2017-08-23 · 7,821 ដងមើល
វដ្ដរដូវមិនទៀង ប្រើថ្នាំហើយក៏នៅតែមិនប្រសើរ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ ៖ នាងខ្ញុំមានអាយុ ២២ឆ្នាំ កម្ពស់ ១. ៦៥ ម៉ែត្រ ទម្ងន់ ៧៧គីឡូក្រាម ជានិស្សិត។ តាំងពីមានរដូវលើកដំបូងនៅអាយុប្រហែល ១៦ឆ្នាំខ្ញុំមិនដែលមករដូវទៀងទាត់ឡើយ ដោយជាទូទៅ តែងតែមករដូវនៅរវាង ២ ទៅ ៣ខែម្តង ឬយូរជាងនេះ ហើយម្តងៗមានធ្លាក់ឈាមរដូវតិចតួច រយៈពេល ២ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ ខ្ញុំធ្លាប់បានប្រើប្រាស់ថ្នាំលក្ខណៈដូចថ្នាំដើម្បីឲ្យមករដូវតាមរយៈការណែនាំរបស់គ្រូពេទ្យប្រហែល ២ខែ តែក្រោយពីបញ្ឈប់ការប្រើប្រាស់វាក៏ដូចដើម។ ក្រោយមកនៅ ២ឆ្នាំមុន ខ្ញុំបានទៅជួបនឹងវេជ្ជបណ្ឌិតផ្សេងទៀត និងត្រូវបានពិនិត្យឃើញថា ស្បូនរបស់ខ្ញុំលូតលាស់មិនគ្រប់គ្រាន់ ដែលតម្រូវឲ្យខ្ញុំព្យាបាលដោយថ្នាំលេបរយៈពេលដល់ទៅ៦ខែ និងចាក់ថ្នាំរយៈពេល ៣ថ្ងៃនៅក្នុងខែនីមួយៗផងដែរ។ នៅអំឡុងពេលព្យាបាលខ្ញុំមករដូវបានទៀងទាត់ល្អ និងច្រើនគួរសម។ ក៏ប៉ុន្តែក្រោយពីការព្យាបាលនោះបានមួយខែ ខ្ញុំក៏លែងមករដូវរហូតមកដល់សព្វថ្ងៃ ហើយខ្ញុំពុំមានអាការៈពុំស្រួលក្នុងខ្លួនណាមួយឡើយ។ ខ្ញុំចង់សួរទៅ វេជ្ជបណ្ឌិតថា តើការមិនមករដូវនេះបណ្តាលមក ពីអ្វី? តើវាអាចមកពីការលើសទម្ងន់របស់ខ្ញុំ ឬ ជំងឺណាមួយ? ប្រសិនបើនៅតែរដូវមិនមកតើវាមានផលប៉ះពាល់ដែរឬទេ? និងតើខ្ញុំគួរធ្វើយ៉ាងណាចំពោះបញ្ហានេះ?
ចម្លើយ ៖ ស្ថានភាពនេះអាចទាក់ទងនឹងជំងឺនៃប្រព័ន្ធអ័រម៉ូនរបស់រាងកាយ។ ការលើសទម្ងន់ និងការមករដូវមិនទៀងទាត់ អាចជាសញ្ញារបស់ បណ្តុំរោគសញ្ញានៃគីស្តនៅក្នុងអូវែ (Polycystic Ovary Syndrome) ដែលអាចជាមូលហេតុនៃការមិនមានកូននៅថ្ងៃក្រោយផងដែរ។ ដូចនេះ ប្អូនត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីជាមុន និងធ្វើការពិនិត្យផ្សេងៗ រួមទាំងការពិនិត្យឈាម ដើម្បីតាមដានប្រព័ន្ធអ័រម៉ូនបន្តពូជ ក៏ដូចជាធ្វើការពិនិត្យទ្វារមាសដោយតេស្តអុលត្រាសោនផងដែរ។ ក្រោយពីនោះ វេជ្ជបណ្ឌិតនឹងផ្តល់ការព្យាបាលយោងតាមលទ្ធផលនៃការធ្វើតេស្ត។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center