2017-08-19 · 5,707 ដងមើល
សញ្ញាអ្វីខ្លះបញ្ជាក់ថាកុមារកំពុងខ្វះជីវជាតិ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
បើទោះបីកុមារមើលទៅហាក់ដូចជាមានសុខភាពមាំមួនតែពួកគេអាចកំពុងតែប្រឈមមុខនឹងវិបត្តិកង្វះជីវជាតិដោយហេតុថារោគសញ្ញានោះ មានភាពពិបាកក្នុងការសន្និដ្ឋាន។
រោគសញ្ញាកង្វះជីវជាតិអាចស្តែងមានឡើងហាក់មានស្ថានភាពធម្មតា ដែលអ្នកមិនបានចាប់អារម្មណ៍ នឹងចាត់វិធានការបានទាន់ពេលវេលា ជាលទ្ធផលការមើលរំលងនោះនាំឲ្យឈានទៅដល់បញ្ហាធ្ងន់ធ្ងរផ្សេងមួយចំនួនទៀតនៅថ្ងៃអនាគត។ ដោយសារវាជាបញ្ហាដែលគួរមានការយកចិត្តទុកដាក់ ទើប ហេលស៍ថាម នាំជូនអាណាព្យាបាលទាំងអស់នូវអត្ថបទខាងក្រោម ពីរោគសញ្ញាកង្វះខាតនូវជីវជាតិ ដែលប្រហែលជាអាចកើតឡើងលើកូនតូចៗរបស់អ្នក។
1. រវើរវាយ កុមារដែលមានសញ្ញារវើរវាយឬរសាប់រសល់អាចប្រាប់អ្នកពីបញ្ហាពិបាកក្នុងការរំលាយអាហាររបស់ពួកគេបង្កឲ្យរាងកាយមិនអាចធ្វើការស្រូបយកជីវជាតិបានគ្រប់គ្រាន់។តាមការសិក្សាកុមារអាចមានអាការៈបែបនេះបណ្តាលមកពីការបរិភោគអាហារកែច្នៃដែលរួមបញ្ចូលនូវសារជាតិពណ៌ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រភេទនេះ ជំនួសដោយរបបអាហារដែលជំនួយក្នុងប្រព័ន្ធរំលាយអាហារដូចជា ល្ហុង ឬយាអ៊ួជាដើម។
2. ស្បែក ឬសក់ស្ងួត ស្ថានភាពបែបនេះ អាចបណ្តាលមកពីកង្វះវីតាមីន A D E និងK2។ ដូច្នេះអ្នកគួរបញ្ចូលនូវប្រភេទអាហារដែលមានវីតាមីនរលាយក្នុងខ្លាញ់ ឬប្រើប្រាស់ថ្នាំវីតាមីនជាគ្រាប់សម្រាប់ការបាត់បង់នោះ តែមុនពេលប្រើប្រាស់អ្នកគួរពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។
3. បញ្ហាការនិយាយ ការនិយាយរបស់កុមារអាចនឹងមានភាពយឺតយ៉ាវ ដែលនេះបង្ហាញថាកុមារប្រហែលជាមិនទទួលបានវីតាមីន ប្រភេទB12 បានគ្រប់គ្រាន់នោះឡើយ។ ចំពោះបញ្ហានេះត្រូវបានណែនាំឲ្យមានការផ្លាស់ប្តូររបបអាហារដោយគួរបរិភោគ ស៊ុត ពពួកសាច់ដូចជា សាច់ជ្រូក ត្រី មាន់ជាដើម ជាជាងការប្រើប្រាស់ពពួកថ្នាំគ្រាប់។
4. បញ្ហាធ្មេញ កុមារភាគច្រើនតែងតែឆ្លងកាត់បញ្ហាធ្មេញដែលគេហៅថាដង្កូវស៊ីធ្មេញជាញឹកញាប់។ជាធម្មតាគេតែងសន្និដ្ឋានថាវាបណ្តាលមកពីការញ៉ាំ អាហារដែលមានជាតិស្ករច្រើន យ៉ាងណាមិញ បញ្ហានេះក៏អាចកើតមានឡើងដោយសារការកង្វះនូវ សារជាតិរ៉ែនិងវីតាមីនដែលរលាយក្នុងខ្លាញ់មួយ ចំនួនផងដែរដូច្នេះអ្នកជាអាណាព្យាបាលត្រូវតាមដានឲ្យបានជាក់លាក់ថាបញ្ហាដង្កូវស៊ីធ្មេញ បង្កមកពីអ្វីឲ្យពិតប្រាកដ។
5. កម្លាំងកាយ និងខួរក្បាលចុះខ្សោយ ជាអាការៈបង្ហាញពីការថយចុះនូវជាតិដែក ដែលធ្វើឲ្យកុមារឆាប់អស់កម្លាំង និងខួរក្បាលមានភាពស្ពឹក។ យកល្អគួរឲ្យកុមារញ៉ាំអាហារពពួកសាច់ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើស្ងួត ដើម្បីបង្រ្គប់ជាតិដែកក្នុងខ្លួនឡើងវិញ។
ប្រហែលជាមានបញ្ហាខ្លះដែលកំពុងកើតលើកូនតូចៗរបស់អ្នក តែអ្នកនៅតែអាចគ្រប់គ្រងបានប្រសិនវាស្ថិតក្នុងដំណាក់កាលដំបូង ដោយគ្រាន់តែបន្ថែម និងកែប្រែរបបអាហារឡើងវិញដូចទៅតាមការណែនាំខាងលើ ៕