម្តៅថ្ងៃ។

សម្រាប់ការព្យាបាលបញ្ហាមុខជាំនេះ បើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា គឺមានដូចខាងក្រោម ៖

1.    ការព្យាបាលមួយផ្នែកត្រូវធ្វើឡើងទៅតាមកត្តាមូលហេតុដែលបង្កជាបញ្ហាមុខជាំនេះផ្ទាល់ ដែលមានន័យថា៖ • ប្រសិនបើស្ត្រីកំពុងតែពិសាថ្នាំពន្យារកំណើត គាត់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំនោះសិន • ចំពោះស្រ្តីទើបនឹងសម្រាលកូន ត្រូវរង់ចាំមើលរយៈពេល ៦ខែក្រោយសម្រាល • ចំពោះស្ត្រីមានផ្ទៃពោះក៏ត្រូវរង់ចាំសម្រាលកូនរួចរយៈពេល៦ខែក្រោយសម្រាលដូចគ្នា។ តែទោះជាក្នុងករណីណាក៏ដោយ   ការប្រើប្រាស់នូវមធ្យោបាយការពារកម្តៅថ្ងៃនានាក៏ត្រូវបានណែនាំទាំងចំពោះបុរស និងស្ត្រីដដែល ទៅតាមទម្រង់នៃប្រភេទរបស់ស្បែកដែលត្រូវបានបែងចែកជា៦ក្រុម។

2.    ចំពោះការប្រើថ្នាំលាបផ្សេងទៀត  ដើម្បីកាត់បន្ថយនូវការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក (Hyperpigmentation) ក៏ត្រូវប្រើតាមដំណាក់កាលផងដែរគឺចាប់ផ្តើមពី Kliment I, Kliment II, Kliment III និងបន្តការពារការឡើងពណ៌ស្បែកឡើងវិញដោយពពួក Alpha  Albutine ។ ចំពោះ Hydroquinone នៅតែមានការណែនាំឲ្យប្រើដដែលរួមជាមួយ Retine A និងពពួក Steroide ទៅតាមកម្រិតនៃការរលាករបស់ស្បែក។ បច្ចុប្បន្ន មានការព្យាបាលបន្ថែមឬ ទៅតាមកម្រិតនៃការឡើងពណ៌របស់ស្បែកដោយពពួក AHA ផងដែរ។

3.    ចំពោះការព្យាបាលដោយថ្នាំលេបវិញ ការប្រើប្រាស់ Tranxamic acid (500mg) ពេលព្រឹក នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់ការព្យាបាលដូចគ្នា។

ស្វែងយល់បន្ថែម ៖ ជាំមុខមិនមែនជាជំងឺ តែប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។