2017-08-17 · 11,559 views
ជំងឺរបេងមិនមែនជាជំងឺតពូជទេ !
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ប្រជាជនកម្ពុជាភាគច្រើន ប្រាកដជាជជ្រាបខ្លះពីជំងឺរបេង។ ប៉ុន្តែដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទាក់ទិននឹងជំងឺរបេង លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន បានផ្តល់ជាកិត្តិយសដល់ចូលរួមបកស្រាយ ពីស្ថានភាពទូទៅនៃជំងឺរបេង។ ជំងឺរបេង និងការឆ្លងរាលដាល របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។ ប៉ុន្តែប្រភេទជំងឺរបេងទាំងនេះ មិនឆ្លងរីករាលដាលគឺមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតឡើយ។ ជំងឺរបេងមួយប្រភេទដែលអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះគឺជំងឺរបេងសួតដោយជំងឺរបេងសួតនេះឆ្លងតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកជំងឺនេះ។
រោគសញ្ញា ជំងឺរបេងនេះ អាចបង្ហាញជារោគសញ្ញាមួយចំនួនដូចជា ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ហើយក្នុងករណីនេះជាជំងឺរបេងសួត វាធ្វើឲ្យអ្នកជំងឺក្អករ៉ាំរ៉ៃ។ ប៉ុន្តែភាគច្រើនយោងតាម ការសិក្សាស្រាវជ្រាវចុងក្រោយនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ស៊ិន បានបញ្ចាក់ថា នៅពេលបច្ចុប្បន្ននេះ ចំនួន៥០%នៃអ្នកជំងឺរបេង មិនបានបង្ហាញរោគសញ្ញាតាមរយៈការក្អកឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រជាជមកម្ពុជាយើងគួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះរបកគំហើញថ្មីមួយនេះ។ ហេតុដូច្នេះ ប្រសិនបើអ្នកមានអាការៈធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នងជាដើម នេះគួរតែទៅពិនិត្យសុខភាព និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ ការវិវឌ្ឍន៍នៃជំងឺរបេង លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើសិននិយាយពីជំងឺរបេង ប្រជាជនភាគច្រើនតែងតែសង្កត់ធ្ងន់ទៅជំងឺរលាកសួត ប៉ុន្តែជំងឺរបេងនេះវាមិនមែនកើតតែនៅលើសួតតែម៉្យាងទេ ពោលគឺវាអាចកើតឡើងលើសរីរាង្គមួយចំនួនទៀតដូចជា ស្បែក ប្រដាប់ភេទ ប្រព័ន្ធរំលាយអាហារ (តម្រងនោម) ភ្នែក និងលើសន្លាក់ ។ល។ ជំងឺរបេងត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកជាជំងឺសង្គមពីព្រោះវាជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យអ្នកជំងឺស្គម អស់កម្លាំង ពិសាបាយមិនបាន សម្រាន្តមិនលក់ និងមិនអាចរកទទួលទានបានទៀតផង ហើយក្នុងករណីធ្ងន់ធ្ងរជំងឺនេះ អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រជាជនកម្ពុជាយើងមានការយល់ដឹងច្រើនអំពីជំងឺរបេង ដោយសារនាពេលបច្ចុប្បន្ននេះ ប្រទេសយើងបានបង្កើតប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដោយឡែកមានប្រជាជាននៅតំបន់ដាច់ស្រយាលមួយចំនួនតិចតួចប៉ុណ្ណោះ ដែលមិនបានយល់ឲ្យស៊ីជម្រៅពីជំងឺនេះ។ សមាគមន៍ដាច់ស្រយាលទាំងនោះ មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់ស៊ិនបានចុះទៅដោយផ្ទាល់ដើម្បីស្រាវជ្រាវពីអត្រាអ្នកកើតជំងឺរបេង និងផ្តល់ការព្យាបាលដោយយកចិត្តទុកដាក់។
ការព្យាបាល មនុស្សមួយចំនួនតែងគិតថា ជំងឺជាជំងឺតពូជពីព្រោះពួកគាត់តែងមានទស្សនៈថា កូនកម្លោះក្រមុំរស់នៅក្នុងគ្រួសារដែលមានឪពុក ឬម្តាយកើតជំងឺរបេងតែងឆ្លងជំងឺនេះពីឪពុក ឬម្តាយរបស់គេ ហេតុដូច្នេះគេមិនយកធ្វើជាភរិយា ឬស្វាមីឡើយ។ ប៉ុន្តែតាមការពិត ទស្សនៈបែបនេះវាហួសសម័យហើយ ពីព្រោះជំងឺរបេងនេះអាចព្យាបាលជាសះស្បើយបាន១០០% ដោយការប្រើប្រាស់ឱសថ និងការចាក់ថ្នាំ ដោយគ្រាន់តែឲ្យអ្នកជំងឺអនុវត្តការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឬបុគ្គលិកសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ។ ការការពារ វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជុះងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន៕