2017-08-23 · 12,129 ដងមើល
និស្សិតឱសថសាស្រ្តbelike គ្រាន់តែCetirizine, Amoxicillin...ពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមីច្រើនបន្តិចហ្នឹង...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នាងខ្ញុំឈ្មោះ លីម ចាន់បូរ៉ាម៉ី ជាឱសថការីឧត្តមដែលទើបបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យអន្តរជាតិ (IU) ក្នុងខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ។
កត្តាជំរុញឲ្យជ្រើសរើសយកមុខវិជ្ជានេះ កត្តាចម្បង គឺផ្ទាល់ខ្លួនតែម្តង ដោយហេតុថាកាលពីនៅក្មេង ខ្ញុំគិតថា «ពេទ្យជាវិជ្ជាជីវៈមួយដែលអាចសង្គ្រោះជីវិត ក៏ដូចជាជួយអ្នកដទៃដែលកំពុងត្រូវការការព្យាបាល» ហើយវាក៏ក្លាយជាគោលបំណងមួយក្នុងជីវិត។ ដោយសង្កេតឃើញថា នាងខ្ញុំចូលចិត្តមុខវិជ្ជា ជីវវិទ្យា គីមីវិទ្យា និង គណិតវិទ្យាជាងមុខវិជ្ជាដទៃៗទៀត ខ្ញុំក៏សម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់បរិញ្ញាបត្រឱសថសាស្រ្ត ហើយក៏បានទទួលជោគជ័យ។ កម្លាំងជំរុញទឹកចិត្តក្នុងការសិក្សា មុននឹងសម្រេចចិត្តចូលរៀន ខ្ញុំបានសាកសួរយោបល់ពីបុគ្គលជាច្រើន ដូចជាសិស្សច្បង លោកគ្រូអ្នកគ្រូដែលដឹងពីសមត្ថភាពសិក្សា និងជាពិសេសការពិភាក្សាក្នុងក្រុមគ្រួសារ។ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំអរគុណចំពោះការគាំទ្រពីគ្រួសារណាស់ ដែលតែងតែផ្តល់ជាកម្លាំងចិត្តក្នុងពេលរៀនសូត្រ ឬ ជួបឧបសគ្គអំឡុងពេលសិក្សាច្រើនឆ្នាំនេះ។
អំឡុងពេលរៀន នាងខ្ញុំបានយល់ពីមូលហេតុដែលគេតែងតែថា«រៀនពេទ្យពិបាក»នោះ គឺត្រូវចងចាំមេរៀនជាច្រើន រួមទាំងពាក្យបច្ចេកទេស និង ឈ្មោះសារធាតុគីមី ដែលយើងកំរជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងត្រូវស្រាវជ្រាវក្រៅម៉ោងសិក្សា ដើម្បីបន្ថែមចំណេះដឹងផ្ទាល់ខ្លួន ព្រោះបច្ចេកវិទ្យាតែងតែរីកចម្រើន ដូច្នេះ យើងត្រូវតាមដានព័ត៌មានថ្មីៗដែលទាក់ទងនឹងវិជ្ជាជីវៈយើង។ ប៉ុន្តែ ការខិតខំទាំងអស់នេះ សុទ្ធតែជាគ្រឹះសម្រាប់ភាពជោគជ័យទៅអនាគត ដូច្នេះខ្ញុំគិតថាបទពិសោធន៍ទាំងនេះពិតជាមានគុណតម្លៃណាស់។
ទោះជាការសិក្សាមានការលំបាក ដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។
ភាពលំបាកក្នុងការសិក្សា ដោយសារតែខ្ញុំរៀនសាកលវិទ្យាល័យ ២ ក្នុងពេលតែមួយ ហើយត្រូវស្តារនៅឱសថស្ថាន និងកន្លែងនានា ធ្វើឲ្យកាលវិភាគសិក្សាពេលខ្លះជាន់គ្នា ជាពិសេសពេលប្រលង ជួនកាលក៏ត្រូវប្រលងក្នុងអំឡុងពេលតែមួយទៀត ។ ខ្ញុំបានដោះស្រាយបញ្ហាដោយរៀបចំនូវផែនការរៀនប្រចាំថ្ងៃ ដើម្បីបែងចែកម៉ោងសិក្សាសម្រាប់មុខវិជ្ជានីមួយៗ ហើយបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ ដែលបានធ្វើឲ្យខ្ញុំអាចផ្តោតទៅលើមុខវិជ្ជាមួយៗ ដូចនេះ ការរៀនសូត្រក៏មានគុណភាពដែរ។
រៀនពេទ្យពិតជាមិនស្រួល តែក៏អាចទៅរួច នាងខ្ញុំយល់ស្របនឹងពាក្យថា «រៀនពេទ្យមិនស្រួលនោះទេ» ដូចដែលបានរៀបរាប់ខាងលើមកស្រេច។ ប៉ុន្តែ ពេលដែលមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូរហូតដល់បញ្ចប់ ដូចពាក្យដែលគេនិយាយថា «ព្យាយាមគង់បានសម្រេច» ។
យុទ្ធសាស្រ្តក្នុងការសិក្សា -យកចិត្តទុកដាក់ពេលរៀនក្នុងថ្នាក់ -យកព័ត៌មានដែលទទួលបានមកបង្រួមជាគន្លឹះខ្លីៗងាយស្រួលក្នុងការចងចាំ -រៀនជាក្រុម ព្រោះយើងអាចដឹងថាខ្លួនឯងនៅខ្វះខាតអ្វី ត្រូវបន្ថែមអ្វី គួបផ្សំនឹងការចែករំលែកទៅវិញទៅមក គឺអាចឆ្ពោះទៅមុខទាំងអស់គ្នា។
Dos & Don’ts សម្រាប់និស្សិតពេទ្យ Dos ៖ -ខិតខំសិក្សា ហ្វឹកហ្វាត់ខ្លួនឯងឲ្យទៅជាពេទ្យស្ទាត់ជំនាញ និងមានវិជ្ជាជីវៈច្បាស់លាស់ -ស្រាវជ្រាវឯកសារផ្សេងៗទាក់ទងទៅនឹងមុខវិជ្ជានីមួយៗ ដើម្បីដឹងពីការរកឃើញថ្មីៗទាន់ហេតុការណ៍ -ប្រកាន់ខ្ជាប់អាកប្បកិរិយាល្អ ស្មោះត្រង់ចំពោះអ្នកជំងឺ -មានសុជីវធម៌ក្នុងការនិយាយស្តី និងបំពេញការងារ។ Don’ts ៖ -កុំមើលងាយអ្វីដែលកំពុងរៀនដោយគិតថា ថ្ងៃក្រោយមិនអាចយកទៅអនុវត្ត ព្រោះការពិត ការសិក្សាថ្ងៃនេះអាចប្រើបាននៅកាលៈទេសៈណាមួយ -មិនត្រូវមានអាកប្បកិរិយាប្រមាថបៀតបៀនអ្នកដទៃ ជាពិសេសអ្នកជំងឺ។
ការរួមចំណែកនៃនិស្សិតពេទ្យក្នុងវិស័យសុខាភិបាល «សុខភាពជាដើមទុនរបស់មនុស្ស» ដូចនេះហើយ ធនធានមនុស្សក្នុងវិស័យសុខាភិបាលពិតជាមានតួនាទីសំខាន់។ ជាក់ស្តែង ដើម្បីក្លាយជាពេទ្យមានវិជ្ជាជីវៈ និងប្រកបដោយសីលធម៌មួយរូប គឺត្រូវឆ្លងកាត់រយៈពេលសិក្សាយូរ និង ជួបការលំបាកជាច្រើន។
សារជូនដល់សិស្សប្អូន សូមកុំធ្វើការសម្រេចចិត្តចូលរៀនវិស័យសុខាភិបាលដោយសារកត្តាសង្គម ដូចជាផ្នត់គំនិតដែលគិតថា«ពេទ្យរកប្រាក់ចំណូលបានច្រើន»។ សូមសងេ្កតមើលកត្តាផ្ទាល់ខ្លួនថា អាចចូលចិត្តមុខវិជ្ជាពេទ្យនេះទេ? ការសិក្សាអាចទទួលយកបានទេ? មានគោលដៅច្បាស់លាស់ទេ?
ចំពោះកត្តាគ្រួសារ គឺត្រូវពិភាក្សាឲ្យបានច្បាស់លាស់ និងសាកសួរយោបល់ពីក្រុមគ្រួសារ ព្រោះពួកគាត់អាចដឹងពីគុណសម្បត្តិ ឬ គុណវិប្បតិ្ត នៃការជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ។ បើមានការសម្រេចចិត្តហើយមានគោលដៅច្បាស់លាស់ គឺត្រូវតស៊ូព្យាយាមរហូតដល់បានសម្រេចនូវអ្វីដែលយើងកំណត់។ មិនមានអ្វីដែលមិនពិបាកទេ សំខាន់ជាងគេ គឺខ្លួនយើងមានឆន្ទៈមុតមាំនោះ គឺអាចឆ្ពោះទៅកាន់ភាពជោគជ័យ។