2017-08-28 · 3,872 views
សន្និបាតវិសាមញ្ញទាក់ទងនឹង វិសោធនកម្មលក្ខន្តិកៈសមាគមឱសថការីកម្ពុជា
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ សមាគមឱសថការីកម្ពុជា (PAC) បានរៀបចំឡើងនូវសន្និបាតវិសាមញ្ញមួយជាមួយក្រោមប្រធានបទ “ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមឱសថការីកម្ពុជាឲ្យស្របនឹងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល”។
សន្និបាតនេះត្រូវបានរៀបចំឡើងនៅក្នុងសហសាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក្រោមអធិបតិយភាពរបស់ ឯកឧត្តម លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ឯកឧត្តម យឹម យ៉ាន់ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និង លោកបណ្ឌិត ច្រឹង សុខន ប្រធានកិត្តិយសនៃសមាគមឱសថការីកម្ពុជា ព្រមទាំងសមាជិកនៃសមាគមចំនួន ១២០រូប ដែលជាឱសថការីមកពីបណ្តាខេត្តក្រុងផ្សេងៗ។ គួរបញ្ជាក់ថា ក្រៅពីការបង្ហាញលក្ខត្តិកៈរបស់សមាគមឱសថការីកម្ពុជាដោយ ឯកឧត្តម លឹម រតនៈ នៅក្នុងថ្ងៃដដែលនេះ ក៏មានការចូលរួមបង្ហាញអំពីច្បាប់ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មនៅក្នុងវិស័យឱសថសាស្រ្ត ដោយ ឯកឧត្តម យឹម យ៉ាន់ ព្រមទាំងការចែករំលែកបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជាដែលអនុវត្តនៅ សហរដ្ឋអាមេរិក ដោយ លោកឱសថបណ្ឌិត ជា វីរៈ ក៏ដូចជាបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជានៅ ប្រទេស ជប៉ុន តៃវ៉ាន់ កូរ៉េ ដោយ កញ្ញាឱសថបណ្ឌិត យូ វណ្ណនី និងចុងក្រោយគឺការចែករំលែកអំពីការអនុវត្តល្អនៅក្នុងឱសថស្ថានដោយ លោកឱសថការី ជា សុផាណា ផងដែរ។