
ឱសថថ្មី Dsuvia ជាមួយប្រសិទ្ធភាពខ្លាំងជាង Morphine ១ពាន់ដង


ឱសថបំបាត់ការឈឺចាប់ ជាប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់ជាច្រើន ក្នុងមុខងារសម្របសម្រួលលើប្រព័ន្ធប្រសាទដើម្បីបំបាត់ការឈឺចាប់។ ជាទូទៅការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ មានច្រើនប្រភេទដូចជា ឱសថ Paracetamol ដែលបានប្រើប្រាស់ជាញឹកញាប់ និងប្រភេទ Opioid ដែលជាប្រភេទមួយផ្តល់នូវប្រសិទ្ធភាពជាងគេ។
ថ្មីៗនេះមានការរកឃើញឱសថបំបាត់ការឈឺចាប់ថ្មីដែលជាប្រភេទ Opioid មានឥទ្ធិពលខ្លាំងក្លា ១ពាន់ដង បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ប្រភេទ Morphine និង ១០ដងខ្លាំងជាងប្រភេទ Fentanyl នេះបើយោងតាមការអនុម័តដោយ FDA (Food and Drug Administration)។ ឱសថបំបាត់ការឈឺចាប់ថ្មីនេះ ត្រូវបានគេហៅថា Dsuvia និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងច្បាប់យ៉ាងកំហិត និងក្រោមចំនួនកំណត់មួយដោយអាចផ្តល់ឲ្យតែនៅក្នុង មន្ទីរពេទ្យ មជ្ឈមណ្ឌលវះកាត់និង បន្ទប់សង្គ្រោះបន្ទាន់។
ស្នងការនៃ FDA លោក Scott Gottlieb បានបរិយាយថា ឱសថប្រភេទ Dsuvia ត្រូវប្រើប្រាស់ដោយស្ថិតនៅក្រោមការតាមដានដ៏តឹងរឹងច្បាស់លាស់ និងចាំបាច់។លោក Scott Gottlieb បានបន្តទៀតថា Dsuvia ពុំអនុញ្ញាតឲ្យដាក់លក់តាម ឱសថស្ថាន ឬ ប្រើបា្រស់តាមផ្ទះនោះទេ។ ប្រភេទឱសថនេះ ត្រូវបានផលិតឲ្យប្រើប្រាស់តែម្តង (Single Use) និងមិនអនុញ្ញាតឲ្យប្រើប្រាស់លើសពី ៧២ ម៉ោងឡើយ។ ចំណែកផលវិបាកនៃឱសថនេះអាចធ្វើឲ្យមាន ការបាក់កម្លាំងខ្លាំង មានបញ្ហាផ្លូវដង្ហើម សន្លប់ និង អាចបណ្តាលឲ្យស្លាប់បាន។ ជាក់ស្តែង ឱសថនេះត្រូវបានដាក់ឲ្យប្រើប្រាស់ចំពោះកងទ័ពដោយយកចិត្តទុកដាក់ ដែលជាការសម្រេចរបស់ FDA ក្នុងការផ្តល់ជូនសេវាពិសេសមួយសម្រាប់ការប្រយុទ្ធក្នុងសមរភូមិ។
នៅពីក្រោយប្រសិទ្ធភាពដ៏ប្រសើររបស់ Dsuvia ក៏នៅមានផលវិបាកជាច្រើនដែលពុំអាចជួយដល់អ្នកជំងឺធម្មតាបាន តែសង្ឃឹមថា អ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងរកឱសថបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំង និងពុំមានផលវិបាកផ្សេងៗ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ