2017-02-01 · 7,452 ដងមើល
ម៉្ញូប ជំងឺត្រូវតាមដានលើកុមារ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។
ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។
ការធ្វើរោគវិនិច្ឆ័យ ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor វិញ។
មូលហេតុ -ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។ -ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។ -កង្វះអាហារូបត្ថម្ភ។
ការព្យាបាល -បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។ -ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។ -ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។ -ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។
យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។
ផលវិបាក វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ -វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ -គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។