Menu

ចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់ដែរឬទេ?


ចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់ដែរឬទេ?

ការក្អួតចង្អោរគឺជាបទពិសោធន៍ទូទៅមួយដែលស្រ្តីមានផ្ទៃពោះប្រមាណពី ៧០%-៨០% ធ្លាប់បានជួបប្រទះ។ ចំពោះស្ត្រីភាគច្រើន អាការៈនេះនឹងបាត់ទៅវិញបន្ទាប់ពីត្រីមាសទី១ តែក៏មានស្រ្តីមួយចំនួនតូចនៅតែបន្តមានអាការៈនេះ រហូតសម្រាលបុត្រហើយ។

សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦៧គីឡូក្រាម កំពុងមានទម្ងន់២ខែមកហើយ ដែលជាកូនដំបូង។ ខ្ញុំឧស្សាហ៍វិលមុខខ្លាំងញឹកញាប់ ពិសេសមុនពេលគេង និងក្រោកពីគេង ព្រមទាំងចង់ក្អួតតាំងពីមានទម្ងន់បាន១ខែមកម្លេះ ដូច្នេះហើយខ្ញុំតែងប្រើថ្នាំចាញ់ជាប្រចាំ។ តើការប្រើថ្នាំចាញ់ជាប្រចាំអាចប៉ះពាល់ដល់ទារក និងម្តាយទេ? តើមានវិធីសាស្ត្រណាផ្សេងឬទេ សម្រាប់បំបាត់អាការៈនេះ?

ចម្លើយ៖ ក្នុងអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងជួបប្រទះនឹងការក្អួតចង្អោរ អស់កម្លាំង ព្រមទាំងវិលមុខទៀតផង ដែលជាទូទៅអាការៈនេះត្រូវបានគេស្គាល់ថាជាអាការៈចាញ់កូន។ មូលហេតុដែលបណ្តាលឲ្យមានអាការៈចាញ់កូនយ៉ាងខ្លាំងនេះ គឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែ ការសិក្សាមួយបានលើកឡើងថា អាការៈនេះប្រហែលជាអាចបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះនេះតែម្តង។ វាក៏អាចមកពីកត្តាតំណពូជផងដែរ ព្រោះមានកើតឡើងចំពោះតែស្រ្តីណាដែលសមាជិកគ្រួសាររបស់គាត់ (ម្តាយ និងបងប្អូនស្រី) ធ្លាប់មានអាការៈបែបនេះ។

ពេលចង្អោរម្តងៗធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនោះទេ តែដំណឹងល្អនោះគឺថាអាការៈនេះមិនបានផ្តល់ជាផលអាក្រក់ដល់អ្នក និងកូននោះឡើយ ហើយវាជាសញ្ញាបញ្ជាក់ថា ជាការពពោះប្រកបដោយសុខភាពល្អទៀតផង។ ការចង្អោរអំឡុងពេលមានផ្ទៃពោះជារឿងធម្មតា តែវាក៏អាចបង្ហាញប្រាប់ពីបញ្ហាមួយចំនួន ដែលអាចកើតមានផងដែរ។ អ្នកគួរប្រញាប់ទូរស័ព្ទទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម៖
• ការចង្អោរនៅតែបន្តពេញមួយថ្ងៃ ដែលធ្វើឲ្យអ្នកមិនអាចញ៉ាំអាហារ និងផឹកទឹកបាន
• ការក្អួតកើតឡើង៣ទៅ៤ដងក្នុង១ថ្ងៃ ឬមិនមានសមត្ថភាពអាចទុកអាហារក្នុងក្រពះបាន
• ស្រកទម្ងន់គួរឲ្យកត់សម្គាល់
• ដួលសន្លប់ ឬវិលមុខ
• មិនសូវនោម ឬបរិមាណទឹកនោមថយចុះ
• បេះដូងលោតញាប់
• ឧស្សាហ៍ឈឺក្បាល
• អត់សប្បាយចិត្ត ជូរមាត់ ឬធុំក្លិនខ្លួន
• អស់កម្លាំងខ្លាំង
• វង្វេងវង្វាន់ ឬរវើរវាយ។

ការព្យាបាល និងការការពារពីការចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះ គឺដូចគ្នាទៅនឹងការថែទាំសុខភាពខ្លួនឯង និងការប្រើប្រាស់វិធីព្យាបាលនៅផ្ទះដូច្នោះដែរ។ វិធីសាស្រ្តខាងក្រោមអាចជួយអ្នកបាន៖
• ទទួលទានរបបអាហារដែលសាប
• ទទួលទានតិចៗ តែច្រើនដង
• ញ៉ាំអាហារជាមួយខ្ញី
• ផឹកទឹកឲ្យបានច្រើននៅពេលអ្នកមិនមានអារម្មណ៍ថាចង់ក្អួត
• ចៀសវាងការញ៉ាំអាហារហឹរ និងអាហារមានខ្លាញ់ច្រើន
• ញ៉ាំអាហារសម្រន់ដែលមានសារជាតិប្រូតេ អ៊ីនខ្ពស់
• គួរចៀសវាងពីរំញោចទាំងឡាយណាដែលធ្វើឲ្យអ្នកចង់ក្អួត។

ស្រ្តីភាគច្រើនយល់ថាការប្រើប្រាស់ឱសថធម្មជាតិ ឬឱសថក្នុងផ្ទះមិនបានធ្វើឲ្យគាត់ធូរស្បើយឡើយ ដូច្នេះ គាត់អាចប្រាប់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យចេញវេជ្ជបញ្ជា ដែលអាចព្យាបាលអាការៈនេះបានកាន់តែជាក់លាក់ ដូចជាវីតាមីន B6 និងថ្នាំផ្សេងទៀតជាដើម។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង