Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្វីដែលអ្នកមិនដឹងអំពី Pilates...

Pilates  សំដៅលើលំហាត់ប្រាណដែលត្រូវបានហាត់ ដោយគេងលើផ្ទៃរាបស្មើ សន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួន និងលំនឹងដងខ្លួន។ បច្ចុប្បន្ននេះ Pilates ត្រូវបានគេស្គាល់ពាសពេញពិភពលោក និងត្រូវបានចាត់ទុកជាជម្រើសលំហាត់ប្រាណដ៏ពេញនិយមសម្រាប់មនុស្សរាប់លាននាក់។ នេះដោយសារគុណប្រយោជន៍សំខាន់ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹងខាងក្រោម៖

អាចហាត់បានគ្រប់គ្នា និងគ្រប់ទីកន្លែង
លំហាត់ប្រាណនេះមានលក្ខណ:ទន់ភ្លន់ និងសន្សឹមៗ ដែលសមស្របចំពោះមនុស្សគ្រប់វ័យ និងគ្រប់កម្រិតទាំងអស់ មិនថាក្មេង ឬចាស់  អ្នកចាប់ផ្តើមធ្វើកីឡាដំបូង ឬអត្តពលិក អ្នកជំងឺសម្រាកលើគ្រែយូរ ឬអ្នកឈឺសន្លាក់ ស្ត្រីមានផ្ទៃពោះ ឬក្រោយសម្រាលកូននោះទេ។ លើសពីនេះទៀត ការជ្រើសរើសទីតាំងហាត់ប្រាណ ក៏មានលក្ខណៈងាយស្រួលដែរ។ អ្នកអាចហាត់បាននៅផ្ទះ នៅក្នុងថ្នាក់ ឬនៅកន្លែងហាត់ប្រាណ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកគ្រាន់តែមានកន្ទេលហាត់ប្រាណមួយ ជាមួយឌីវីឌីនៃក្បាច់ហាត់ប្រាណ ឬមានគ្រូបង្វឹកម្នាក់ ដើម្បីណែនាំពីវិធីសាស្ត្រហាត់ប្រាណដែលត្រឹមត្រូវ ក៏ដូចជាក្បាច់ហាត់ប្រាណដែលសមស្របចំពោះអ្នកតែប៉ុណ្ណោះ។

ធ្វើឲ្យអ្នកមានរូបរាងស្អាត និងឥរិយាបថល្អ
ប្រសិនបើអ្នកកំពុងស្វែងរកលំហាត់ប្រាណដែលធ្វើឲ្យអ្នកមានរាងស្អាត ក្បាលពោះអស់ខ្លាញ់ហើយប្រែមកជារាបស្មើ និងមានសាច់ដុំតិចៗវិញនោះ Pilates នឹងអាចជាជម្រើសទី១របស់អ្នក។ ក្បាច់ភាគច្រើននៃលំហាត់ប្រាណនេះបានផ្តោតសំខាន់ទៅលើសាច់ដុំពោះ  ដោយធ្វើយ៉ាងណាឲ្យសាច់ដុំរាក់ និងជ្រៅទាំងអស់អាចធ្វើចលនាបានត្រឹមត្រូវ និងស៊ីចង្វាក់គ្នា។ មិនតែប៉ុណ្ណោះ សាច់ដុំនៅផ្នែកផ្សេងទៀតសូម្បីតែកែងជើង បាតជើងផងនោះ ក៏ត្រូវហាត់ដោយមានតុល្យភាពផងដែរ។  ទាំងអស់នេះអាចឲ្យអ្នកទទួលបានឥរិយាបថ និងរូបរាងមួយដែលសមរម្យ។

បង្កើនចលនាបត់បែននៃរាងកាយ
ផ្ទុយពីលំហាត់ប្រាណផ្សេងៗទៀត Pilates ជួយលាតសន្ធឹងសាច់ដុំ បង្ហាប់សាច់ដុំ និងធ្វើឲ្យសាច់ដុំកាន់តែមានភាពយឺត ពិសេសធ្វើឲ្យចលនាសន្លាក់របស់អ្នកកាន់តែប្រសើរ។ នៅពេលដែល​រាងកាយរបស់អ្នកមានតុល្យភាពនៃភាពរឹងមាំ និង​ភាពបត់បែននៃចលនាសាច់ដុំ និងសន្លាក់បានល្អ​ហើយនោះ អ្នកនឹងមិនសូវប្រឈមនឹងរបួស ការ​ប៉ះទង្គិចផ្សេងៗដែលកើតចេញពីសកម្មភាព ឬឥរិ​យាបថប្រចាំថ្ងៃរបស់អ្នកបាន។

ជួយកាត់បន្ថយស្ត្រេស
Pilates នឹងបង្រៀនអ្នកអំពីវិធីគ្រប់គ្រងលើដំណកដង្ហើម កាយវិការសណ្តូកខ្លួន វិធីពន្លាសាច់ដុំឲ្យបានត្រឹមត្រូវ ការផ្ចង់ស្មារតី និងការធ្វើចលនាបត់បែនដោយសន្សឹមៗ។ ការអនុវត្តទាំងកាយវិការ និងវិធីគ្រប់គ្រងដង្ហើមបែបនេះ ពិតជាមានប្រសិទ្ធភាពណាស់ចំពោះកាត់បន្ថយស្ត្រេស។ ជាពិសេសបច្ចេកទេសដែលអ្នកបានរៀនក្នុងថ្នាក់ហ្វឹកហ្វាត់ អាចនឹងត្រូវយកមកអនុវត្តក្នុងស្ថានភាពជីវិតផ្សេងៗ ដើម្បីធ្វើឲ្យចិត្តរបស់អ្នកស្ងប់ និងស្រស់ស្រាយផងដែរ។

បង្កើនការចងចាំ និងភាពឆ្លាតវៃ
ការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា ការធ្វើលំហាត់ប្រាណត្រឹមត្រូវជួយធ្វើឲ្យប្រសិទ្ធភាពនៃការ បង្កើតកោសិកាខួរក្បាល ក៏ដូចជាការការពារកោសិកាដែលមានស្រាប់ឲ្យដំណើរការកាន់តែប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Illinois នៅ Urbana-Champaign បានរៀបរាប់នៅក្នុង Journal of Physical Activity & Health ថាអ្នកដែលបានធ្វើលំហាត់ប្រាណតាមបែប Pilates ឬយោគៈ មានមុខងារខួរក្បាលល្អប្រសើរជាងអ្នកធ្វើលំហាត់ប្រាណតាមបែបរត់ចម្ងាយ(Aerobic Exercise)។

លោកអ្នកត្រូវផ្តោតសំខាន់លើដំណាក់កាលនីមួយៗ ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាព មុននឹងចាប់ផ្តើមហាត់ ដើម្បីប្រសិទ្ធភាពដូចការរំពឹងទុក…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

យូហ្គា មើលទៅមានភាពសាមញ្ញណាស់ដែលមិនតម្រូវឲ្យមានឧបករណ៍ច្រើននោះទេ ដោយគ្រាន់តែមានកម្រាលមួយនិងរាងកាយអ្នកប៉ុណ្ណោះក៏អាចហាត់បានដែរ។ ជាក់ស្ដែង លំហាត់ប្រាណបែបនេះមានភាពពេញនិយម និងទាក់ទាញដោយសារលក្ខណៈពិសេសជាច្រើនថែមទាំងអាចហាត់បានពេញមួយតួខ្លួនទៀតផង។ ដោយឡែក បើក្រឡេកមើលកម្រាលយូហ្គាវិញក៏ត្រូវបានផលិតឡើងជាច្រើនប្រភេទទៅតាមតម្រូវការដែរ។ តោះ! មកមើលទាំងអស់គ្នាថាតើមានប្រភេទអ្វីខ្លះ? បើទោះមិនបានដឹងគ្រប់សព្វ ក៏បានដឹងខ្លះដែរ៖ កម្រាលយូហ្គាស្អិត (Basic Sticky Yoga Mats) ជាប្រភេទកម្រាលដែលមានច្រើនក្នុងចំណាមកម្រាលទាំងអស់។ លក្ខណៈស្អិតរបស់វាអាចជួយទប់លំនឹងដងខ្លួនកុំឲ្យដួលនៅពេលហាត់យូហ្គាម្ដងៗ។ បើនិយាយពីទំហំវិញ អ្នកក៏អាចជ្រើសរើសកម្រាស់ពី ១/៨ ទៅ១/៤អុីង ទៅតាមសភាពដែលអ្នកចង់បាន និងធ្វើឲ្យការហាត់កាន់តែបានរលូន។ កម្រាលយូហ្គាប្រភេទនេះមានតម្លៃធូរថ្លៃជាងប្រភេទផ្សេងទៀត ដែលអ្នកអាចទិញបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះ។ កម្រាលយូហ្គាកៅស៊ូធម្មជាតិ (Natural Rubber Yoga Mats) ដើម្បីកាន់តែជិតស្និទ្ធជាមួយនឹងធម្មជាតិ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូហ្គាដែលធ្វើឡើងពីកៅស៊ូធម្មជាតិ។ វាជាប្រភេទកម្រាលយូហ្គាដែលគ្មានជាតិពុល និងផ្ដល់ផលវិជ្ជមានដល់បរិស្ថានដោយហេតុថាកាកសំណល់នៃកៅស៊ូប្រភេទនេះអាចបំបែក និងយកមកកែច្នៃបាន។  កម្រាលបែបនេះស័ក្តិសមបំផុតសម្រាប់កាយវិការយូហ្គាដែលផ្ដោតសំខាន់ទៅលើសាច់ដុំ និងត្រូវការថាមពលខ្លាំង។ កម្រាលយូហ្គាប្លាស្ទិកយឺត (Plastic Elastomer Yoga Mats) ដោយហេតុថាការផលិតកម្រាលយូហ្គាកាន់តែមានជម្រើសច្រើនដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់បរិស្ថានមួយមុខនោះទេ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផងដែរ។ ជាក់ស្ដែងកម្រាលបង្កើតដោយប្លាស្ទិកម៉្យាងឈ្មោះថា Plastic Elastomer មិនមែនជាប្រភេទប្លាស្ទិកដែលធ្វើឲ្យពុលដល់សុខភាពដូចទៅនឹងពពួក PVC ឬសារធាតុពុលដទៃទៀតឡើយ។ ជាពិសេសប្រភេទកម្រាលយូហ្គានេះ អាចប្រើបានសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មានភាពធន់ និងងាយស្រួលក្នុងការសម្អាតដោយសារភាពមិនស្រូបទឹករបស់វា។ កម្រាលយូហ្គាក្រណាត់ (Cotton Yoga Mats) លក្ខណៈទន់ និងជក់ទឹករបស់យូហ្គាប្រភេទក្រណាត់នេះ អាចធ្វើឲ្យកាយវិការហាត់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ អ្នកអាចធ្វើការសម្អាតភាពកង្វក់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ប៉ុន្តែដោយសារតែវាធ្វើឡើងពីក្រណាត់ នោះវាអាចប្រឈមខ្ពស់ទៅនឹងការដាច់រហែកបាន។ កម្រាលយូហ្គាសរសៃអំបោះរឹង (Jute Yoga Mats) សរសៃអំបោះដែលចម្រាញ់ចេញពីដើមរុក្ខជាតិមួយចំនួន ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតជាកម្រាលយូហ្គាផងដែរនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនសរសៃអំបោះបែបនេះគេអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈធម្មជាតិដែលអំណោយផលដល់បរិស្ថាន។ អ្នកអាចជ្រើសរើសកម្រាលប្រភេទនេះសម្រាប់ការហាត់យូហ្គាគ្រប់កាយវិការ ដោយសារសភាពធន់ និងស្អិតរបស់វា។ ត្រូវចាំថា វាជាការល្អដែលអ្នកគួរស្វែងយល់ និងជ្រើសរើសប្រភេទកម្រាលយូហ្គាណាមួយដែលមិនត្រឹមតែឲ្យការហាត់ប្រព្រឹត្តទៅដោយរលូននោះទេ ថែមទាំងជាចំណែកផ្ដល់នូវអនាម័យ និងផាសុកភាពសម្រាប់អ្នកក៏ដូចជាបរិស្ថានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តរាំ និងមានបំណងចង់ហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ព្រមទាំងមានរូបរាងកាយសមសួន បានមកដល់ហើយ នោះគឺក្បាច់រាំហាត់ប្រាណដែលមានឈ្មោះថា ហ្សូមបា។ ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណមួយបែប ចម្រុះទៅដោយក្បាច់រាំប្លែកៗរវាងក្បាច់រាំឡាទីន និងអាមេរិក ដែលនាពេលបច្ចុប្បន្នវាបានក្លាយជាលំហាត់ប្រាណដ៏ពេញនិយម និងទាន់សម័យនៅលើពិភពលោកតាមរយៈអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោម៖ ១. អាចធ្វើចលនាបានពេញមួយតួខ្លួន ក្បាច់រាំនេះត្រូវបានបញ្ចូលគ្នារវាងក្បាច់រាំសែលសា(Salsa) និងក្បាច់រាំដែលប្រើប្រាស់ថាមពលច្រើន (Aerobic) ជាហេតុធ្វើឲ្យអ្នកអាចធ្វើចលនាបានគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដោយរាប់បញ្ចូលទាំងម្រាមដៃ ស្មា ដងខ្លួននិងជើង។ ម៉្យាង រាល់ពេលអ្នករាំចង្វាក់នេះ អ្នកមិនចាំបាច់បារម្ភថាអ្នករាំត្រូវ ឬខុសនោះទេ ដរាបណាអ្នកអាចធ្វើចលនាតាមចង្វាក់ភ្លេង នោះមានន័យថា អ្នកបានកំពុងចូលរួមធ្វើលំហាត់ប្រាណហើយ។ ២. ជួយសម្រកទម្ងន់បានល្អ ការសិក្សាមួយនៅឆ្នាំ២០១២ បានបង្ហាញថាការរាំហ្សូមបារយៈពេល៣៩នាទីបានដុតបំផ្លាញថាមពលប្រហែល ៣៦៩កាល់ឡូរី ហើយអាចដុតបំផ្លាញបាន ៩.៥កាល់ឡូរីក្នុងមួយនាទី។ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើលំហាត់ប្រាណ បានផ្តល់អនុសាសន៍ថា បុគ្គលម្នាក់ៗគួរដុតបំផ្លាញថាមពលយ៉ាងតិច៣០០កាល់ឡូរី រាល់ពេលធ្វើលំហាត់ប្រាណដើម្បីជួយក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់។ ដូច្នេះ ក្បាច់រាំហ្សូមបាអាចបំពេញគ្រប់លក្ខខណ្ឌសម្រកទម្ងន់នេះបានយ៉ាងល្អ។ ៣. ពង្រឹងសាច់ដុំរាងកាយទាំងមូល អ្នកនឹងមានអារម្មណ៍ថាឈឺពេញទាំងខ្លួន ឬអាចឈឺត្រង់តំបន់ដែលអ្នកមិននឹកស្មានទៀតផង ដោយសារក្បាច់រាំហ្សូមបាបានផ្តោតទៅលើការធ្វើលំហាត់ប្រាណសាច់ដុំប្រភេទផ្សេងៗគ្នាគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសសន្លាក់ផងដែរ។ ៤. សម្រួលចង្វាក់បេះដូង និងសរសៃឈាម ដូចដែលបានបញ្ជាក់ខាងលើ ក្បាច់រាំនេះបានរួមបញ្ចូលទាំងការរាំបែបសប្បាយៗ និងក្បាច់ប្រើប្រាស់ថាមពលច្រើន (Aerobic) ដែលជាប្រភេទលំហាត់ប្រាណជួយដល់ដំណើរការរបស់បេះដូង និងសរសៃឈាមបានល្អ។ ជាក់ស្តែង ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីរយៈពេល ១២សប្តាហ៍ក្រោយកម្មវិធីលំហាត់ប្រាណ ហ្សូមបា អត្រាលោតរបស់ចង្វាក់បេះដូង និង សម្ពាធឈាមរបស់អ្នកចូលរួមបានថយចុះគួរឲ្យកត់សម្គាល់។ ៥. បង្កើនភាពរីករាយ និងបន្ថយស្ត្រេស ពីព្រោះ ហ្សូមបា ជាប្រភេទលំហាត់ប្រាណជាក្រុមដែលមានមូលដ្ឋានគ្រឹះជាការរាំ និងតន្ត្រី ហេតុនេះវាហាក់បីដូចជាភាសាសកលមួយដែលមនុស្សគ្រប់គ្នាងាយស្ដាប់យល់ និងងាយធ្វើត្រាប់តាម។ តាមរយៈការបង្វែរចំណាប់អារម្មណ៍របស់អ្នកមកកាន់តន្ត្រីហើយបោះចោលនូវភាពតានតឹងទាំងឡាយដែលមានជារៀងរាល់ថ្ងៃ គឺជាវិធីមួយដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ការសិក្សាបានបង្ហាញការធ្វើលំហាត់ប្រាណអាចផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពនឿយហត់ បង្កើនការប្រុងប្រយ័ត្ននិងមានស្មារតីផ្ចង់អារម្មណ៍ខ្ពស់ ព្រមទាំងជំរុញឲ្យញាណដឹងមានដំណើរបានល្អប្រសើរទៀតផង។ ៦. សមស្របគ្រប់វ័យ និងគ្រប់កម្រិត ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណចំណាយថាមពលច្រើន និងសមស្របសម្រាប់ហ្វឹកហាត់បេះដូង ហេតុនេះមនុស្សគ្រប់គ្នាអាចសាកល្បងជាមួយក្បាច់រាំប្រភេទនេះបានដោយមិនប្រកាន់អាយុ និងសមត្ថភាពនៃការចេះរាំ ឬមិនចេះរាំនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្នកធ្លាប់គិតដែរទេថា អ្នកក៏អាចហាត់ប្រាណនៅខាងក្រៅ ហើយទទួលបានលទ្ធផលល្អប្រសើរដែរ បើទោះជាអ្នកមិនមានឧបករណ៍អ្វីសោះក៏ដោយ?មិនមែនត្រឹមជាការរត់ត្រឹកៗ ធម្មតានោះទេ អ្នកអាចអនុវត្តនូវចលនាងាយៗមួយចំនួនខាងក្រោមនេះ ដែលអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំផងដែរ...      ការតោងបង្គោល ឬរបារ ក្រឡេកមើលជុំវិញខ្លួនអ្នក ថាតើមានបង្គោលផ្តេកឬរបារ (អាចជាមែកឈើដែលមាំក៏បាន) ដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឬទេ? ហើយធ្វើ ការហក់លោតដើម្បីតោងចាប់វា ដោយប្រើកម្លាំងដៃទប់ទម្ងន់ខ្លួន ហើយប្រឹងងើបក្បាលឲ្យខ្ពស់ជាងបង្គោល ឬរបារនោះ ហើយទម្លាក់ខ្លួនចុះក្រោមវិញ (ដោយមិនដាក់ជើងដល់ដី) ហើយងើបឡើងលើទៀត។ ធ្វើបែបនេះប្រមាណ ៦០វិនាទី ជាមួយនឹងល្បឿនដែលអ្នកគិតថាល្មមសម្រាប់កម្លាំងរបស់អ្នក។ អាវ៉ង់ (​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Push-up) អ្វីដែលត្រូវការពេលនេះ គឺកៅអីបង់ ដែលជឿជាក់ថាមិនពិបាកស្វែងរកនោះទេនៅសួនច្បារសាធារណៈនោះ។ អ្នកត្រូវអាវ៉ង់ចំនួន ៣ចលនាខុសៗគ្នាដំបូងអាវ៉ង់ដោយដាក់ជើងទៅលើកៅអីបង់ និងដៃនៅលើដី (ធ្វើឲ្យបាន ១០ដង)។បន្ទាប់មក ផ្លាស់ប្តូរទិសដៅវិញ ដោយដាក់ដៃនៅលើកៅអីបង់ និងជើងនៅលើដីវិញ (ធ្វើឲ្យបាន ១០ដង) រួចសឹមធ្វើការអាវ៉ង់ធម្មតានៅលើដីរាបស្មើវិញចំនួន១០ដងដូចគ្នា។ ការហក់លោតប៉ះទីខ្ពស់ អាចរកដើមឈើ ឬទីតាំងណាមួយដែលមាន​កម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឆ្ងាយ ហើយ​លើកដៃទាំងពីរឡើងលើឲ្យផុតពីក្បាល រួចធ្វើការលោតប៉ះដើមឈើ ឬទីខ្ពស់នោះឲ្យដល់ទីខ្ពស់បំផុតដែលអ្នកអាចធ្វើបានដោយត្រូវប្រាកដថាអ្នកលោត និងឈរដោយប្រមូលផ្តុំកម្លាំងនៅចុងជើង។ ធ្វើបែបនេះប្រមាណ ១នាទីជាការស្រេច។ ការអង្គុយលើអាកាស អង្គុយលើកៅអីបង់ដោយលើកដៃទាំងពីរក្តាប់នៅពីមុខខ្លួនអ្នក (ដាក់នៅកម្ពស់ប្រហែលនឹងករបស់អ្នក) ហើយសាកងើបអង្គុយលើអាកាសឲ្យខ្ពស់តាមដែលអាចធ្វើបាន ហើយអង្គុយចុះផ្ទាល់លើកៅអីវិញពេលដែលមានអារម្មណ៍ថាទ្រទម្ងន់លែងបាន។ អ្នកគួរធ្វើបែបនេះប្រមាណ១នាទីទើបប្រសើរ។ ការរត់នៅមួយកន្លែង ឈរនៅឆ្ងាយពីកៅអីបង់បន្តិច ដោយបែរមុខទៅរកកៅអី ហើយដាក់ដៃទប់លំនឹងខ្លួននៅលើកៅអី ជើងនៅលើដីធម្មតា (ស្រដៀងនឹងពេលអាវ៉ង់ដែរ) រួចធ្វើចលនាជើងរត់ដោយមិនផ្លាស់ទី ដោយប្រឹងធ្វើចលនាជង្គង់អបៗនឹងដើមទ្រូង ប្រៀបដូចជាកំពុងរត់ឡើងភ្នំដែរ។ ធ្វើបែបនេះប្រមាណ ៣០វិនាទីហើយផ្លាស់ប្តូរដោយដាក់ដៃ និងជើងនៅដីផ្ទាល់វិញ ជាមួយនឹងចលនាដូចគ្នាប្រមាណ៣០វិនាទីទៀត។ ការឈរទប់លំនឹងលើកៅអីបង់ ឡើងឈរលើកៅអីដោយដាក់ជើងស្តាំនៅលើកៅអីហើយបោះជំហានឡើងចុះកៅអីជាមួយនឹងជើងឆ្វេង រួចធ្វើការឆ្លាស់ជើងវិញម្តង ដោយដាក់ជើងឆ្វេងលើកៅអី ហើយបោះជើងឆ្វេងឡើងចុះកៅអីដោយធ្វើបែបនេះទៅមកឲ្យបាន២០ដង។ ការបង្វែរខ្លួនទៅទាំងសងខាង បន្ទន់ជង្គង់ និងឱនខ្នងប្រៀបដូចជាពេលដែលអ្នកកំពុងប្រឹងលើកបាវខ្សាច់ ឬស្ពាយអ្វីដែលធ្ងន់នៅលើខ្នង ដោយដាក់ដៃទាំងសងខាងផ្អោបចូលគ្នា ហើយដាក់ព័ទ្ធទៅផ្នែកខាងក្រោយនៃក្បាល ដើម្បីទប់លំនឹងខ្លួន។ បង្វែរខ្លួនទៅ​ឆ្វេងម្តង ទៅស្តាំម្តងដោយរក្សាជំហរដដែល ឲ្យបានប្រមាណ១នាទី។ អ្នកអាចជ្រើសរើសចលនាណាមួយដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកហើយអនុវត្តឲ្យបានជាប្រចាំ។ វានឹងមានការប្រសើរ ប្រសិនបើអ្នកធ្វើចលនានីមួយៗឲ្យបាន៣ដង ដោយធ្វើការរត់ត្រឹកៗប្រមាណជា៥នាទីរៀងរាល់ពេលបញ្ចប់ចលនាទាំងនោះបានម្តង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ហាត់ប្រាណ និងដំណើរកម្សាន្ត ហាក់ដូចជារឿង២ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែវាហាក់ផ្តល់គុណប្រយោជន៍រហូតអ្នកមិនអាចស្មានដល់។ សំខាន់នៅត្រង់ថា អ្នកគួរធ្វើវានៅពេលណា ហើយលំហាត់ប្រាណបែបណាដែលអ្នកអាចធ្វើបាននៅពេលនេះប៉ុណ្ណោះ… ល្មមអំឡុងចុងឆ្នាំ ដែលម្នាក់ៗហាក់កំពុងរៀបចំគម្រោងដើរកម្សាន្ត ជាមួយមិត្តភក្តិ ក្រុមការងារ គ្រួសារ ហើយអ្នកខ្លះក៏ប្រហែលចង់ទៅម្នាក់ឯង ដូចនេះ លោកអ្នកអាចសាកល្បងគន្លឹះហាត់ប្រាណមួយចំនួន ដូចខាងក្រោម៖ ខណៈពេលរង់ចាំ ឬអង្គុយយូរ បើសិនជាអ្នកនឹងត្រូវដើរលេងកម្សាន្តដោយការធ្វើដំណើរដោយយន្តហោះ ឬរថយន្តរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងសណ្តូកទៅមុខ អង្គុយចោងហោងដោយបន្ទន់ជង្គង់យឺតៗ និងការបង្វិលកជើងឲ្យស្របទ្រនិចនាឡិកាផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់សំខាន់ៗ និងធ្វើឲ្យអ្នកមានសុខភាពល្អបានថែមទៀតផង។   អំឡុងពេលនៃដំណើរកម្សាន្ត ក្នុងរយៈពេលនៃដំណើរកម្សាន្តដ៏រីករាយនេះលោកអ្នកអាចឆ្លៀតឱកាសហាត់ប្រាណបន្ថែមបែបងាយៗដែលរួមមាន៖ ១. ដើរ៖ ជ្រុលជាអ្នកត្រូវមកដើរកម្សាន្ត ហើយមកដល់ទីតាំងត្រូវឈប់ល្មម ដែលអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃ តែសូមព្យាយាមដើរឲ្យបានច្រើន ព្រោះថាទេសភាពនឹងអមដំណើរអ្នកនឹងមិនធ្វើឲ្យអ្នកនឿយហត់ក្នុងការដើរឡើយ។ អ្នកអាចចំណាយត្រឹមតែពីរ ទៅបីនាទី នោះអ្នកនឹងដឹងដោយអារម្មណ៍នូវភាពស្រស់ស្រាយ បង្កប់ទាំងផ្លូវចិត្ត និងកាយ។ ត្បិតការដើរក្នុងដំណើរកម្សាន្តរបស់អ្នកពេលនេះ អាចជួយកាត់បន្ថយស្រេ្តស  បន្ថយសម្ពាធឈាម សម្រួលលំហូរឈាមនៅក្នុងរាងកាយយ៉ាងល្អទៀតផង។ ២. រត់ត្រឹកៗ៖ ពេលព្រឹកព្រលឹម ឬពេលល្ងាចពិតជាអំណោយផលយ៉ាងល្អដែលអ្នកគួរព្រលែងបាតជើងរបស់អ្នកឲ្យប៉ះជាមួយគ្រាប់ខ្សាច់ដ៏ល្អិត និងត្រជាក់ បូករួមជាមួយទេសភាពមាត់សមុទ្រ ឬព្រៃឈើបៃតងខ្ចីនៃទីតាំងកម្សាន្តរបស់អ្នក។ មិនចាំបាច់ចំណាយពេលយូរតែ១០ ទៅ ២០នាទីអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវភាពតានតឹង បញ្ចេញជាតិពុល សម្រកជាតិខ្លាញ់ និងពង្រឹងប្រព័ន្ធការពាររាងកាយលើពីការរត់ធម្មតានៅផ្ទះ។ ៣. ជិះកង់៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅទីតាំងមួយដែលមានទំហំធំ ដូច្នេះការជិះកង់គឺជាជម្រើសមួយល្អបំផុតជំនួសឲ្យការប្រើប្រាស់យាន្តជំនិះផ្សេង។ អ្នកអាចបញ្ចេញកម្លាំងពីគ្រប់កន្លែងនៃរាងកាយរបស់អ្នកបានយ៉ាងស្មើគ្នា ពិសេសសាច់ដុំជើង ហើយអ្នកនឹងកាន់តែរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក ជាមួយការរំឭកដល់អនុស្សាវរីយ៍កាលវ័យជិះកង់ទៅរៀនជាមួយគ្នា។ ទេសភាពស្រស់ស្អាត មាត់សមុទ្រធំល្វឹងល្វើយ សួនច្បារគួរជាទីទាក់ទាញ គួបផ្សំជាមួយនឹងតន្រ្តីយ៉ាងពិរោះថែមទាំងបានហាត់ប្រាណទៀត។ ៤. លោតអន្ទាក់៖ ខ្សែលោតអន្ទាក់ ងាយស្រួលក្នុងការទុកដាក់តាមខ្លួន ហើយលោកអ្នកអាចអនុវត្ត ការហាត់ប្រាណដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង។ អ្នកអាចហាត់ជាមួយក្រុមមិត្តភក្តិដែលមកជាមួយគ្នា ដោយធ្វើការប្រកួតប្រជែងបានយ៉ាងសប្បាយរីករាយ នោះសេចក្តីរីករាយចេញពីចិត្តត្រូវបានជំរុញ តាមរយៈសំឡេងសើចក្អាកក្អាយ ដែលនាំដោយសោតវិញ្ញាណរបស់អ្នក។ ការចងចាំដ៏មានអត្ថន័យ ហើយក៏អាចធ្វើឲ្យអ្នកមានរាងស្រឡូនស្អាត និងមានសុខភាពល្អ។ បទពិសោធន៍ថ្មីដែលទទួលបានពេលនេះលោកអ្នកអាចយកទៅសាកល្បងនៅពេលអ្នកធ្វើដំណើរកម្សាន្តលើកក្រោយៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និងជីវិតពោរពេញដោយភាពមានន័យ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជារៀងរាល់ថ្ងៃ មានអ្នកណាខ្លះដែលចាប់ផ្តើមហាត់ប្រាណដោយមិនធ្វើការកម្តៅសាច់ដុំជាមុន? ហើយអ្នកណាខ្លះដែលធ្វើការកម្តៅសាច់ដុំដែរ ប៉ុន្តែ នៅមិនទាន់ឃើញថាវាមានប្រយោជន៍អ្វីពិសេស? ចំពោះអ្នកហាត់ប្រាណដោយមិនចង់ចំណាយពេលកម្តៅសាច់ដុំជាមុន ជាទូទៅច្រើនតែបញ្ចប់ជាមួយនឹងការឈឺចុកចាប់ ឬរងរបួសនៅផ្នែកណាមួយ ហើយបន្ទាប់មក ក៏ចំណាយពេលជាច្រើនសម្រាកពីការហាត់ប្រាណ។ ដោយឡែក ចំពោះអ្នកដែលកម្តៅសាច់ដុំដែរតែមិនត្រឹមត្រូវ ឬស័ក្តិសមនឹងខ្លួនទេនោះ ក៏មិនមានអ្វីខុសប្លែកដែរ ដែលចុងក្រោយគឺមានតែទន្ទឹងចាំហើយចាំទៀត មើលលទ្ធផលលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ហេតុអ្វីអ្នកត្រូវកម្តៅសាច់ដុំមុនពេលហាត់ប្រាណ? ជាទូទៅ សាច់ដុំដែលមិនសូវបានធ្វើចលនា អាចមានលក្ខណៈតឹង និងពិបាកក្នុងការទាញយឺត ដូចនេះ កាលណាអ្នកធ្វើចលនាសាច់ដុំធ្ងន់ ឬលឿនភ្លាមៗ នោះវាអាចប្រឈមនឹងការដាច់រហែក ដែលបង្កជាផលវិបាកពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យនឹងកម្រិតនៃសម្ពាធ។ អ្នកឯកទេសបង្ហាញថា ការកម្តៅសាច់ដុំ អាចផ្តល់កម្តៅ បន្ធូរសាច់ដុំ និងរៀបចំចិត្តត្រៀមសម្រាប់ការហាត់ប្រាណដ៏ល្អ។ ដូចនេះ ប្រសិនបើអ្នកគ្រាន់តែចំណាយពេលត្រឹម៥ ទៅ ១០នាទី (និងលើសពីនេះ ប្រសិនបើលំហាត់ប្រាណមានលក្ខណៈខ្លាំងក្លា) ក្នុងការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវជាមុន អ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន បន្ថែមពីការខិតខំហាត់ប្រាណដូចជា៖ • ជំរុញចលនាឈាមរត់ ដែលធ្វើឲ្យការបញ្ចេញសកម្មភាពបានយ៉ាងស័ក្តិសម • សាច់ដុំអាចបត់បែនដល់កម្រិតអតិបរមាស្របពេលកាត់បន្ថយការរងរបួសដល់កម្រិតអប្បបរមា • បង្កើននូវចង្វាក់បេះដូងតាមលំដាប់ • ជួយឲ្យមានការដកដង្ហើមតាំងពីចាប់ផ្តើមសកម្មភាព។ កម្តៅសាច់ដុំបែបណាទើបចាត់ទុកថាត្រឹមត្រូវ? ប្រភេទនៃការកម្តៅសាច់ដុំ៖ រាល់ការកម្តៅសាច់ដុំអាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើកម្រិត និងគោលបំណងនៃការហាត់ ដែលក្នុងនោះ ការកម្តៅសាច់ដុំដោយប្រើចលនាប្រកបដោយថាមពលត្រូវបានណែនាំដោយវាអាចជួយភ្ញោចដល់ប្រព័ន្ធប្រសាទ និងសាច់ដុំ ដែលជួយឲ្យសកម្មភាពរបស់អ្នក ប្រព្រឹត្តទៅយ៉ាងល្អបំផុត។ វាជាការកម្តៅសាច់ដុំ ដោយធ្វើការបំលាស់ប្តូរចលនារាងកាយដោយគ្មានការពត់ បត់បែនខ្លួន ឬទ្រទម្ងន់នោះទេ តែជាការធ្វើឲ្យចរន្តឈាមផ្លាស់ប្តូរទៅគ្រប់សាច់ដុំនៃរាងកាយ។ អ្នកអាចជ្រើសរើសយ៉ាងតិច៣ ក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ • លោតខ្សែ ២ ទៅ៣នាទី ឬសម្រាប់អ្នកដំបូងអាចធ្វើត្រឹម ៣០វិនាទីសិន • លោតដោយសន្ធឹងដៃចុះឡើង និងជើងចេញចូល ៥០ដង ឬដំបូងអាចធ្វើត្រឹម ២០ដង (jumping jacks) • ឈរលាតជើង និងបន្ទន់ជង្គង់ចុះឡើង ២០ដង ឬដំបូងអាចធ្វើត្រឹម ១០ដង (Squats) • លោតដោយលើកជង្គង់ទាំង២ ឲ្យផុត ឬម្តងម្ខាង ១០ ទៅ ១៥ដង ( Knee High Jump) • ការដើរ៖ អ្នកអាចធ្វើការដើរ ដោយការលាតសន្ធឹងដៃបណ្តើរៗដើម្បីឲ្យចរន្តឈាមរត់បានល្អមុននឹងចាប់ផ្តើមការរត់ចម្ងាយរយៈពេលយូរ។ ក្នុងនោះ ក៏មានវិធីជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន និងតម្រូវតាមកម្រិតនៃការហាត់ប្រាណ និងសមត្ថភាពរបស់អ្នកជាសន្សឹមៗ។ គន្លឹះខ្លះៗដើម្បីធ្វើការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវ ១.  ចាប់ផ្តើមសន្សឹមៗ៖ ដំបូងត្រូវកម្តៅសាច់ដុំយឺតៗ និងងាយៗ រួចបញ្ចប់ដោយចលនាពិបាក ប្រើកម្លាំង និងរហ័ស ដើម្បីធ្វើឲ្យរាងកាយកើនកម្តៅតាមលំដាប់។ ២. ធ្វើចលនារាងកាយជំនួសការពត់ខ្លួន៖ ការពត់ខ្លួនមិនគ្រប់គ្រាន់ឡើយ ហើយផ្ទុយទៅវិញមានតែធ្វើឲ្យសាច់ដុំលាតសន្ធឹងខ្លាំងជ្រុល និងធ្វើឲ្យសាច់ដុំអស់កម្លាំង នៅពេលហាត់ប្រាណប៉ុណ្ណោះ (តែវាមានប្រយោជន៍ក្នុងការធ្វើក្រោយពេលហាត់ប្រាណ)។ ៣. រមៀលចុះឡើងនៅផ្នែកផ្សេងៗនៃរាងកាយ៖ អាចប្រើជាកូនបាល់ធឺនីស ឬខ្នើយបំពង់ទន់ៗដែលអាចជួយការពារការរងបួស និងធ្វើឲ្យសាច់ដុំធូរ ក៏ដូចជា បង្កើនចរន្តឈាមរត់ផងដែរ។ ៤. កម្តៅសាច់ដុំគ្រប់ផ្នែក៖ ទោះបីជាអ្នកនឹងហាត់ទៅលើតែផ្នែកណាមួយនៃរាងកាយក៏ដោយ អ្នកគួរតែហ្វឹកហាត់គ្រប់ផ្នែកនៃរាងកាយ ពីព្រោះភាពជាប់នៃសន្លាក់ ផ្នែកណាមួយ ក៏អាចមានឥទ្ធិពល លើរាងកាយទាំងមូលបានដែរ។ ៥. ចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗដូចគ្នា រួចបន្តទៅចលនារហ័ស និងខ្លាំងក្លា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top